“Sinking Fund” បើបកប្រែជាភាសាខ្មែរ គេហៅថា មូលនិធិប្រាក់សន្សំ។ តែបើនិយាយឱ្យស្រួលយល់ន័យ អាចហៅវាបានថា “ប្រាក់សន្សំសម្រាប់គោលដៅជាក់លាក់”។
តើវាជាអ្វីឱ្យប្រាកដ?
«Sinking Fund» គឺជាកញ្ចប់ប្រាក់សន្សំសម្រាប់គោលដៅជាក់លាក់ណាមួយ ដោយយើងនឹងបែងចែកប្រាក់មួយចំណែកទុកដោយឡែកជាទៀងទាត់។
Sinking Fund ខុសពី Emergency Fund និង ប្រាក់សន្សំប្រចាំខែទូទៅត្រង់ថា៖
«Emergency fund» ត្រៀមទុកសម្រាប់ចំណាយអាសន្នដែលយើងមិនអាចរំពឹងទុកមុនថាជាចំណាយអ្វីឱ្យជាក់លាក់។ ឧទាហរណ៍ Emergency fund អាចនឹងត្រូវយកមកប្រើសម្រាប់ពេលអាសន្នដូចអំឡុងពេល lockdown នេះអញ្ចឹង (យើងមិនបានដឹងទុកមុនរាប់ខែទេ)។
«ប្រាក់សន្សំធម្មតា ឬសន្សំប្រចាំខែទូទៅ» ភាគច្រើនគឺយើងដឹងតែថាសន្សំទុក! ទុកទិញនេះ ទុកទិញនោះ ឬអាចនិយាយថាមានគោលដៅច្រើនក្នុងកញ្ចប់ប្រាក់សន្សំតែមួយ។ តែការសន្សំនេះមិនទាន់ជាក់លាក់ត្រង់វាគ្មានពេលវេលា ចំនួនកំណត់ និងគោលដៅមួយច្បាស់លាស់ទេ។
«Sinking Fund» មានភាពជាក់លាក់ជាងប្រាក់សន្សំធម្មតា ដោយអ្នកត្រូវសន្សំជាទៀងទាត់ ដើម្បីសម្រេចបាននូវ៖
១. គោលដៅជាក់លាក់នោះ
២. មុនកាលកំណត់
៣. ទៅតាមចំនួនដែលបានព្រាងទុក។
គោលដៅជាក់លាក់ណាមួយនេះ គឺរាល់ចំណាយដែលបានគ្រោងទុក ឬអ្នកដឹងមុនហើយថានឹងត្រូវការលុយសម្រាប់ចំណាយនោះ។ វាអាចមានច្រើនបែប ច្រើនសណ្ឋាន អាស្រ័យទៅតាមបុគ្គលរៀងខ្លួនៗ។ តួយ៉ាងដូចជាប្រាក់ទុកសម្រាប់សងបំណុល ឬបង់ធនាគារប្រចាំខែ ឬសន្សំទុកសម្រាប់តុបតែងផ្ទះនៅ ៣ខែបន្ទាប់ ឬទុកចងដៃអាពាហ៍ពិពាហ៍មហាមិត្តក៏ថាបាន ។
គោលដៅទាំងនេះគឺសុទ្ធតែយើងបានដឹងមុនហើយថានឹងត្រូវការពេលមួយជាក់លាក់ ហើយក៏ដឹងច្បាស់ ឬអាចប៉ាន់ស្មានដឹងដែរ ថានឹងត្រូវការប្រហាក់ប្រហែលប៉ុនណាទើបគ្រប់គ្រាន់។
សន្សំៗដូចគ្នាសោះ គ្រាន់តែខុសគ្នាត្រង់ជាក់លាក់ មិនជាក់លាក់ប៉ុណ្ណឹង ម៉េចចាំបាច់បែងចែកច្រើននាំតែហត់?
តាមពិតទៅ ការសន្សំប្រាក់ដោយមានគោលដៅជាក់លាក់នេះ វាមានប្រយោជន៍ចំពោះការគ្រប់គ្រងហរិញ្ញវត្ថុផ្ទាល់ខ្លួនជាខ្លាំង ដោយ៖
- បញ្ចៀសការដកប្រាក់ពី emergency fund មកចំណាយផ្តេសផ្តាស (ខុសគោលដៅ emergency fund) ឬមិនអាចសម្រេចការសន្សំ emergency fund បានគ្រប់ចំនួន បើត្រូវដកមកប្រើពាក់កណ្ដាលទី។
- បញ្ចៀសចំណាយធំៗដោយមិនមានការព្រៀងទុកជាមុន
- ចំណាយដែលបានគ្រោងទុកមុនមិនធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពហរិញ្ញវត្ថុរបស់អ្នក
- ចៀសវាងបង្កើតបំណុលដោយមិនដឹងខ្លួន
របៀបបង្កើត sinking fund ៖
- កំណត់គោលដៅជាក់លាក់មួយ៖ សន្សំសម្រាប់ធ្វើអ្វី និងឱ្យបានពេលណា
- កំណត់ចំនួនទឹកប្រាក់ត្រូវសន្សំសម្រាប់គោលដៅមួយនោះ៖
យល់ល្អ អ្នកគួរគណនារកចំនួនដែលអ្នកត្រូវសន្សំជាប្រចាំ (សប្ដាហ៍ ឬខែ) ដើម្បីអាចសន្សំគ្រប់ចំនួនសរុបកំណត់និងមុនកាលកំណត់ - កន្លែងសន្សំ៖ អ្នកអាចសន្សំទុកដោយខ្លួនឯង តែអ្នកអាចនឹងខាតឱកាសបង្កើតការប្រាក់។ ក្រៅពីនេះអ្នកអាចបង្កើតគណនីធនាគារមួយផ្សេងដាច់ដោយឡែកសម្រាប់ប្រាក់សន្សំសម្រាប់គោលដៅជាក់លាក់នេះ។ ធ្វើបែបនេះ ទម្រាំដល់ពេលអ្នកត្រូវប្រើលុយសន្សំនេះ អ្នកអាចនឹងចំណេញការប្រាក់បានបន្តិចបន្តួចដែរ៕