អាយុកាន់តែច្រើន ចេះបែកគំនិតគិតចង់បានផ្ទះផ្ទាល់ខ្លួនមួយនឹងគេ.. ហើយក៏គិតដល់ថា បើទិញផ្ទះគេសង់រួចស្រាប់ក្រែងវាស្រួលចិត្ត តែបើសង់ថ្មីក្រែងបានបំពេញតាមបេះដូង គួរធ្វើយ៉ាងណា??
ក្នុងអត្ថបទនេះ ផ្ទះសង់រួចសំដៅដល់ផ្ទះដែលសាងសង់រួចហើយនិងអាចចូលទៅនៅបានតែម្ដងដូចជាផ្ទះល្វែងឬផ្ទះក្នុងបុរីជាដើម។ ចំណែកឯផ្ទះសង់ថ្មីសំដៅដល់លំនៅដ្ឋានសាងសង់ថ្មីស្រឡាងដែលម្ចាស់ផ្ទះអាច ជ្រើសរើសការរចនាម៉ូដ សម្ភារៈសំណង់ព្រមទាំងអ្នកសាងសង់ដោយខ្លួនឯង។ ជាធម្មតា មុនសម្រេចចិត្តទិញអ្វីមួយយើងតែងចង់គិតពិចារណាអោយបានគ្រប់ជ្រុងជ្រោយ ដើម្បីជៀសវាងការខាតបង់ឬការខកចិត្តត្រង់ចំណុចណាមួយនៅថ្ងៃអនាគត។ ដូច្នេះ រវាងផ្ទះសង់ថ្មី និងផ្ទះសង់រួច តើមានភាពខុសគ្នាដូចម្ដេចខ្លះ?
តម្លៃ និងប្រាក់កាស
ផ្ទះសង់រួច :
អ្នកទិញមានជម្រើសច្រើន ព្រោះតម្លៃរបស់ផ្ទះសង់រួចអាចមានតម្លៃចាប់ពី ៤មុឺនដុល្លារ(មួយល្វែង)រហូតដល់រាប់រយមុឺនដុល្លារអាស្រ័យតាមប្រភេទផ្ទះ ប្រភេទគម្រោង និងទីតាំង។ រីឯតម្លៃលក់នេះក៏ត្រូវបានបូកបញ្ចូលទាំងតម្លៃដី និងតម្លៃបរិក្ខារតូចៗផ្សេងទៀតដូចជា អំពូលភ្លើង ឡាបូលាងដៃ ចានបង្គន់ -ល- ដែលដាក់រួចជាស្រេច។ ម្យ៉ាង រាល់សម្ភារៈសំណង់ក៏ត្រូវបានទិញក្នុងតម្លៃដុំ ឬក្នុងតម្លៃចរចារពិសេសណាមួយដោយម្ចាស់គម្រោង (ឬបុរី)។
ផ្ទះសង់ខ្លួនឯង :
ខុសពីផ្ទះសង់រួចក្នុងគម្រោង អ្នកចង់សង់ផ្ទះថ្មីខ្លួនឯងត្រូវបូកបញ្ចូលទាំងថ្លៃទីតាំង(ដី)បន្ថែមពីលើការចំណាយលើសម្ភារៈ និងបរិក្ខារផ្សេងៗទៀតទៅក្នុងចំណាយសរុប។ តែយ៉ាងណាមិញ ការជាវសម្ភារៈ និងបរិក្ខារផ្ទះក្នុងចំនួនតិចតួចអាចនឹងមិនបានក្នុងតម្លៃពិសេសដូចករណីទិញយកទៅប្រើប្រាស់ក្នុងគម្រោងសាងសង់ធំៗឡើយ។ លុះត្រាណាតែអ្នកមានដីជាម្ចាស់កម្មសិទ្ធរបស់ខ្លួនស្រាប់ ទើបអាចជួយសម្រួលបន្ទុកចំណាយត្រូវរ៉ាប់រងសរុបពេលសាងសង់ផ្ទះថ្មីនេះ។
ទីតាំង
ផ្ទះសង់រួច :
ច្រើនមានទីតាំងស្ថិតនៅឯជាយក្រុងឬក្នុងតំបន់កំពុងអភិវឌ្ឍថ្មី។ មានន័យថាគម្រោងលំនៅដ្ឋានមួយចំនួនហាក់នៅឆ្ងាយពីទីតាំងសំខាន់ៗដូចជាផ្សារទំនើប ធនាគារ ឬមន្ទីរពេទ្យជាដើម។ បើសិនជាផ្ទះយើងនៅឆ្ងាយពីទីប្រជុំជននោះយើងនឹងត្រូវចំណាយពេលលើការធ្វើដំណើរទៅវិញទៅមក។ រីឯកត្តាសន្តិសុខក៏ជាចំណុចដែលគួរផ្ដោតការពិចារណាបន្ថែមទៅលើដែរ ដ្បិតថាទីតាំងនៅតំបន់ឆ្ងាយឬមិនទាន់អភិវឌ្ឍពេញលេញអាចមិនទាន់ធានាបាននូវសន្តិសុខរឹងប៉ឹងនៅឡើយ។
