ហាងកាហ្វេបច្ចុប្បន្នរីកដូចផ្សិតគ្រប់ទីកន្លែងមិនថានៅភ្នំពេញ ឬនៅតាមបណ្តាខេត្ត។ ដល់ឃើញអ៊ីចឹង ដូចអត់ចង់ហ៊ានបើក ខ្លាចបើកមិនបានប៉ុន្មានផង ត្រូវបិទទ្វារវិញ។ ប៉ុន្តែមានឆ្ងល់អត់ ម៉េចបានមនុស្សជាច្រើននៅតែបើកអាជីវកម្មមួយនេះ?
តោះមកមើលថា ហេតុអ្វីទីផ្សារហាងកាហ្វេនៅតែមានទោះបីមានអ្នកបើកច្រើនក៏ដោយ។
1 អ្នកណាៗក៏ផឹកកាហ្វេ
ក្នុងមួយថ្ងៃៗ ហាងកាហ្វេខ្នាតតូចអាចលក់កាហ្វេបានចន្លោះពី២០០ ទៅ៣០០កែវ ឯហាងកាហ្វេខ្នាតធំអាចលក់លើសពី៧០០កែវ។ មិនថាក្មេងឬចាស់ កាហ្វេក្លាយជាភេសជ្ជ:ដែលទទួលបានប្រជាប្រិយភាពកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងជាភេសជ្ជៈកំពុងពេញនិយមស្ទើគ្រប់ទីកន្លែង។ ទោះបីឥឡូវហាងកាហ្វេមានច្រើនក៏ដោយ កាហ្វេនៅតែមានតម្រូវការខ្ពស់ដល់សព្វថ្ងៃ បានន័យថាទីផ្សារមួយនេះបន្តដើរទៅមុខរហូត ដូច្នេះតម្រូវការកាហ្វេជាភេសជ្ជៈ និងហាងកាហ្វេថ្មីៗនៅតែមាន។
2 ភ្ញៀវចង់សាកអ្វីៗថ្មីៗជានិច្ច
ភ្ញៀវមិនចេះខ្វះទេ តែអ្វីដែលពួកគាត់ក៏ចង់បានគឺការមកទទួលយកបទពិសោធន៍ថ្មីៗ ហាងកាហ្វេស្អាត ការតុបតែងទាក់ភ្នែកទាក់អារម្មណ៍ មានកន្លែងថតរូបស្អាតជាដើម។ អ្នកអាចរៀបចំហាងកាហ្វេឲ្យមានភាពលេចធ្លោដោយការតុបតែងរចនាបទក្នុង និងក្រៅហាងឲ្យស្រស់ស្អាត។ បន្លែមនូវការពេញនិយម មានបញ្ចុះតម្លៃ និងផ្ដល់ជម្រើសពិសេសៗ នោះអតិថិជនប្រាកដជាចង់សាកល្បងជាមិនខាន។ ប៉ុន្តែចំណុចដែលភ្ញៀវមិនអាចមើលរំលងនោះ រសជាតិកាហ្វេដែលឆ្ងាញ់ហើយត្រូវចិត្ត។
3 ទម្លាប់ និងចំណង់ចំណូលចិត្ត
មានមនុស្សច្រើនដែលខ្វះកាហ្វេមិនបាន ហើយមួយថ្ងៃៗភ្ញៀវខ្លះត្រូវការផឹកកាហ្វេដល់ទៅពីរទៅបីកែវឯណោះ។ ទម្លាប់ផឹកកាហ្វេមិនងាយផ្តាច់បានដោយសារចំណង់ចំណូលចិត្តផ្ទាល់ ហើយជួយជម្រុញផលិតផលការងារ និងមិនធ្វើឲ្យងងុយក្នុងម៉ោងការងាររបស់ពួកគាត់។
4 សំខាន់លើរសជាតិ
កាហ្វេឆ្ងាញ់ រសជាតិដិតជាប់មាត់ ជាប់ចិត្តប្រៀបដូចជានិមិត្តសញ្ញាសំខាន់មួយដែលធ្វើឲ្យហាងមានលក្ខណៈពិសេសខុសប្លែកដាច់ពីគេ។ បើកាហ្វេមានរសជាតិឆ្ងាញ់ ថ្វីដៃឆុងបានល្អ ហើយរសជាតិឆ្ងាញ់ប្លែកគេ ភ្ញៀវនឹងមករកហាងរបស់អ្នកញឹកញាប់ជាមិនខាន។ ដូច្នេះហើយ អ្នកត្រូវរើសគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ គ្រឿងផ្សំល្អៗ ម៉ាសុីនឆុងគ្រប់គ្រាន់ និងក្បួនឆុងពិសេសផងដែរ។
5 បរិយាកាសនៅហាងកាហ្វេជួយឲ្យអារម្មណ៍ស្រស់ស្រាយ
ភ្ញៀវខ្លះមកផឹកនៅហាងផ្ទាល់គឺដោយសារហាងកាហ្វេផ្តល់នូវបរិយាកាសពិសេសប្លែកដែលភាគច្រើនជាកន្លែងលំហែអារម្មណ៍ ការជួបជុំផ្សេងៗ ឬសម្រាប់អង្គុយធ្វើការ។ កន្លែងអង្គុយស្អាត ធំទូលាយ និងផ្តល់នូវអារម្មណ៍ល្អ ស្រស់ស្រាយ ក៏ជួយដល់ការលក់ដែរ ដូច្នេះយើងមិនបាច់បារម្ភថាគ្មានម៉ូយចូលហាងនោះទេ។
ដ្បិតថាហាងកាហ្វេបន្តបើកកុះករ តែសំខាន់ម្ចាស់ហាងត្រូវបង្កើតចំណុចទាក់ទាញ និងខុសពីគេដល់ហាងរបស់ខ្លួន។ កាហ្វេឆ្ងាញ់ ហាងកាហ្វេស្អាត មិនខ្វះទេម៉ូយៗប្រចាំហាង ដូច្នេះសម្រាប់អ្នកមានបំណងចង់បើកហាងកាហ្វេ មិនគួរណាព្រួយបារម្ភខ្លាំងពីចំនួនហាងដែលគេបើកហើយនោះទេ៕
*មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ GBS – Gourmet Beverage Solutions
© 2022 – 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន