អ្នកស្រឡាញ់មើលចិត្តគ្នាយូរឆ្នាំហើយ រហូតដល់ពេញចិត្តពេញថ្លើមគ្នាទៅវិញទៅមក ក៏ទទួលបានការយល់ព្រមពី ឪពុកម្ដាយទាំងសងខាង អ្នកមានសេចក្ដីសុខណាស់ ដូចក្នុងរឿងនិទានអ៊ីចឹង “Happily ever after”។ ពិតជាលែង មានអ្វីត្រូវខ្វល់ខ្វាយទៀតហើយមែនទេ? នៅទេ!
តើអ្នកបានសម្រេចចិត្តហើយនៅ ថារៀបការហើយ បន្តរស់នៅជាមួយឪពុកម្ដាយ ឬផ្លាស់ទីលំនៅថ្មីតែ ពីរនាក់ Honey? ដើម្បីសម្រេចចិត្តបាន យើងមានកត្តាពីរដែលយើងត្រូវពិចារណាដើម្បីសម្រេចចិត្ត គឺកត្តាវប្បធម៌ និងកត្តាហិរញ្ញវត្ថុ។
បន្តរស់នៅជាមួយឪពុកម្ដាយ
ចំណុចល្អ
• យើងអាចបម្រើមើលថែគាត់ ពេលគាត់មិនស្រួលខ្លួនយប់ព្រលប់ ព្រោះពេលដែលឪពុកម្ដាយមានវ័យកាន់តែចាស់ សុខភាពរបស់គាត់មិនរឹងមាំដូចពេលគាត់នៅក្មេងនោះទេ
• យើងអាចបន្តពិគ្រោះយោបល់ជាមួយគាត់ ទទួលបានកម្លាំងចិត្ត និងភាពកក់ក្ដៅពេលយើងជួបបញ្ហាផ្សេងៗ
• ចំពោះអ្នកជាភរិយា ពេលមានកូនតូចដំបូង អ្នកត្រូវការកម្លាំងចិត្ត ការណែនាំ និងការជួយមើលថែពីម្ដាយ
• មានឱកាសបង្កើតចំណងទំនាក់ទំនងជិតស្និទ្ធរវាងឪពុកម្ដាយក្មេក និងកូនប្រសារច្រើនជាងការនៅផ្ទះផ្សេងគ្នា
• អាចជួយកាត់បន្ថយភាពចាំបាច់ត្រូវបង្កើតបំណុលថ្មីច្រើនលើសតម្រូវការ ឬអាចផ្ដោតលើការបង់សងបំណុល (ឧទាហរណ៍៖ បំណុលបង់រំលស់ផ្ទះ) ដោយមិនត្រូវចំណាយបន្ថែមលើការផ្លាស់ទីលំនៅថ្មី
• ដោយមិនមានបន្ទុកចំណាយធំៗពីការផ្លាស់ទីលំនៅថ្មី អ្នកអាចផ្តោតគោលដៅបានកាន់តែប្រសើរលើប្រាក់សន្សំ សងបំណុលឱ្យឆាប់អស់ ឬអាចចាប់ផ្ដើមវិនិយោគ។
ការលំបាក
• ពេលនៅជាមួយឪពុកម្ដាយ អ្នកអាចមិនមានអារម្មណ៍ឯករាជ្យ និងមិនមានអារម្មណ៍ថាមានសេរីភាពនោះទេ
• អ្នកមិនមានអារម្មណ៍ថាជាមេគ្រួសារនោះទេ ព្រោះសិទ្ធិសម្រេចផ្សេងៗអាចស្ថិតនៅលើឪពុកម្ដាយនៅឡើយ
• អ្នកអាចមានអារម្មណ៍ទើសទាល់ដោយសារការរអ៊ូរទាំ ឬការឃុំគ្រងរបស់ឪពុកម្ដាយ