ផ្ទះសង់ខ្លួនឯង :
ឧបសគ្គធំចម្បងក្នុងការសាងសង់ផ្ទះថ្មីខ្លួនឯងគឺការសម្រេចលើទីតាំង ដ្បិតថាការស្វែងរកទីតាំងល្អនៅកណ្ដាលក្រុងឬទីប្រជុំជនក្នុងក្រុងភ្នំពេញមិន ងាយស្រួលទេ រីឯតម្លៃក៏ខ្ពស់ទៀតលើកលែងតែអ្នកមានទីតាំងស្រាប់ហើយ ចង់សាងសង់ទីលំនៅថ្មីនៅលើដីចាស់ស្រាប់របស់ខ្លួន។ ម្យ៉ាងវិញទៀត ស្របពេលដែលតម្លៃដីក្នុងក្រុងមានការកើនឡើងជាបន្តបន្ទាប់ទីតាំងមួយចំនួនបានប្រែក្លាយជាការិយាល័យឬអាគារពាណិជ្ជកម្មធំៗធ្វើឱ្យការរស់នៅក្នុងទីប្រជុំជនបែបនេះហាក់មានភាពមមាញឹក កកស្ទះ និងស្មុគស្មាញជាច្រើន។
ការរចនាម៉ូត
ផ្ទះសង់រួច:
ផ្ទះល្វែងឬផ្ទះក្នុងបុរីច្រើនតែមានម៉ូដដូចៗគ្នា ហេតុនេះអ្នកមិនអាចជ្រើសរើសម៉ូដទៅតាមចិត្តនោះទេអាចត្រឹមតែជួសជុលកែលម្អបន្ថែមបន្តិចបន្តួចតែប៉ុណ្ណោះ។ បើក្នុងករណីមានបំណងចង់កែកុនម៉ូដខាងក្រៅផ្ទះវិញ អ្នកប្រហែលត្រូវពិភាក្សា ឬសុំការអនុញ្ញាតពីម្ចាស់គម្រោង ឬម្ចាស់បុរីជាមុនសិន។
ផ្ទះសង់ខ្លួនឯង :
ម្ចាស់ផ្ទះមានសេរីភាពពេញលេញក្នុងការរចនាទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួនរាប់ចាប់តាំងពីសម្ភារៈសំណង់ ពណ៌ និងគ្រឿងបង្គុំផ្សេងទៀត។ ប៉ុន្តែម្ចាស់ផ្ទះក៏គួរប្រឹក្សាជាមួយអ្នកជំនាញដូចជាស្ថាបត្យករ ឬអ្នករចនាផ្នែកខាងក្នុងផ្ទះ -ល- ដើម្បីបានជាយោបល់និងដំណោះស្រាយប្រកបដោយវិជ្ជាជីវៈ ព្រមទាំងគម្រោងសាងសង់ដែលសមស្របទៅតាមស្តង់ដារស្ថាបត្យកម្មត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ ការទទួលបានការប្រឹក្សានិងរៀបចំគម្រោងត្រឹមត្រូវអាចបញ្ចៀសកំហុសឆ្គង ចន្លោះប្រហោង ឬការស្ដាយក្រោយណាមួយថ្ងៃក្រោយ។
គុណភាពសំណង់
ផ្ទះសង់រួច :
បច្ចេកទេសសាងសង់មានការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ បានន័យថាគុណភាពផ្ទះក្នុងគម្រោងធំៗមួយចំនួនក៏អាចធានាបាននូវ គុណភាពល្អប្រសើរទៅតាមបច្ចេកទេសដែរ ដ្បិតថាគម្រោងធំៗរមែងមាន ស្ថាបត្យករ វិស្វករនិងអ្នកម៉ៅការសាងសង់ជំនាញនិងមានការទទួលស្គាល់ច្បាស់លាស់។
