ប្រព័ន្ធបណ្ដាញសង្គមនាពេលបច្ចុប្បន្នដើរតួយ៉ាងសំខាន់សម្រាប់មនុស្សយុគសម័យនេះ ដែលរួមមានការចែករំលែកព័ត៌មាន ការប្រាស្រ័យទាក់ទងគ្នា ក៏ដូចជាប្រើប្រាស់សម្រាប់កិច្ចការងារខ្លះថែមទៀតផង។ ទោះយ៉ាងណា សូមអ្នកចងចាំក្នុងចិត្តថា មិនមែនគ្រប់ព័ត៌មាន និងរូបភាពដែលគេបានចែករំលែក និងផ្សព្វផ្សាយលើបណ្ដាញសង្គមសព្វថ្ងៃ សុទ្ធសឹងតែជារឿងពិត និងត្រឹមត្រូវ ១០០% នោះឡើយ តួយ៉ាងដូចជារឿងទ្រព្យសម្បត្តិ លុយកាក់ ឬភាពជោគជ័យជាដើម។
គ្មាននរណាម្នាក់មានជីវិតដែល “ល្អឥតខ្ចោះ” នោះឡើយ គ្រាន់តែគេជ្រើសបង្ហាញតែអ្វីដែលគេចង់ឱ្យអ្នកឃើញប៉ុណ្ណោះ។
តើនៅមានហេតុផលអ្វីខ្លះទៀតដែលយើងពុំគួរជឿទាំងស្រុងលើអ្វីគ្រប់យ៉ាងដែលគេបានបង្ហាញលើបណ្ដាញសង្គម?
១. វាជាម៉ាឃីតធីងរបស់គេ (Marketing)
ជួនកាល ការបង្ហាញលុយកាក់ ទ្រព្យសម្បត្តិច្រើនឧបមានេះ វាជាវិធីសាស្ត្រម៉ាឃីតធីងមួយដែលគេប្រើដើម្បីបញ្ចុះបញ្ចូលឱ្យជឿ និងធ្លាក់ចូលអន្ទាក់របស់គេតែប៉ុណ្ណោះ។ ជាក់ស្ដែង នៅលើបណ្ដាញសង្គមមួយរយៈកន្លងមក យើងរមែងប្រទះឃើញការបោកប្រាស់ពីសំណាក់ពួក Fake Guru (បុគ្គលជោគជ័យក្លែងក្លាយ) តាមរយៈការបង្ហោះបង្ហាញរូបភាពរថយន្តទំនើបៗ សម្ភារថ្លៃៗ លុយចាយហូរហៀរ បន្ទាប់មកគេតាំងខ្លួនជាបុគ្គលដែលអាចផ្លាស់ប្ដូរជោគវាសនារបស់អ្នក តាមរយៈការបង្រៀន បង្គាប់ឱ្យធ្វើអ្វីមួយ។
២. វប្បធម៌បង្អួតដើម្បីទទួលបានការឱ្យតម្លៃ
សង្គមនាពេលបច្ចប្បន្នហាក់ឱ្យតម្លៃបុគ្គលម្នាក់អាស្រ័យទៅលើទ្រព្យសម្បត្តិដែលគេកំពុងមាន ទើបញ៉ាំងឱ្យបុគ្គលខ្លះក៏ព្យាយាមបង្ហាញអ្វីគ្រប់យ៉ាងដែលខ្លួនមាននៅលើបណ្ដាញសង្គម តាមរយៈលុយ ឡានទំនើបៗ ផ្ទះធំៗជាដើម។ រីឯអ្នកខ្លះទៀត ហេតុតែចង់មានទ្រព្យសម្បត្តិមកបង្អួត សុខចិត្តខ្ចីបុល ចងការប្រាក់ មានបំណុលវ័ណ្ឌក ទៅទិញទ្រព្យបំណុល ដើម្បីតែភាពឡូយឆាយ ចង់ឱ្យអ្នកដទៃផ្ដល់តម្លៃមកលើខ្លួន តាមការបង្ហាញទ្រព្យទាំងនោះលើបណ្ដាញសង្គម។ យូរៗទៅ បណ្ដាញសង្គមហាក់ជាកន្លែងដាក់បង្ហាញភាពជោគជ័យ ជំនួសឱ្យទីសម្រាប់ទំនាក់ទំនងទៅវិញ។
៣. គេបង្ហាញអ្នកតែអ្វីដែលគេចង់ឱ្យអ្នកឃើញ
ជីវិតលើបណ្ដាញសង្គមរបស់មនុស្សជាច្រើន ហាក់បីដូចជាពួកគេកំពុងមានជីវិតដ៏ស្រស់បំព្រង ជីវិតដែលជោគជ័យ ជីវិតល្អឥតខ្ចោះ។ ប៉ុន្តែតើជីវិតពិតនៅខាងក្រៅ ពិតជាដូចអ្វីដែលបានបង្ហាញមែនឬ? ការបង្ហោះបង្ហាញនូវរូបលុយកាក់ រូបភាពនៃជីវិតគ្រួសារដ៏មានសុភមង្គល … ប៉ុន្តែ តើជីវិតមនុស្សគ្រប់រូបសុទ្ធតែមិនដែលជួបភាពសោកសៅមែនឬទេ? ជីវភាពនិងលុយកាក់ក្នុងជីវិតពិតមិនដែលមានវិបត្តិមែនឬយ៉ាងណា? ជីវិតគូស្រករមិនដែលមានបញ្ហា? យើងគ្រប់គ្នាសុទ្ធតែមាន មិនថាគេ មិនថាយើង គ្រាន់តែគេមិនបានបង្ហាញគ្រប់រូបភាពឱ្យអ្នកឃើញក្នុងបណ្ដាញសង្គមប៉ុណ្ណោះ។
ត្រឡប់មកវិញ ការលើកឡើងនេះ កាក់សេនពុំមានចេតនាអ្វីអាក្រក់នោះឡើយ។ តែគ្រាន់ជាសារដាស់តឿនដល់អ្នករាល់គ្នា សូមកុំប្រៀបធៀបជីវិតដែលខ្លួនមានជាមួយនឹងបុគ្គលដែលអ្នកតាមដានលើបណ្ដាញសង្គមអី ជាពិសេសគឺដើម្បីថែទាំសុខភាពផ្លូវចិត្តរបស់ខ្លួន និងចៀសវាងបាក់ទឹកចិត្តជាមួយរូបភាពទាំងនោះ។ សូមផ្ដោតអារម្មណ៍និងការគិតលើជីវិតពិតរបស់ខ្លួន រៀបចំគោលដៅអនាគត គ្រប់គ្រងលុយកាក់ផ្ទាល់ខ្លួន និងមានផែនការជីវិតវែងឆ្ងាយទើបជាការប្រសើរ៕
Click here to read more about Advantages and disadvantages of using social media