ការផ្លាស់ទីលំនៅទៅរស់នៅតែពីរនាក់គូស្វាមីភរិយាថ្មី
ចំណុចល្អ
• អ្នកអាចរីករាយនឹងការរស់នៅបែបឯករាជ្យ និងមានសេរីភាពក្នុងជីវភាពរស់នៅរបស់អ្នកដោយមិនស្ថិតក្រោមការឃុំគ្រង និងរអ៊ូរទាំរបស់ឪពុកម្ដាយដូចពីមុន
• អ្នកចាប់ផ្ដើមរៀនសូត្ររឹងមាំប្រឈមមុខនឹងការរស់នៅដោយខ្លួនឯងក្នុងនាមជាមេគ្រួសារ
• អ្នកអាចរីករាយនឹងអារម្មណ៍ផ្អែមល្ហែមបែបគូស្រករថ្មោងថ្មី
• អ្នកអាចនឹងចាប់ផ្ដើមកសាងទ្រព្យសម្បត្តិរួមគ្នាតែពីរនាក់
ការលំបាក
• មិនមានអ្នកនៅក្បែរឪពុកម្ដាយរបស់អ្នកពេលគាត់មិនស្រួលខ្លួន លើកលែងតែមានបងប្អូនបង្កើត របស់អ្នកផ្សេងទៀតរស់នៅជាមួយគាត់
• អ្នកមិនអាចនៅជិតស្និទ្ធស្នាល និងពិគ្រោះយោបល់ជាមួយគាត់បានញឹកញាប់ដូចពីមុន
• អ្នកត្រូវចាយលើចំណាយធំៗថ្មីៗច្រើនពេលប្ដូរទីលំនៅ ទាំងទៅលើការបំពាក់សង្ហារឹមក្នុងផ្ទះថ្មី និងថ្លៃផ្ទះ (ករណីអ្នកជួល)
• ការទទួលខុសត្រូវកិច្ចការក្នុងផ្ទះទាំងស្រុងនៅពេលនេះត្រូវក្លាយជាទំនួលខុសត្រូវរបស់អ្នកទាំងពីរហើយ
បើបន្តរស់នៅជាមួយឪពុកម្ដាយ អ្នកក៏បាននៅបម្រើមើលថែគាត់ អាចសន្សំសំចៃបានច្រើនពីចំណាយធំៗពេលផ្លាស់ទីលំនៅ ប៉ុន្តែក៏មានការលំបាកខ្លះដែរ ពាក់ព័ន្ធនឹងសេរីភាព។ ផ្ទុយទៅវិញ ការរស់នៅតែពីរនាក់ អាចផ្ដល់អារម្មណ៍ឯករាជ្យ សេរីភាព រ៉ូមែនតិក ប៉ុន្តែក៏ត្រូវមានទំនួលខុសត្រូវ រ៉ាប់រងដោយខ្លួនឯង ខុសពីពេលនៅជាមួយឪពុកម្ដាយ។
ការសម្រេចចិត្តគឺអាស្រ័យលើស្ថានភាពជាក់ស្ដែងរបស់អ្នក ប្រសិនបើអ្នកមិនមានបងប្អូនបង្កើតដែលរស់នៅជាមួយ និងមើលថែឪពុកម្ដាយទេនោះ ពួកគាត់ត្រូវការអ្នកនៅក្បែរជាចាំបាច់។ ប៉ុន្តែបើអ្នកមានបងប្អូនដែលអាចនៅជាមួយ និងមើលថែឪពុកម្ដាយបាន ហើយអ្នកថែមទាំងមានលទ្ធភាពផ្នែកហិរញ្ញវត្ថុទៀតនោះ អ្នកអាចពិចារណាជម្រើសរស់នៅបែបរ៉ូមែនទិចតែ ពីរនាក់បាន។
ចុះអ្នកទាំងអស់គ្នាវិញ គិតយ៉ាងណាដែរ?