“ខ្ចីតែប៉ុណ្ណឹងសោះ ដល់ថ្នាក់ធ្វើក្រដាសស្នាម?”
“សាច់ឯងសោះ ធ្វើមើលតែអ្នកដទៃ”
នៅពេលដែលយើងលើកយកមនោសញ្ចេតនាមកប្រឡូកប្រឡាក់ជាមួយលុយកាក់ ពេលខ្លះវានឹងស្ដារជារូបភាពចម្រូងចម្រាស់មួយ។ ជាពិសេសពេលស៊ីជម្រៅដល់ការខ្ចីលុយ រវាងមិត្តភក្ដិ និងបងប្អូន វាធ្វើឱ្យភាគីដែលឱ្យគេខ្ចីលុយ ពិបាកបែងចែករវាងទឹកប្រាក់ និងកត្តាមនោសញ្ចេតនាណាស់។
យោងតាមការស្ទង់មតិមួយធ្វើឡើងដោយ Bankrate.com កាលពីឆ្នាំ២០១៩៖ មនុស្សពេញវ័យ ៤៦% ដែលបានឱ្យមិត្តភក្ដិ ឬក្រុមគ្រួសារខ្ចីលុយ បានរាយការណ៍ថាទទួលបានលទ្ធផលមិនល្អ ឯ ៣៧% លើកឡើងថាប្រាក់នោះមិនត្រូវបានសងមកវិញ ហើយ ២១% ទៀតបែកបាក់មិត្តភាពដោយសារការខ្ចីលុយ។ តើយើងគួរបន្តឱ្យខ្ចីដោយយោងលើមិត្តភាព និងសាច់ឈាម ឬបញ្ឃប់ការឱ្យខ្ចីតែម្ដង ដើម្បីចៀសវាងបញ្ហានានា?
គេយល់ថា កម្ចីបែបនេះ វាងាយស្រួល មិនតឹងរឹងដូចទៅធនាគារ ឬចងការគេ។ ហេតុនេះហើយ ទើបបុគ្គលភាគច្រើនរមែងរត់រកបងប្អូន អ្នកស្គាល់គ្នា ឬពួកម៉ាកដើម្បីខ្ចីប្រាក់ទុកទិញផ្ទះ មើលជំងឺ ឬដោះទាល់មួយគ្រា។ល។ យ៉ាងណាក៏ដោយ យើងតួរណាស់តែចាត់ទុកកម្ចីរវាងមិត្តភក្ដិក្ដី បងប្អូនក្ដី ឱ្យស្រដៀងទៅនឹងការខ្ចីពីធនាគារដែរ ពោលគឺមានកុងត្រាច្បាស់លាស់។
វាអាចជារឿងលំបាក នៅពេលអ្នកត្រូវបញ្ចុះបញ្ចូលមិត្តភក្ដិ ឬគ្រួសារឱ្យចុះធ្វើកិច្ចសន្យា ប៉ុន្តែវាជាផ្លូវមួយដ៏ល្អបំផុតដើម្បីបែងចែកចំណែកព្រំដែនរវាងទំនាក់ទំនងផ្ទាល់ខ្លួន និងរឿងលុយកាក់ និងដើម្បីទទួលស្គាល់ថា បើទោះបីជាពួកគេស្គាល់អ្នក ជិតស្និទ្ធិនឹងអ្នករាប់ឆ្នាំក៏ដោយ យើងត្រូវការភាពប្រត្យក្សមួយ ថាអ្នកខ្ចីពិតជាគោរពតាមសន្យា តួយ៉ាងតាមរយៈការធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរជាដើម។ ហើយក្នុងកិច្ចសន្យានោះ អាចសរសេររ៉ាយរ៉ាប់ឱ្យលម្អិតអំពី (១). បរិមាណទឹកប្រាក់ដែលខ្ចី (២).ការប្រាក់ (ប្រសិនជាមាន) (៣). រយៈពេលខ្ចី (៤). លក្ខខណ្ឌក្នុងការបង់ (រម្លស់ ឬបង់សរុបនៅគ្រាណាមួយ) (៥). គោលបំណងនៃការខ្ចី (៦). នីតិវិធីនានា ពេលអ្នកខ្ចីគ្មានលទ្ធភាពសង ឬគេចវេសសងដោយចេតនា។ល។
កិច្ចសន្យានោះធ្វើឡើងដើម្បីអ្វី?
- បង្កើនទំនុកចិត្ត និងសុវត្ថិភាពលុយកាក់ដល់អ្នកឱ្យខ្ចី
- ការពារប្រយោជន៍រៀងៗខ្លួន ប្រសិនបើមានបញ្ហាអ្វីមួយ
- ធ្វើឱ្យអ្នកខ្ចី ជាមិត្តភក្ដិ ឬបងប្អូន ចាត់ទុកកម្ចីនោះជាកាតព្វកិច្ចត្រូវសងដោយចាំបាច់ ជាជាងអំណោយឥតសំណង។
តើវានឹងប៉ះពាល់ដល់ទំនាក់ទំនងរវាងគ្នាទេ?
អាចនិយាយបានថាពិបាកមើលមុខគ្នាបន្តិច ឬអ្នកខ្ចីបដិសេធ។ ប៉ុន្តែការខ្ចីហើយមិនសង ដោយគ្មានកិច្ចព្រមព្រៀង ជះផលប៉ះពាល់ជាងការធ្វើសន្យាទៅទៀត។ ដូច្នេះ យើងជាអ្នកខ្ចីគួរប្រកាន់កូនគំនិតថា លុយពិបាករកណាស់។ យើងក៏ត្រូវយកចិត្តគេមកដាក់ចិត្តខ្លួនឯងដែរថា អារម្មណ៍បាត់បង់លុយដែលខិតខំរក និងអារម្មណ៍ត្រូវបានមនុស្សដែលខ្លួនខំទុកចិត្តក្បត់ ឬភ្លេចសន្យា វារងសម្ពាធផ្លូវចិត្តប៉ុនណា។
ជាការពិត ការឱ្យលុយខ្ចីអាចនឹងបំផ្លាញទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្ដិអ្នក នៅពេលដែលពួកគេមិនមានលទ្ធភាពសង ឬមិនចង់សង។ យើងមិនអាចដាច់អហង្ការផ្ដាច់ខ្លួនពីរឿងលុយកាក់ជាមួយមិត្តភក្ដិ និងគ្រួសារពេលពួកគេត្រូវការជំនួយឡើយ ដ្បិតនៅមានមនោសញ្ចេតនាជាប់ជាចំណង ហេតុនេះអ្នកឱ្យខ្ចីត្រូវត្រៀមចិត្តទីមួយ ទីពីរមើលពីស្ថានភាពហិរញ្ញវត្ថុខ្លួនឯង និងលទ្ធភាពក្នុងការជួយ និងជាពិសេសពិចារណាលើកិច្ចសន្យាជាលាយលក្ខណ៍អក្សរនេះឯង។
បញ្ជាក់៖ អត្ថបទខាងលើនេះ មិនបានបញ្ជាក់លើចំនួនជាក់លាក់ណាមួយ ដែលត្រូវធ្វើកិច្ចសន្យាឡើយ។ ចំពោះចំនួនទឹកប្រាក់ខ្ចី ដែលសម្រេចថាគួរលេចវត្តមានកិច្ចសន្យាឬទេ គឺជាការកំណត់របស់ប្រិយមិត្ត៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន