ជំងឺបេះដូង មហារីក ទឹកនោមផ្អែម ដាច់សរសៃឈាមខួរក្បាល និងជំងឺថ្លើមជាដើម សុទ្ធសឹងជាជំងឺទូទៅមួយចំនួនដែលអាចប្រឈមទៅលើមនុស្សពេញវ័យ។
ចុះអ្នកធ្លាប់គិតទេថា ប្រសិនបើយើងស្រាប់តែធ្លាក់ខ្លួនឈឺដោយមិនបានត្រៀមខ្លួន ឬុមានការការពារទុកជាមុន តើយើងនឹងប្រឈមមុខនឹងផលពិបាក ទុក្ខព្រួយ និងការខាតបង់យ៉ាងណាខ្លះ?
បើយោងតាមការស្ទង់មតិដោយមជ្ឈមណ្ឌល Mesothelioma នៅ Asbestos.com កាលពីឆ្នាំ ២០១៩ បានឲ្យដឹងថាស្ទើរតែ ២០% នៃអ្នកមានជំងឺមហារីកដែលត្រូវបានស្ទង់មតិ ប៉ាន់ស្មានថាពួកគេបានចំណាយប្រាក់លើសពី ២០,០០០ដុល្លារឯណោះក្នុងមួយឆ្នាំ កំឡុងពេលទទួលការព្យាបាល។
សាកស្រមៃទៅមើលថា បើយើងស្រាប់តែធ្លាក់ខ្លួនឈឺ តែគ្មានលទ្ធភាពគ្រប់គ្រាន់ដើម្បីព្យាបាលជំងឺ ហើយថែមទាំងទ័លច្រក គ្មានដំណោះស្រាយទាន់ពេលវេលា តើត្រូវបោះចោលក្ដីសង្ឃឹមដែលសេសសល់នៅត្រឹមនេះមែនទេ? ឬជំងឺនោះជាជំងឺធ្ងន់ធ្ងរ ហើយត្រូវការការព្យាបាលរយៈពេលវែង តែយើងគ្មានធនធាន ឬការការពារដែលបានត្រៀមទុកនៅមានកម្រិត នោះអ្វីដែលនៅសល់គឺត្រឹមក្ដីអស់សង្ឃឹម ការខកចិត្ត និងវិប្បដិសារីប៉ុណ្ណោះ។ នេះនៅមិនទាន់គិតដល់ពេលវេលាដែលត្រូវខាតបង់ដោយសារជំងឺ យើងមិនអាចធ្វើការ រកស៊ីបាន និងបាត់បង់ប្រភពចំណូលនៅឡើយ។ បើតាមការស្ទង់មតិមួយវិញទៀតដោយសាកលវិទ្យាល័យ New South Wales ឆ្នាំ ២០១៩ បានឲ្យដឹងថា ប្រមាណ ២៨.១% នៃប្រជាជនកម្ពុជាដែលទទួលសេវាសុខាភិបាល ត្រូវខ្ចីលុយគេមកទូទាត់ថ្លៃព្យាបាលដោយសារតែបញ្ហាហិរញ្ញវត្ថុ។
យើងមិនអាចធានាថានឹងអាចចៀសផុតទាំងស្រុងក្នុងមួយឆាកជីវិតនេះទេ។ ប៉ុន្តែទោះបីថ្ងៃមួយយើងធ្លាក់ខ្លួនឈឺក៏ដោយ យើងអាចផ្ដល់ការការពារឲ្យខ្លួនជាមុនបានដូចជា៖
១. ថែរក្សាសុខភាពឲ្យបានល្អ
សុខភាពផ្លូវកាយ និងផ្លូវចិត្តសុទ្ធតែសំខាន់ដូចគ្នាដែលយើងគ្រប់គ្នាចាំបាច់ត្រូវយកចិត្តទុកដាក់ថែរក្សា។ នៅពេលយើងមានសុខភាពល្អមាំមួន ឱកាសប្រឈមមុខនឹងជំងឺផ្សេងៗអាចត្រូវបានកាត់បន្ថយ។ ការថែរក្សាសុខភាពឲ្យបានល្អរួមមានការបរិភោគរបបអាហារត្រឹមត្រូវ សម្រាកបានគ្រប់គ្រាន់ កាត់បន្ថយទុក្ខកង្វល់ ឬស្ត្រេស និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។ល។
២. ពិនិត្យសុខភាពជាប្រចាំ
កុំចាំទាល់តែឈឺទើបទៅមន្ទីរពេទ្យ។ អាយុច្រើនជាងមុន សុខភាពមិនមាំទាំដូចកាលនៅក្មេងទេ។ ការពិនិត្យសុខភាពជាប្រចាំគឺដើម្បីតាមដានស្ថានភាពសុខភាពរបស់ខ្លួន និងបង្កើនការការពារ ឬត្រៀមការព្យាបាលទាន់ពេលវេលា ប្រសិនបើរកឃើញជំងឺណាមួយ។ មនុស្សពេញវ័យគួរចាប់ផ្ដើមពិនិត្យសុខភាពឲ្យបានទៀងទាត់ យ៉ាងតិចណាស់១ដង ទៅ២ដងក្នុងមួយឆ្នាំ។
៣. ទិញធានារ៉ាប់រងសុខភាព ឬធានារ៉ាប់រងអាយុជីវិត
កិច្ចការពារសំខាន់មួយទៀតដែលអ្នកអាចផ្ដល់ឲ្យខ្លួនឯងបន្ថែមនោះគឺកិច្ចសន្យាធានារ៉ាប់រង។ ធានារ៉ាប់រងសុខភាពផ្ដល់ការធានាចម្បងលើសំណងទូទាត់ចំណាយវេជ្ជសាស្ត្រនានាដែលបានធានាជូនក្នុងកិច្ចសន្យាធានារ៉ាប់រង តួយ៉ាងដូចជាការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬចំណាយលើការព្យាបាលជំងឺធ្ងន់ធ្ងរជាដើម។ ឬម្យ៉ាងទៀត អ្នកក៏អាចផ្ដល់ការការពារកាន់តែច្រើនជាមួយធានារ៉ាប់រងអាយុជីវិត ដោយក្នុងនោះអ្នកនឹងទទួលបានបន្ថែមនូវការធានាសំណងករណីគ្រោះថ្នាក់ដល់ពិការ ឬដល់អាយុជីវិត។
ថ្ងៃអនាគតមានអ្វីកើតឡើង យើងមើលមិនឃើញទេ។ ទោះយើងមិនអាចបញ្ជៀសខ្លួនឲ្យផុតពីជំងឺនានាក៏ដោយ តែយើងអាចការពារខ្លួនជាមុនបានពីបច្ចុប្បន្នភាពទៅ។ ថែរក្សានិងការពារខ្លួនទាំងអស់គ្នាណា៎!
*មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ Manulife Cambodia
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន
ឯកសារយោង៖
1. Asbestos.com - High Cost of Cancer Treatment
2. PubMed Central. Prevalence and control rates of hypertension in the USA: 2017–2018
3. Maxlife Insurance. What is Insurance?
4. Tang, C. (2019, November 05). Almost 30 percent of Cambodia borrow money for healthcare. UNSW Newsroom