«តើខ្ញុំចាយលុយហួសព្រំដែនហើយមែនទេ ទើបមិនទាន់ដល់ចុងខែផង ខ្ញុំស្រាប់តែត្រឡប់មកឃ្លានមីកញ្ចប់?»
អ្នកមាន គេមានលុយកាក់ច្រើន ទោះខែខ្លះចាយលើសខ្វះតិចតួចក៏មិនថ្វី ប៉ុន្តែបើអ្នកមានប្រាក់ចំណូលមធ្យមនៅឡើយ ការចាយវាយលុយកាក់ម្ដងៗពិតជាសំខាន់ណាស់។ អញ្ចឹងហើយ គួរចាំបាច់តាមដានការចាយវាយខ្លួនឯង ចៀសវាសលើសព្រំដែន។ ចុះធ្វើយ៉ាងម៉េច ទើបដឹងថាយើងកំពុងចាយលុយលើស?
ខាងក្រោមនេះជាសញ្ញាមួយចំនួនដែលបង្ហាញថា យើងកំពុងហួសព្រំដែននៃចំណាយហើយ៖
សញ្ញាទី១
អ្នកយឺតយ៉ាវក្នុងការបង់ថ្លៃសេវាកម្ម ឬបំណុល៖ ធម្មតាបើយើងមានជាប់បំណុល ឬត្រូវបង់ថ្លៃសេវាកម្មណាមួយពេលដាច់ខែយើងច្បាស់ជាត្រៀមបែងចែករួចរាល់នូវកញ្ចប់ថវិកាសម្រាប់ចំណាយលើរឿងទាំងអស់នោះជាស្រេចហើយ។ ផ្ទុយទៅវិញ បើដល់ថ្ងៃបង់ហើយមិនមានប្រាក់គ្រប់សម្រាប់បង់ ឬមួយត្រូវពន្យាពេលបង់នោះ វាជាសញ្ញាមួយដែលបង្ហាញថាយើងបានចាយវាយលើសព្រំដែនហើយ ព្រោះដូចដែលបាននិយាយខាងដើមហើយថាយើងច្បាស់ជារៀបចំបែងចែកថវិកាសម្រាប់បង់មុនដល់ថ្ងៃបង់ទៅទៀត ចុះបើដល់ថ្ងៃហើយមិនមានលុយ តើលុយនេះទៅណា បើយើងមិនដកលុយចាយលើសទៅលើផ្នែកផ្សេងនោះ?
សញ្ញាទី២
អ្នកកំពុងត្រូវការ ឬកំពុងស្វែងរកជំនួយហិរញ្ញវត្ថុបន្ថែម៖ បើយើងកំពុងតែខ្វះលុយសម្រាប់ចំណាយ ឬយើងកំពុងតែស្វែងរកខ្ចីលុយពី បងប្អូន មិត្តភក្តិ ឬអ្នកស្គាល់គ្នាណាម្នាក់ យើងច្បាស់ជាកំពុងជួបបញ្ហាហិរញ្ញវត្ថុមួយចំនួនហើយ ក្នុងនោះវាក៏បណ្ដាលមកពីការចាយវាយលុយកាក់លើសពីអ្វីដែលយើងមានផងដែរ។ ក្នុងស្ថានភាពបែបនេះមិនមែនមានតែការខ្វីពីអ្នកស្គាល់គ្នាប៉ុណ្ណោះទេ យើងក៏អាចឈានដល់ខ្ចីប្រាក់ពីភ្នាក់ងារឥណទានផ្សេងៗទៀតផងដែរ បើទោះបីជាខ្ចីបានក្នុងរយៈពេលខ្លី និងមានអត្រាការប្រាក់ខ្ពស់ក៏ដោយ ក៏យើងនូវតែព្យាយាមខ្ចីយកមកប្រើដែរ ដ្បិតអីយើងកំពុងត្រូវការលុយដើម្បីដោះស្រាយចំណាយចាំបាច់។
សញ្ញាទី៣
ចំណាយរបស់អ្នក កំពុងលើសពីចំណូលដែលអ្នកទទួលបាន៖ ពេលដល់ចុងខែបើកមើលបញ្ជី ភ្ងាក់ខ្លួនព្រឺតតែម្ដង ព្រោះថាសរុបទៅប្រាក់ដែលខំធ្វើការពេញមួយខែនេះមិនមានបានអ្វីលើសពីសម្រាប់ការចាយវាយសោះ និយាយារួមបានមួយគ្រប់តែម្ដង។ នេះវាមិនទាន់ជាបញ្ហាប៉ុន្មាននោះទេ តែបើមិនទាន់ដាច់ខែផងលុយអស់ពីខ្លួន ហើយមានជំពាក់លុយគេទៀតនោះទើបជាបញ្ហាធំ។ ទាំងអស់នេះកើតឡើងដោយសារយើងមិនមានផែនការ ឬមិនបានគ្រប់គ្រងចំណាយបានល្អ ហើយវាក៏ជាសញ្ញាមួយដែលបញ្ជាក់ថាយើងបានចាយលុយលើសផងដែរ។
សញ្ញាទី៤
ផែនការហិរញ្ញវត្ថុរបស់អ្នកចាប់ផ្ដើមរញ៉េរញ៉ៃ៖ ផែនការតែងតែដើរទន្ទឹមគ្នាជាមួយការអនុវត្តជាក់ស្ដែង បើយើងចំណាយលើសពីផែនការនោះប្រាកដណាស់ថា ផែនការនឹងលែងដំណើរការ ឬក៏ដំណើរការដោយរញ៉េរញ៉ៃ។ បើសង្កេតឃើញថា ចំណាយរបស់យើងមិនស្មើគ្នានឹងផែនការ ឬចំណាយផ្នែកខ្លះលើស ផ្នែកខ្លះខ្វះ និងមិនមានលុយសល់សម្រាប់សន្សំទៀតនោះ វាជាសញ្ញាមួយដែលបង្ហាញថាយើងកំពុងចាយវាយលើសហើយ វាមិនប្រាកដថាករណីនេះកើតឡើងពេលយើងចាយលើសតែមួយមុខទេ វាអាចមានហេតុផលផ្សេងទៀត តែការចាយលើសនេះក៏ជាហេតុផលសម្រាប់មនុស្សមួយចំនួនផងដែរ។
ឃើញទេ សញ្ញាទាំងនេះហើយដែលបង្ហាញថាយើងចាយវាយលើសព្រំដែន ហើយវាក៏ជាសញ្ញាមួយដែលបង្ហាញថាយើងអាចនឹងជួបបញ្ហាហិរញ្ញវត្ថុមិនខាននាពេលខាងមុខ ចឹងហើយប្រសិនបើអ្នកកំពុងតែជួបប្រទះនូវសញ្ញាទាំងនេះ គួរតែប្រញ៉ាប់ត្រួតពិនិត្យឡើងវិញម្ដងទៀតនូវការចំណាយរបស់ខ្លួន ដើម្បីកុំឲ្យអ្វីៗត្រូវបានហួសពេលទើបស្ដាយក្រោយ៕
ចុចទីនេះដើម្បីស្វែងយល់បន្ថែម: ចាយលុយឱ្យសប្បាយឥឡូវ ឬ វិនិយោគទុកប្រមូលផលពេលក្រោយ
Copyright Notice
© 2021 - 2022 KAKCENT
រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។