ចាប់ពីអាយុ២០ឆ្នាំទៅ គឺជាវ័យដែលមនុស្សម្នាក់ៗចាប់ផ្តើមរកចំណូលសម្រាប់ខ្លួននិងគ្រួសារ។ ម៉្យាងទៀតមានដែលឆ្ងល់អត់ ថាក្នុងវ័យ៣០ និងវ័យ៤០ឡើងទៅ យើងអាចបង្កើតប្រភពចំណូលតាមរយៈអ្វីខ្លះ? ប្រភពចំណូលខាងក្រោមនេះ អាចផ្តល់ជាគំនិតសម្រាប់អ្នកដែលចង់រកចំណូលបន្ថែមទៀត។
ក្នុងវ័យ២០ឆ្នាំ
វ័យនេះអ្នកខ្លះក៏ធ្វើការបណ្តើរ រៀនបណ្តើរ រីឯអ្នកខ្លះទៀតសម្រេចចិត្តបញ្ឈប់ការសិក្សាពាក់កណ្តាលទីដើម្បីទៅរកសុីចិញ្ចឹមជីវិត។ ចំណែកឯខ្លះទៀតកំពុងតែមានអារម្មណ៍ថាមិនដឹងធ្វើអ្វីជាមួយនឹងអនាគតរបស់ខ្លួន។
ក្រៅពីធ្វើការឲ្យគេយកប្រាក់ខែ អ្នកអាចក្រលេកមើលលើការធ្វើការងារជាប្រភេទអ្នកឯករាជ្យ ដែលអាចជាប្រភពចំណូលទី២។ លើសពីនេះ អ្នកក្នុងវ័យនេះក៏អាចចាប់ផ្ដើមបណ្ដាក់ទុន ឬវិនិយោគលើអាជីវកម្មនានាផងដែរ។ ម៉្យាងទៀតអ្នកគួរតែគិតដល់ការបើកគណនីសន្សំក្នុងរយៈពេលកំណត់ ដោយចប់កាលកំណត់អ្នកអាចចំនេញនឹងការប្រាក់ដែលគេផ្តល់ឲ្យ។
ចុចទីនេះ ដើម្បីស្វែងយល់បន្ថែមពី: ហេតុអ្វីរកលុយទាន់ខ្លួននៅក្មេង?
ក្នុងវ័យ៣០ឆ្នាំ
ចូលដល់វ័យនេះ យើងនឹងមានអារម្មណ៍ថាខ្លួនឯងចាស់ជាងមុន និងមានអារម្មណ៍ថាចង់បង្កើតប្រភពចំណូលផ្សេងឲ្យបានច្រើនជាមុន។ អេដមីនសូមផ្តល់យោបល់ឲ្យអ្នកទាំងអស់គ្នាពីប្រភពចំណូលដែលយើងអាចរកបន្ថែមមានដូចជា រកសុី និងលក់អនឡាញជាដើម ព្រោះថារបរលក់តាមអនឡាញក្នុងសម័យនេះគឺមានភាពពេញនិយម មិនថាអ្នកណាក៏ទិញអីវ៉ាន់អនឡាញ។ ម៉្យាងវិញទៀត អ្នកក៏អាចទិញលក់ភាគហ៊ុន ឬ crypto ដែលវាអាចផ្តល់ប្រាក់ចំណេញ ប្រសិនបើវាឡើងថ្លៃ។
ក្នុងវ័យ៤០ឆ្នាំ
មកដល់វ័យនេះច្បាស់ណាស់ ថាមួយចំនួនធំសុទ្ធតែអ្នកមានគ្រួសារ ចឹងហើយចំណាយក៏ត្រូវគុណនឹង២ ឬគុណនឹង៣ ពេលដែលចំណាយកើន ចំណូលរបស់អ្នកក៏គួរតែបង្កើនតាមនឹងដែរ។ អ្នកអាចទិញដីសម្រាប់ទុកលក់ ព្រោះបើសិនជាដីមានហាងឆេងខ្ពស់ នោះអ្នកនឹងត្រូវប៉ាន់។ បន្ថែមពីនេះអ្នកក៏អាចសង់ផ្ទះ ឬក៏សង់ឃ្លាំងសម្រាប់ជួល ដែលវាអាចផ្តល់នូវចំណូលទៀងទាត់សម្រាប់គ្រួសាររបស់អ្នក។ រីឯអ្នកនៅខេត្ត អ្នកអាចគិតគូរធ្វើកសិកម្ម ចិញ្ចឹមមាន់ទាជាដើម ដោយក្នុងកម្រិតខា្នតតូចឬក៏ខ្នាតធំអាស្រ័យទៅលើហិរញ្ញវត្ថុរបស់អ្នកផ្ទាល់៕