ជីវិតគូផ្អែមល្ហែមយូរអង្វែង ត្រូវមានកត្តារួមផ្សំគ្នាច្រើន ទាំងក្ដីស្រលាញ់ ការយោគយល់ និងចេះអធ្យាស្រ័យចំពោះគ្នា ជាពិសេសរឿងហិរញ្ញវត្ថុក្នុងគ្រួសារ។
មានគ្រួសារមិនតិចទេដែលមានទំនាស់រឿងលុយកាក់ ដោយសារមិនបានពិភាក្សាគ្នាពីដំបូង ឬគិតថានឹងមិនមានបញ្ហាអីទេ ព្រោះស្រលាញ់គ្នាខ្លាំងស្ទើរលេប អ៊ីចឹងដឹងតែមិនដាច់ចិត្តទេ នឹងអត់ឱនឲ្យគ្នាច្រើនហើយ។ តែបញ្ហានេះបើលាក់ទុកយូរ មិនព្យាយាមរកដំណោះស្រាយលឿនទេ អាចបង្កឱ្យមានការឈ្លោះប្រកែកគ្នារហូតឈានដល់ការបែកបាក់គ្រួសារក៏ថាបាន។
ដើម្បីរក្សាទំនាក់ទំនងនិងសុភមង្គលក្នុងជីវិតគូឱ្យបានគង់វង្ស អ្នកទាំងពីរគប្បីយល់ច្បាស់ពីសារសំខាន់នៃហិរញ្ញវត្ថុក្នុងគ្រួសារ។ ប៉ុន្តែ តើយើងអាចដឹងថាជីវិតដៃគូរបស់យើងមិននឹងមានបញ្ហាហិរញ្ញវត្ថុដោយរបៀបណា?
១. មានស្ថិរភាពហិរញ្ញវត្ថុទាំងពីរនាក់
ស្ថិរភាពហិរញ្ញវត្ថុអាចផ្ដល់នូវសុវត្ថិភាពដល់ផ្លូវចិត្តអ្នកទាំងពីរនាក់ និងសេរីភាពក្នុងការរៀបចំជីវិតដៃគូជាមួយគ្នា។ ស្ថិរភាពហិរញ្ញវត្ថុរបស់ប្ដីប្រពន្ធមួយគូ គឺនៅពេលដែលពួកគេបានបង្កើតប្រភពប្រាក់ចំណូលដែលមានស្ថិរភាព ពួកគេអាចគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនបានល្អ និងកំណត់ទម្លាប់ចាយវាយបានត្រឹមត្រូវនិងទៀងទាត់។ នេះជាសញ្ញាមួយដែលបញ្ជាក់ថា មានភាគរយតិចដែលដែគូមួយគូនឹងមានបញ្ហាហិរញ្ញវត្ថុក្នុងជីវិតពួកគេ។
២. មិនជាប់បំណុលអាក្រក់
បំណុលអាក្រក់សំដៅលើបំណុលដែលអ្នកពុំមានលទ្ធភាពសង ដូចជាបំណុលដែលមានការប្រាក់ខ្ពស់ពេក ឬ បំណុលដែលខ្ចីមកទិញសម្ភារហ៊ឺហាដែលមិនមែនជាតម្រូវការចាំបាច់ ឬមិនសម្រាប់ការផ្គត់ផ្គង់ក្នុងគ្រួសារ។ នៅពេលជីវិតដៃគូរបស់អ្នកមិនជាប់បំណុលអាក្រក់ នោះអ្នកនឹងមិនមានការស្មុគស្មាញ ឈឺក្បាលរឿងដោះបំណុលអាក្រក់ ដែលអាចនាំមកនូវការទាស់គ្នានោះទេ។ ផ្ទុយទៅវិញ អ្នកអាចផ្ដោតទៅលើការសម្រេចផែនការ ឬគោលដៅហិរញ្ញវត្ថុរួមគ្នាបានឆាប់រហ័សវិញ។
៣. បើកចិត្តនិយាយគ្នាពីបញ្ហាលុយកាក់
ការនិយាយគ្នាដោយស្មោះត្រង់ ជាគោលការណ៍សំខាន់មួយក្នុងជីវិតគូ ជាពិសេសអំពីរឿងលុយកាក់នេះតែម្ដង។ នៅពេលដៃគូមានភាពស្មោះត្រង់នឹងគ្នា អាចនិយាយគ្នាដោយបើកចំហរពីរឿងលុយកាក់ ពួកគេអាចបង្កើតគម្រោង ឬផែនការហិរញ្ញវត្ថុដែលអាចសម្រេចបានរួមគ្នាសម្រាប់អនាគត និងអាចរកដំណោះស្រាយសម្រាប់បញ្ហាហិរញ្ញវត្ថុនានាជាមួួយគ្នា។ ដូច្នេះ ជីវិតដៃគូរបស់ពួកគេនឹងមិនងាយមានបញ្ហា ឬឈ្លោះទាស់ទែងគ្នាដោយសាររឿងលុយទេ។
ទាំង៣ចំណុចខាងលើនេះ ជាសញ្ញាវិជ្ជមានធំៗដែលបង្ហាញថាជីវិតគ្រួសារមួយនឹងមិនមានបញ្ហាហិរញ្ញវត្ថុ។ អេដមីនជឿថាគ្មានគ្រួសារណាដែលមានជីវិតដៃគូល្អឥតខ្ចោះនោះទេ តែសំខាន់ភាគីទាំងសងខាង មានការយោគយល់ខ្ពស់ចំពោះគ្នា រៀនសូត្រស្វែងយល់ពីគ្នាឲ្យបានច្រើន និងកាន់តែសំខាន់គឺ ការ និយាយ និងពិភាក្សាគ្នាដោយចំហរ ហើយព្រមព្រៀងរួមគ្នាក្នុងការប្រឈមនឹងបញ្ហានានា។
ចុះប្រិយមិត្តកាក់សេនទាំងអស់គ្នាគិតថាមានចំណុចណាផ្សេងទៀតដែលអាចចែករំលែកបានដល់អ្នកមានគូគួរយកជាមេរៀនសម្រាប់អនាគតរបស់ពួកគេឬទេ? comment ខាងក្រោមចែកគ្នាដឹងផងណា៎ ☺️
#Kakcent #កាក់សេន #couplelife #money #communication #financialstability #baddebt
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។