កាលនៅរៀនតែងមានគោលដៅធំមួយរំពឹងថា ពេលរៀនចប់នឹងស្វែងរកការងារល្អមួយ ហើយមានស្ថេរភាព ឱ្យត្រូវទៅតាមជំនាញរៀងៗខ្លួន។ តែជាក់ស្ដែង មិនដូចការរំពឹងទុកសោះ!
ពេលរៀនចប់ មិត្តរួមថ្នាក់ខ្លះក៏ទទួលបានអាជីពការងារទាក់ទងនឹងមុខជំនាញដែលបានរៀន អ្នកខ្លះក៏ចេញទៅបើករបររកស៊ីផ្ទាល់ខ្លួន ឯខ្លះទៀតក៏ធ្វើការដែរ តែប្រភេទការងារខុសពីជំនាញដែលបានរៀននៅសាកលវិទ្យាល័យទៅវិញ។ ពេលខ្លះក៏មានញាតិមិត្តចេះតែសួរដែរថា គិតអីបានចេញធ្វើការងារខុសស្រលះពីអ្វីដែលខ្លួនរៀនអញ្ចឹង? ដល់អញ្ចឹងទៅក៏ចេះតែសួរខ្លួនឯងដែរ ថា វាអាក្រក់ឬល្អ? ត្រូវឬខុស?
មែនទែនទៅ វាមិនមែនជារឿងអាក្រក់ ឬល្អនោះឡើយ ព្រោះថាការជ្រើសរើសអាជីពការងារជាក់ស្ដែង វាអាចអាស្រ័យលើកត្តាជំរុញ និងមូលហេតុមួយចំនួនដូចខាងក្រោម៖
#អ្នកកំពុងស្វែងយល់ពីខ្លួនឯងនិងការងារ (Exploring Stage)
រៀនចប់ភ្លាម និស្សិតខ្លះអាចនឹងមិនចង់ធ្វើការតាមជំនាញដែលខ្លួនបានរៀននោះឡើយ ហើយងាកទៅចាប់ជំនាញផ្សេងវិញ។ ក្រោយធ្វើការបានមួយរយៈ បានដឹងខ្លួនថាមិនសូវជាចូលចិត្តការងារនោះប៉ុន្មាន ទើបគិតស្វែងរកការងារថ្មីមួយបែបផ្សេងទៀត។ វដ្តនេះអាចនឹងបន្តដដែលៗ ទម្រាំតែគាត់បានរកឃើញការងារដែលខ្លួនស្រលាញ់ពេញចិត្តអស់ពីទ្រូង ហើយរីករាយនឹងធ្វើ។
អញ្ចឹង! ទាំងអស់នេះ គឺស្ថិតក្នុងដំណាក់កាលមួយដែលគាត់ស្វែងយល់ពីខ្លួនជាមួយការងារដែលគាត់ចង់ធ្វើ (exploring stage) ហើយនៅទីបញ្ចប់ ការងារនោះអាចមិនមែនជាការងារដែលត្រូវជាមួយជំនាញបញ្ចប់ពីសាលាក៏ថាបាន។
#ចំណង់ចំណូលចិត្តការងារ (Job preferences or Passions)
អ្នកណាខ្លះមានមិត្តភក្តិដែលរៀនដល់ពាក់កណ្ដាលទីហើយ ទើបដឹងថាខ្លួនចង់ធ្វើការងារផ្សេងខុសពីមុខជំនាញដែលខ្លួនរៀន? មាននិស្សិតមិនតិចនាក់ទេ ដែលចុះឈ្មោះចូលរៀនមហាវិទ្យាល័យលើមុខជំនាញមួយទាំងដែលខ្លួនមិនទាន់ប្រាកដច្បាស់ថាស្រលាញ់ពេញចិត្តមុខជំនាញនោះមែនឬអត់។ ទាល់តែរៀនបានពាក់កណ្ដាលទី ឬអ្នកខ្លះទៀតទាល់តែបានឆ្លងកាត់ explore stage ហើយទើបរកឃើញចំណង់ចំណូលចិត្តការងាររបស់ខ្លួន។
គួរកត់សម្គាល់ផងដែរថា នៅពេលដែលយើងស្រឡាញ់ការងារដែលខ្លួនធ្វើ នោះវាក៏ជួយជំរុញដល់ផលិតភាពការងារឱ្យកាន់តែខ្ពស់ដែរ។ នេះជាហេតុផលមួយដែលតែងលើក ទឹកចិត្តយើងឱ្យក្រោកពីដំណេករាល់ព្រឹក និងរីករាយនឹងការរស់នៅប្រចាំថ្ងៃផង។
