តាមការសង្កេតឃើញថាវិស័យធនាគារនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតអោយបង្កើតជាធនាគារពាណិជ្ជ និងធនាគារឯកទេសផងដែរ។ ធនាគារឯកទេសខុសពីធនាគារពាណិជ្ជត្រង់ថា ធនាគារពាណិជ្ជអាចនឹងអនុវត្តនូវប្រតិបត្តិការធនាគារគ្រប់ប្រភេទ ដូចជាការផ្តល់ឥណទាន ការទទួលប្រាក់បញ្ញើ និងការទូទាត់ផ្សេងៗ។
តែចំពោះធនាគារឯកទេស អាចអនុវត្តបានត្រឹមផ្នែកខ្លះនៃសេវាកម្មធនាគារ អាស្រ័យទៅតាមអាជ្ញាប័ណ្ណដែលផ្ដល់អោយដោយធនាគារជាតិនៃកម្ពុជាប៉ុណ្ណោះ បានន័យថាធនាគារឯកទេសផ្ដល់សេវាកម្មទៅតាមជំនាញផ្សេងៗគ្នា។ ធនាគារឯកទេសក្នុងស្រុកត្រូវរក្សាដើមទុនដែលបានចុះបញ្ជីអប្បបរមាយ៉ាងហោចណាស់ ៦ម៉ឺនលានរៀល ឬ ១៥លានដុល្លារ តិចជាងធនាគារពាណិជ្ជដែលត្រូវមានទុនចុះបញ្ជីយ៉ាងហោចណាស់ ៣០ម៉ឺនលានរៀល ឬ ៧៥លានដុល្លារ។
ធនាគារឯកទេសនីមួយៗមានតួនាទីយ៉ាងសំខាន់ក្នុងការបម្រើនិងផ្តល់ជូនសេវាកម្មដល់អតិថិជនដើម្បីបំពេញតម្រូវការចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ នៅប្រទេសកម្ពុជាយើង មានធនាគារឯកទេសជាច្រើន ដែលធនាគារនីមួយៗមានឯកទេសផ្សេងៗគ្នា រួមមានដូចជា៖
ក. ធនាគារឯកទេស ឌីជីប៊ី (DGB SPECIALIZED BANK)
ធនាគារឯកទេស ឌីជីប៊ី មានផ្តល់ជូននូវប្រាក់កម្ចី ដូចជាកម្ចីសម្រាប់ទិញឡាន កម្ចីសម្រាប់ទិញផ្ទះ និង ប្រាក់កម្ចីទូទៅសម្រាប់ធ្វើជាទុនបង្វិលក្នុងការប្រកបអាជីវកម្ម ពង្រីកអាជីវកម្ម ឬគោលបំណងផ្សេងៗទៀត។
ខ. ធនាគារឯកទេសវីង (Wing (Cambodia) Limited Specialised Bank)
ធនាគារឯកទេសវីង ត្រូវបានទទួលស្គាល់ថាជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទចល័តដំបូងគេនៅកម្ពុជា ដោយអតិថិជនអាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុដូចជា ផ្ទេរប្រាក់និងទទួលប្រាក់នៅក្នុងស្រុក បង់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទិញទំនិញតាមអនឡាញ និងទូទាត់ដោយស្កេន QR Code រួមទាំងផ្ដល់សេវាផ្ទេរប្រាក់អន្តរជាតិផងដែរ។
គ. ធនាគារឯកទេសអ៉ីអន (ខេមបូឌា) (AEON Specialized Bank (Cambodia))
ធនាគារឯកទេសអ៉ីអនផ្តល់ជូននូវសេវាកម្មបង់រំលស់ដូចជា សេវាបង់រំលស់រថយន្ត ម៉ូតូ ម៉ូតូកង់បី គ្រឿងចក្រកសិកម្ម និង ផលិតផលប្រើប្រាស់ផ្សេងៗ។ លើសពីនេះ ធនាគារឯកទេសអ៉ីអនក៏មានផ្តល់ជូននូវ សេវាកម្មបង់រំលស់ធានារ៉ាប់រង សេវាកម្មកម្ចីសាច់ប្រាក់ និង ប័ណ្ណសមាជិកដែលផ្ដល់នូវអត្ថប្រយោជន៍ពិសេសសម្រាប់អតិថិជនរបស់ធនាគារ។
ឃ. ធនាគារឯកទេសខេមខូ (CAMKO Specialized Bank)
ធនាគារឯកទេសខេមខូ មានឯកទេសខាងផ្ដល់សេវាឥណទានដូចជា ឥណទានសម្រាប់បុគ្គលិក ឥណទានគេហដ្ឋាន និងឥណទានអាជីវកម្មជាដើម។
ង. ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (Agricultural and Rural Development Bank ឬ RDB )
ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ហៅកាត់ថាធនាគារអភិវឌ្ឍន៍ជនបទ ឬ ធ.អ.ជ) មានផ្តល់សេវាកម្មដូចជា ការបើកគណនីសន្សំ គណនីមានកាលកំណត់ គណនីចរន្ត សេវាផ្ទេរប្រាក់ និងប្រតិបត្តិការអន្តរធនាគារ។ ក្រៅពីនេះធនាគារអភិវឌ្ឍន៍ជនបទមានផ្តល់សេវាកម្ចីឡើងវិញដល់ស្ថាប័នហិរញ្ញវត្ថុច្រើនប្រភេទ ដែលចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទនៅកម្ពុជា។
មកទល់ពេលនេះ ធនាគារឯកទេសនៅប្រទេសកម្ពុជាមានចំនួន១៣ ហើយយើងបានសង្កេតឃើញថាការវិវត្តន៍របស់ធនាគារឯកទេសក៏បានរីកចម្រើនខ្លាំងផងដែរក្នុងប៉ុន្មានឆ្នាំនេះ ស្របពេលដែលវាក៏បានជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាមួយផ្នែកផង៕