ពេលសម្រេចបានគោលដៅណាមួយក្នុងជីវិត មិនថាប្រលងជាប់បានលេខ១ ទទួលបានការងារនៅក្រុមហ៊ុនដ៏ល្បី បានឡើងដំណែង បានឡានថ្មី ផ្ទះថ្មី ដៃកាន់លុយគីបៗ។ល។ បើបានផុសបន្តិច ដាក់ស្តរីមួយប៉ក់ ឱ្យពិភពលោកបានឃើញ អារម្មណ៍បែបរសាត់អណ្ដែត ហោះហើររំភើយលើវេហាបន្តិច។ គិតថា មួយជីវិតងាយឯណា ទម្រាំមានបានម្ដងនឹងគេ។ ប៉ុន្តែតើយើងពិតជាត្រូវចែករំលែករាល់រឿងរ៉ាវជោគជ័យរបស់យើងឱ្យពិភពលោកបានដឹងមែនទេ?
អាច! តែប្រហែលមិនគ្រប់រូបភាពទាំងអស់ទេ។ ហេតុអ្វីទៅ?
ការមានមោទនភាពលើភាពជោគជ័យឬសមិទ្ធផលសម្រេចបានរបស់ខ្លួនមិនមែនជាកំហុសឆ្គងនោះទេ។ តែប្រសិនបើយើងមិនបានគិតដល់ចំណុចមួយគឺគេអាចភាន់ច្រឡំថាយើងមានចេតនាអួតបង្ហាញឬមានមោទនភាពលើខ្លួនងពេកទៅវិញ ទោះបីវាពិតមិនមែនជាចេតនារបស់យើងក៏ដោយ។ បន្ថែមពីនេះ ខាងក្រោមជាហេតុផលមួយចំនួនទៀតគឺ៖
១. មនុស្សឱ្យនិយមន័យភាពជោគជ័យខុសៗគ្នា
មិនប្រាកដថា ទាល់តែផុសប្រាប់គេ ទើបការជោគជ័យ ឬសេចក្ដីសុខមួយនេះមានន័យនោះទេ ព្រោះអត្ថន័យនៃភាពជោគជ័យរបស់អ្នកមិនគួរអាស្រ័យលើការទទួលស្គាល់ពីមជ្ឈដ្ឋានខាងក្រៅឡើយ។ ដោយសារភាពជោគជ័យមានអត្ថន័យផ្សេងៗគ្នាទៅតាមមនុស្សម្នាក់ៗ អ្វីដែលសំខាន់គឺការពេញចិត្តចំពោះខ្លួនឯង។ ឱ្យតែយើងរីករាយចំពោះអ្វីដែលខ្លួនឯងសម្រេចបាន ឬត្រឹមបានមិត្តភក្ដិជិតស្និទ្ធិ ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ចូលរួមរីករាយជាមួយ គឺគ្រប់គ្រាន់ណាស់ទៅហើយ។
២. មិនប្រាកដថាគ្រប់ទស្សនិកជនសុទ្ធតែរីករាយនឹងឃើញភាពជោគជ័យរបស់យើងទេ
ជួនកាល ការបង្ហាញសមិទ្ធផលជ្រុលពេកអាចធ្វើឱ្យមហាជនយល់ថាវាជាអំនួត ជាការអួតបង្ហាញ មានមោទនភាពជ្រុល ហើយអាចប៉ះពាល់ដល់ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរបស់អ្នកទៀតផង។ ធ្លាប់ឮគេពោលទេថា “គ្មាននរណាចង់ឱ្យយើងល្អជាងគេឡើយ។” ហេតុនេះហើយ ការអួតបង្ហាញភាពជោគជ័យ ឬទ្រព្យសម្បត្តិខុសទំនង ហើយបើឃើញដល់បុគ្គលដែលមានគំនិតឬការប៉ុនប៉ងអវិជ្ជមានលើអ្នក វាអាចនឹងនាំនូវភាពច្រណែនឈ្នានីសឬការយារយីចំពោះអ្នកទៅវិញ។
ចុចទីនេះដើម្បីស្វែងយល់បន្ថែម: ចូលរួមវគ្គជោគជ័យអ្នកនឹងក្លាយជាបុគ្គលជោគជ័យដែរឬទេ?
