អ្នកកើតចន្លោះឆ្នាំ 1980 ទៅ 1996 មានដឹងអត់ថាខ្លួនស្ថិតនៅក្នុងក្រុមមនុស្ស millennials?
Millennials ត្រូវបានគេបែងចែកជាពីរក្រុមទៀត ដែលក្រុមទីមួយមានអាយុពី 24 ដល់ 29 ឆ្នាំ (Gen Y.1) និងមួយក្រុមទៀតអាយុពី 29 ដល់ 39 ឆ្នាំ (Gen Y.2) (គិតត្រឹមឆ្នាំ 2021) ។
ទម្លាប់ចាយវាយរបស់ក្រុម Millennials អាចរងឥទ្ធិពលដោយកត្តាច្រើនយ៉ាង ៖
‣ បរិស្ថានរស់នៅ៖
ការចាយវាយរបស់ពួកគេងាយនឹងរងឥទ្ធិពលពីគ្រួសារ ឬមនុស្សជុំវិញខ្លួនគេ។ បើអ្នកនៅជុំវិញគាត់មានទម្លាប់ចាយវាយដោយសន្សំសំចៃ មានផែនការច្បាស់លាស់ នោះគាត់ក៏មានទំនោរទៅរកទម្លាប់បែបនោះដូចគ្នា។ ផ្ទុយទៅវិញ បើអ្នកជុំវិញខ្លួនមានទម្លាប់ចាយវាយមិនសូវល្អវិញ គាត់ក៏អាចបញ្ហាពិបាកគ្រប់គ្រងការចាយវាយដែរ។
‣ បណ្ដាញសង្គម (Social Media) ៖
Millennials ធំពេញវ័យក្នុងពេលដែលបច្ចេកវិទ្យាកំពុងរីកចម្រើន។ ក្នុងនោះការបង្ហោះបង្ហាញសារនិងរូបភាពពីរបស់របរប្រើប្រាស់ទំនើបៗ អាហារឆ្ងាញ់ៗ កន្លែងដើរលេងថ្មីៗ តាមបណ្ដាបណ្ដាញសង្គមបានទាក់ទាញ និងជំរុញឱ្យពួកគាត់ចេះចង់ដឹង ចង់សាកល្បងរបស់ថ្មីៗទាំងនោះដែរ ហើយវាគឺជាផ្នែកចម្បងមួយដែលមានឥទ្ធិពលខ្លាំងដល់ទម្លាប់ចាយវាយរបស់ពួកគាត់។
‣ ឥទ្ធិពលសង្គម៖
ក្នុងសង្គមមួយដែលមានការប្រកួតប្រជែងទីផ្សារពាណិជ្ជកម្មខ្ពស់ យើងតែងឃើញមានយុទ្ធសាស្ត្រទីផ្សារជាច្រើនដូចជា វិធីសាស្ត្រលក់ថែម ការបញ្ចុះតម្លៃ និងប្រូម៉ូសិននានា។ ទាំងនេះក៏ជាចំណែកមួយដែរដែលជម្រុញដល់ការសម្រេចចិត្តចាយវាយរបស់ millennials មិនថាកាលៈទេសៈចាំបាច់ ឬមិនចាំបាច់។
ចំពោះ Millennials តើគួរធ្វើម៉េចដើម្បីគ្រប់គ្រងលុយកាក់ខ្លួនឱ្យបានល្អ?
‣ ចាយវាយតាមផែនការ៖
ការចាយវាយគួរផ្ដោតសំខាន់លើតម្រូវការចាំបាច់ជាចម្បង មិនគួរយកគម្រូតាមការចំណាយរបស់អ្នកដទៃឡើយ ព្រោះស្ថានភាពហិរញ្ញវត្ថុរបស់យើងនិងរបស់គេមិនដូចគ្នាទេ។
‣ បង្កើនចំណូល៖
ព្យាយាមចំណាយពេលវេលា និងសមត្ថភាពដែលមានស្រាប់ទៅកែច្នៃដើម្បីរកចំណូលបន្ថែមឲ្យបានច្រើន។ ជាការណ៍ល្អ នៅវ័យនេះ អ្នកគួរស្វែងរកចំណូលឲ្យបានលើសពីមួយប្រភព ដោយធ្វើការងារក្រៅម៉ោងបន្ថែម ឬ freelance។ល។
‣ គ្រប់គ្រងបំណុល៖
គួរព្យាយាមគ្រប់គ្រងនិងដោះស្រាយបំណុលឲ្យបានទាន់ពេលវេលាតាមដែលអាចធ្វើទៅបាន ដោយអនុវត្តវិធីសាស្ត្រណាមួយដូចជា Snowball Method, Avalanche Method ជាដើម។
‣ រៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែង៖
រៀនពីការសន្សំនិងវិនិយោគ ដើម្បីបង្កើតប្រាក់ចំណូលអកម្មបន្ថែម ស្វែងយល់ពីអត្ថប្រយោជន៍នៃសេវាធានារ៉ាប់រង និងត្រៀមផែនការសម្រាប់ពេលចូលនិវត្តន៍ផង។
គួរបញ្ជាក់ដែរថា បើតាមទិន្នន័យរបស់ United Nation ចំនួន millennials ក្នុងប្រទេសកម្ពុជា មានប្រមាណ 4,478,000 នាក់ ស្មើនឹង1ភាគ4នៃចំនួនប្រជាជនកម្ពុជាសរុប (គិតត្រឹមឆ្នាំ 2020)។
ការរស់នៅ និងរបៀបចាយវាយរបស់ Millennials មានលក្ខណៈខុសគ្នាពីមនុស្សម្នាក់ទៅម្នាក់ទៀត ដោយវារងឥទ្ធិពលពីកត្តាមួយចំនួនខាងលើនិងកត្តាដទៃទៀតផងដែរ។ បើអ្នកជា millennial ម្នាក់ អេដមីនសូមក្រើនរំលឹកឱ្យចាប់ផ្ដើមរៀបចំទម្លាប់ចាយវាយរបស់ខ្លួនឲ្យបានល្អ មានផែនការចំណូលចំណាយច្បាស់លាស់ ចៀសវាងមិនអាចសម្រេចបានសេរីភាពហិរញ្ញវត្ថុនាពេលអនាគតដ៏ឆាប់ខាងមុខនេះ៕
ប្រភពឯកសារស្រាវជ្រាវ៖
១. Money Habits of the Millennials (investopedia.com)
២. Boomers, Gen X, Gen Y, and Gen Z Explained (kasasa.com)
៣. Millennial Spending Habits and Why They Buy (forbes.com)
៤. The reality of millennials’ spending habits (cnbc.com)
៥. World Population Prospects – Population Division – United Nations