អ្នកទាំងអស់គ្នាមានដឹងអត់ថា វិក្ក័យបត្រដែលយើងទិញអីវ៉ាន់រួចអាចមានប្រយោជន៍ជាច្រើនដល់យើង។ យើងតែងគិតថា ក្រដាសអស់ហ្នឹងទុកធ្វើអី នាំតែរញ៉េរញ៉ៃពេញផ្ទះ តែជាក់ស្ដែង វាមានអត្ថប្រយោជន៍ច្រើនដែលរួមមានដូចជា៖
១. អាចឱ្យអ្នកតាមដានការចាយវាយរបស់អ្នក
សម្រាប់អ្នកតែងតែឧស្សាហ៍រអ៊ូថា មិនទាន់ចុងខែ បាត់លុយអស់រលីង ចាយច្រើនមុខពេក ភ្លេចថាចាយលើអីខ្លះ។ ដើម្បីចៀសវាងរឿងបាត់លុយឥតមូលហេតុ អ្នកគួររក្សាក្រដាសវិក្ក័យបត្ររបស់អ្នក ដើម្បីតាមដានពីការចាយវាយ។ ការរក្សាទុកវិក្ក័យបត្រអាចឲ្យអ្នកដឹងពីចំណាយប្រចាំសប្តាហ៍ និងប្រចាំខែដែលអ្នកបានចាយ ហើយវាក៏ជួយក្រើនរម្លឹក ឬហាមចិត្តអ្នកកុំឱ្យចាយច្រើនបានថែមទៀតផង។
២. រក្សាទុកសម្រាប់ការធានាលើផលិតផល
ប្រសិនបើអ្នកទិញផលិតផលណាមួយជាមួយនឹងការធានាត្រឹមត្រូវ អ្នកគួរតែរក្សាទុកវិក័្កយបត្រ នោះព្រោះវាអាចមានប្រយោជន៍សម្រាប់អ្នក នៅពេលអ្នកត្រូវការវាដើម្បីទាមទារការធានា ករណីផលិតផលខូច បាក់បែកមុនកាលកំណត់ធានាជាដើម។ អ្នកគួររក្សាទុកវាក្នុងសៀវភៅកត់ត្រាចំណូលចំណាយដើម្បីងាយស្រួលក្នុងការតាមដានវា។
៣. ទុកសម្រាប់ប្តូរជាលុយវិញពេលមានបញ្ហា
ប្រសិនបើពេលទិញអីវ៉ាន់ហើយអ្នកអាចដូរអីវ៉ាន់នោះពេលមានបញ្ហា ដ្បិតថា ផលិតផលមួយចំនួន យើងអាចដោះដូរវិញបានក្នុងកាលរយៈកំណត់ដែលបានបញ្ជាក់លើវិក្ក័យបត្រ។ អញ្ចឹង! យល់ល្អអ្នកគួរតែរក្សាវិក័្កយបត្រនោះឲ្យបានល្អដើម្បីងាយស្រួលសម្រាប់ទុកប្តូរជាលុយ ឬជារបស់របរវិញពេលមានបញ្ហា។
៤. ប្រាក់សំណង
ប្រសិនបើអ្នកជាបុគ្គលិកក្នុងក្រុមហ៊ុន ស្ថាប័ន ឬអង្គភាពណាមួយនោះ ជានិច្ចជាកាលបើអ្នកតម្រូវឱ្យទិញសម្ភារៈដាក់ក្នុងក្រុមហ៊ុន អ្នកមុខជាចេញលុយហោប៉ាវខ្លួនសិន។ បន្ទាប់មក ទើបអាចស្នើសុំ(claim)លុយនោះត្រឡប់មកវិញបាន តាមរយៈវិក្ក័យបត្រជាភស្តុតាង។
ដូច្នេះ បន្ទាប់ពីទិញទំនិញរួច អ្នកគួរតែយកទុកវិក័្កយបត្រឬបង្កាន់ដៃ ចៀសជាងមិនយកវា ឬ យកវាទៅបោះចោល ព្រោះវិក័្កយបត្រទាំងនោះអាចនឹងជួយដោះស្រាយបញ្ហាដល់អ្នកវិញនៅពេលចាំបាច់ណាមួយ៕
ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: វីធីគ្រប់គ្រងចំណូលចំណាយប្រចាំថ្ងៃ