បើនិយាយពីផែនការហិរញ្ញវត្ថុ ឬផែនការសន្សំលុយ ជឿថាគ្រប់គ្នាដឹងតែមានគម្រោង តែមានប៉ុន្មាននាក់ដែលធ្វើឲ្យផែនការនោះបានសម្រេចខ្លះ?
ចុះពេលបរាជ័យមានដែលចាប់អារម្មណ៍ ឬស្វែងរកដើមហេតុថាមកពីអ្វីអត់?
តោះឥឡូវ អេដមីនមកប្រាប់ពីទម្លាប់អាក្រក់មួយចំនួនដែលធ្វើឲ្យផែនការហិរញ្ញវត្ថុបរាជ័យ។
កំណត់គោលដៅមិនជាក់លាក់
មនុស្សភាគច្រើនចូលចិត្តកំណត់ផែនការ ឬគោលដៅខ្ពស់ ដោយគិតថាអាចជាកម្លាំងចិត្តជម្រុញឲ្យមានការខំប្រឹងប្រែងកាន់តែខ្លាំង។ ប៉ុន្តែនៅពេលគោលដៅខ្ពស់ពេក អាចធ្វើឲ្យគោលដៅមិនសមមាត្រទៅតាមសមត្ថភាពជាក់ស្ដែង មានភាពមិនច្បាស់លាស់ និងពេលវេលាមិនគ្រប់គ្រាន់សម្រាប់អនុវត្ត ដែលនាំឲ្យផែនការហិរញ្ញវត្ថុទទួលបានការបរាជ័យទៅវិញ។
ទម្លាប់ចាយវាយខ្ជះខ្ជាយ
ទម្លាប់ចាយវាយជាកត្តាសំខាន់នៃផែនការសន្សំ។ បើបានរៀបចំផែនការហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះមួយហើយតែទម្លាប់ចាយវាយនៅតែខ្ជះខ្ជាយ មិនកំណត់ការចំណាយឲ្យបានត្រឹមយត្រូវ ចាយលើសលប់លើតម្រូវការមិនចាំបាច់ នោះនឹងធ្វើឲ្យប៉ះពាល់ដល់ផែនការសន្សំជាមិនខាន។
ខ្វះការអត់ធ្មត់
ភាពជោគជ័យត្រូវការពេលវេលា មិនថាជាផែនការហិរញ្ញវត្ថុ ឬផែនការសម្រាប់អនាគត។ យើងមិនអាចរៀបចំគម្រោងថ្ងៃនេះ ហើយរំពឹងទទួលបានផលសម្រេចនៅថ្ងៃស្អែកទេ។
ចង់សម្រេចការងារ ឬផែនការណាមួយត្រូវមានចិត្តអំណត់ និងភាពអត់ធ្នត់ខ្ពស់ព្រោះភាពជោគជ័យមិនអាចបានមកដោយទទេៗ ត្រូវច្បាស់ការ និងជម្នះចិត្តខ្លួនឲ្យបានសិន។
វិន័យគ្រប់គ្រងលុយមិនត្រឹមត្រូវ
ផែនការសន្សំមិនថាតិច ឬច្រើន បើមិនមានវិន័យក្នុងការគ្រប់គ្រងឲ្យបានល្អទេ ផែនការនោះនឹងមិនបានសម្រេចឡើយ។ ពេលដែលគ្មានវិន័យត្រឹមត្រូវ យើងនឹងចាយវាយទៅតាមចិត្តចង់ ចំណាយទៅលើសម្ភារ ឬចំណង់ដែលមិនចាំបាច់នាំឲ្យមានការផ្លាស់ប្ដូរចុះឡើង ផ្ដល់ប៉ះពាល់ដល់ផែនការសន្សំ។
ចូលចិត្តពន្យាពេល
ពាក្យថាចាំស្អែក ចាំថ្ងៃនេះ ថ្ងៃនោះ តែងតែមានជានិច្ច ជាពិសេសពេលរៀបចំផែនការ ឬគម្រោងការហើយមិនអនុវត្តភ្លាមៗ។ ពន្យាពេលមួយថ្ងៃដោយគិតថាមិនអី ចាំចាប់ផ្ដើមស្អែកក៏បាន ពីមួយថ្ងៃទៅមួយថ្ងៃ នឹងបង្កើតជាទម្លាប់មិនល្អ ដែលអាចបណ្ដាលឲ្យផែនការហិរញ្ញវត្ថុត្រូវបរាជ័យទាំងដែលមិនទាន់បានចាប់ផ្ដើមផង។ មិនថាផែនការអីក៏ដោយ បើបានរៀបគម្រោងរួចរាល់ មានការតាំងចិត្តហើយ ចាប់ផ្ដើមកាន់តែឆាប់ កាន់តែល្អ។
ទម្លាប់អាក្រក់ដែលបានរៀបរាប់ខាងលើនេះ ភាគច្រើនកើតមានជាក់ស្ដែងដែលជាកត្តាសំខាន់ៗនាំផែនការហិរញ្ញវត្ថុឈានទៅរកភាពបរាជ័យ។ ដើម្បីឲ្យផែនការហិរញ្ញវត្ថុទទួលបានជោគជ័យដូចបំណង គួរតែព្យាយាមកែទម្លាប់មិនល្អកំពុងមានរាល់ថ្ងៃ ហើយចាប់ផ្ដើមអនុវត្តលើផែនការដែលបានរៀបចំ៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។