៣. អាចធ្វើឱ្យខ្លួនឯងភ្លើតភ្លើនភ្លេចគោលដៅសំខាន់
ជីវិតរបស់យើងមិនមែនផ្ដោតតែលើសមិទ្ធផលមួយពីរប៉ុននោះទេ ព្រោះនៅមានគោលដៅជាច្រើនបន្តបន្ទាប់ទៀតដែលត្រូវសម្រេច។ អារម្មណ៍ជោគជ័យក្នុងមួយប៉ប្រិចភ្នែកគឺកន្លងផុតទៅហើយ។ ជំនួសដោយការដើរប្រកូកប្រកាសឥតល្ហែ យើងគួរគប្បីបង្វែរការផ្ដោតអារម្មណ៍មកលើការសម្រេចគោលដៅបន្តបន្ទាប់ទៀតទើបប្រសើរ។
៤. អសុវត្ថិភាពចំពោះខ្លួនឯង
ការបង្ហាញភាពជោគជ័យ ឬជាពិសេស ការសម្រេចបានណាមួយផ្នែកហិរញ្ញវត្ថុ ដោយបង្ហោះបង្ហាញក្នុងបណ្ដាញសង្គមនូវរូបភាពលុយកាក់ ប្រាក់កាស គ្រឿងអលង្ការមាសពេជ្រធំៗ ឬ check-in ពេលនៅធនាគារ ឬទូរ ATM អាចប៉ះពាល់ដល់សុខសុវត្ថិភាពរបស់អ្នក។ លុះត្រាតែអ្នកប្រាកដថា friends នៅលើបណ្ដាញសង្គមរបស់អ្នកសុទ្ធសឹងតែជាមិត្តដែលអ្នកអាចទុកចិត្តបានពិតមែន។
ទោះយ៉ាងណា អត្ថបទនេះមិនបានមានន័យថាអ្នកដាច់ខាតត្រូវតែលាក់ទុកនូវរាល់សមិទ្ធផលជោគជ័យរបស់អ្នកឥតចន្លោះទេ។ មានពេលខ្លះដែលការបង្ហាញពីភាពជោគជ័យ ចំណុចខ្លាំង និងសមិទ្ធផលមួយចំនួនរបស់អ្នកទៅកាន់អ្នកផងបានដ្បិតវានាំតែផលវិជ្ជមានមកដល់អ្នកវិញ ដូចជាពេលជាប់បទសម្ភាសន៍ការងារ ពេលត្រូវបង្ហាញសមិទ្ធផលការងារជាដុំកំភួនទៅកាន់ថ្នាក់លើ ពេលចែករំលែកដំណឺងល្អណាមួយទៅកាន់មនុស្សជាទីស្រលាញ់ ក្រុមគ្រួសារ ឬមិត្តជិតស្និទ្ធដែលអ្នកអាចទុកចិត្តបានជាដើម។
ដើម្បីជាជំនួយ ខាងក្រោមនេះជាគំនិតមួយចំនួនដែលអ្នកអាចស្វែងយល់ដោយខ្លួនឯងបានថាពេលណាទើបការបង្ហាញពីជោគជ័យរបស់ខ្លួនស្ថិតនៅក្នុងកម្រិតសមស្របនិងមិនឈានហួសព្រំដែនចូលដល់ភាពអំនួតក្អេងក្អាង៖
- ផ្ដោតលើព័ត៌មានពិតចៀសជាងការលើកតម្កើងខ្លួនឯង
- ចៀសវាងការនិយាយបំផ្លើស
- បង្ហាញពីការប្រឹងប្រែង ដោយការបន្ទាបខ្លួន
- មិនអួតក្អេងក្អាង និងមិនធ្វើខ្លួនជាជនរងគ្រោះដើម្បីតែឱ្យគេអាណិត
- ផ្ដល់ credit ឱ្យម្ចាស់ស្នាដៃដើម (ក្រុមការងារ) ចៀសជាងការលេបយកកេរ្តិ៍ឈ្មោះតែម្នាក់ឯង ។ល៕
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។