#តម្រូវការនៅក្នុងទីផ្សារការងារ (Labour Demand)
តម្រូវការទីផ្សារការងាររមែងផ្លាស់ប្ដូរ និងវិវត្តទៅមុខឥតឈប់ឈរ ដែលជំនាញការងារមួយចំនួនពុំមាននៅក្នុងកម្មវិធីសិក្សាថ្នាក់ឧត្ដមសិក្សានោះឡើយ។ ជាក់ស្ដែង បើយើងក្រឡេកទៅត្រឹមតែ ១០ឆ្នាំមុន អាជីពអ្នកបង្កើតមាតិកា (Content Creator), អ្នកវិភាគ និងជំនាញទីផ្សារលើបណ្ដាញសង្គម (Social Media Analyst), អ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម (Influencer) ស្ទើរតែគ្មាន ឬគ្មានតែម្ដងនាពេលនោះ។ ខណៈពេលបច្ចុប្បន្ន អាជីពទាំងនេះគឺជាវត្តមានថ្មី ហើយ តម្រូវការក៏មានប្រជាប្រិយភាពខ្លាំងជាងមុនឆ្ងាយ។
#កត្តាប្រាក់ចំណូល (Wage rate)
អ្នកណាៗក៏ចង់រកលុយបានច្រើនដែរ ដើម្បីបំពេញតាមតម្រូវការនៃ lifestyle ដែលខ្លួនចង់បាន។ វាមានទំនាក់ទំនងជាមួយគ្នាដែររវាងអត្រាប្រាក់ឈ្នួល និងតម្រូវការការងារក្នុងទីផ្សារ (តម្រូវការការងារខ្ពស់ អត្រាប្រាក់ឈ្នួលខ្ពស់) បូកផ្សំជាមួយនឹងបទពិសោធន៍ការងារពាក់ព័ន្ធស្រាប់ ចំណង់ចំណូលចិត្ត សមត្ថភាព ទេពកោសល្យ និងឆន្ទៈចំពោះការងារថែមទៀតនោះ សុទ្ធតែជាកត្តាដែលអាចជំរុញដល់ការចរចាបាននូវប្រាក់ខែច្រើនជាងមុន។
#ទេពកោសល្យពីកំណើត (Talent)
និស្សិតណាខ្លះជ្រើសរើសជំនាញដែលខុសពីទេពកោសល្យរបស់ខ្លួន? ចូល comment តិចមក អេដមីនចង់ស្គាល់
មានដុងផ្នែកសិល្បៈ តែគ្រួសារចង់ឱ្យរៀនច្បាប់ ជួនណាក៏ជ្រើសរៀនជំនាញតាមមិត្តភក្តិ ឬបងប្អូនជាដើម។ ទោះបីពេលរៀនចប់ហើយចេញធ្វើការទៅតាមជំនាញដែលរៀន ឬធ្វើអ្វីដែលជាទេពកោសល្យរបស់ខ្លួន កត្តាដែលសំខាន់គឺនៅត្រង់ថា តើខ្លួនពេញចិត្តនឹងសមិទ្ធផលការងារដែលខ្លួនបានធ្វើឬយ៉ាងណា? ដ្បិតថា កាលណាយើងពូកែផ្នែកអ្វី សមិទ្ធផលការងារចេញមកក៏មានគុណភាពល្អទៅតាមនោះដែរ ហើយយើងក៏ចេះតែចង់បន្តធ្វើវាទៀតដោយរីករាយ។
សរុបទៅ thinking on the bright side! ការចេញធ្វើការងារដែលខុសពីជំនាញដែលបានរៀនពីសាលា វាមិនមែនជាការអាក្រក់អ្វីនោះឡើយ។ គ្រាន់តែប្រសិនបើអ្នកមានឱកាសអាចជ្រើសរើសមុខជំនាញដែលសមស្របនឹងទីផ្សារការងារ ចំណង់ចំណូលចិត្ត ឬទេពកោសល្យរបស់អ្នកឱ្យហើយកាន់តែប្រសើរ ចៀសវាងការខាតបង់ពេលវេលា៕