បន្ថែមពីនេះគម្រោងសាងសង់ធំៗតែងត្រូវឆ្លងកាត់ច្រើនដំណាក់កាល រាប់ចាប់ពីការគូរប្លង់ការត្រួតពិនិត្យប្លង់ទៅតាមច្បាប់ដោយក្រសួង មុននឹងអាចបើកការដ្ឋានសាងសង់បានហើយក៏នៅមានការត្រួតពិនិត្យលើគុណភាពសំណង់ជាបន្តបន្ទាប់ទៀត កំឡុងពេលនិងក្រោយពេលសាងសង់ហើយដោយអ្នកមានសមត្ថកិច្ច។
ផ្ទះសង់ខ្លួនឯង :
ម្ចាស់ផ្ទះនឹងមានបន្ទុកច្រើនដូចជាស្វែងរកអ្នករចនាម៉ូដ ស្ថាបត្យករ វិស្វករ និងអ្នកជំនាញសាងសង់ដោយខ្លួនឯង រួមទាំងត្រូវមើលការខុសត្រូវបន្ថែមសឹងតែគ្រប់ដំណាក់កាលដើម្បីធានាបានគ្រប់ច្រកល្ហកនូវគុណភាពផ្ទះដែលខ្លួនពេញចិត្តនិងមានទំនុកចិត្តលើ។ ក្នុងករណីថាអ្នកមិនមានពេលគ្រប់គ្រាន់ ឬគ្មានបទពិសោធន៍មើលខុសត្រូវការសាងសង់ទេនោះ អ្នកអាចនឹងត្រូវស្វែងរកមេការម្នាក់ដែលអ្នកអាចទុកចិត្តបានដើម្បីធានាលើគុណភាពការសាងសង់អោយត្រូវតាមស្តង់ដារ។
ចុចទីនេះស្វែងយល់បន្ថែម: មុនសង់ផ្ទះគួរគិតលើចំនុចទាំងនេះ
ភាពងាយស្រួល
ផ្ទះសង់រួច:
អ្នកទិញផ្ទះសង់រួចមានជម្រើសច្រើនស្រេចពេញចិត្តឬមិនពេញចិត្ត អាចសម្រេចបានបន្ទាប់ពីមើលសំណង់រួចដោយផ្ទាល់ភ្នែក។ លើសពីនេះ ផ្ទះសង់រួចគឺជាជម្រើសល្អមួយសម្រាប់អ្នកដែលមានគម្រោងចូលនៅឆាប់ៗ រួមទាំងមានជម្រើសនៃការបង់ប្រាក់ផងដែរ។ តួយ៉ាង គម្រោងលំនៅដ្ឋានមួយចំនួនសព្វថ្ងៃមានផ្ដល់ជម្រើសសេវាបង់រំលស់ដែលជួយសម្រួលដល់អ្នកមានបំណងចង់ទិញផ្ទះ ជាពិសេសអ្នកមានជីវភាពមធ្យមក៏អាចសម្រេចក្តីស្រមៃមានផ្ទះមួយផ្ទាល់ខ្លួនទៅតាមលទ្ធភាពរបស់ពួកគេបានដែរ៕
ផ្ទះសង់ខ្លួនឯង :
ធម្មតាទេ ការទិញផ្ទះសង់រួចស្រេចច្បាស់ជាមានភាពងាយស្រួលជាងផ្ទះសង់ថ្មីខ្លួនឯងហើយ ដ្បិតថាអ្នកមិនចាំបាច់ត្រូវស្មុគស្មាញចំណាយពេលមើលការខុសត្រូវដូចការសាងសង់ផ្ទះថ្មីដោយខ្លួនឯង។ ផ្ទះជាកន្លែងសម្រាប់រស់នៅយូរអង្វែង។ ដូច្នេះការមានផ្ទះមួយសាងសង់ទៅតាមការនិយមចូលចិត្តរបស់ខ្លួន ប្រៀបដូចជាការផ្ដល់តម្លៃ និងសេចក្តីសុខផ្លូវចិត្តសម្រាប់ខ្លួនឯងរាប់ឆ្នាំដែរ ទោះបីអ្នកអាចនឹងជួបការស្មុគស្មាញមួយចំនួនក្នុងពេលសាងសង់ក៏ដោយ៕
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។