កាលពីអត្ថបទមុន យើងបានសិក្សាអំពី «Cost of living ឬ តម្លៃនៃការរស់នៅ» តែក្នុងអត្ថបទនេះ យើងនឹងសិក្សាអំពី standard of living វិញម្ដង ឬអាចហៅបានថា “កម្រិតជីវភាព”។
កម្រិតជីវភាព (standard of living) សំដៅដល់បរិមាណ និងគុណភាពនៃផលិតផល និងសេវាកម្ម ដែលប្រជាជនក្នុងប្រទេសមួយអាចទទួលបាន។ គេអាចវាស់វែងកម្រិតជីវភាពពីប្រទេសមួយទៅប្រទេសមួយ និង ប្រទេសមួយត្រឡប់ទៅប៉ុន្មានឆ្នាំចុងក្រោយក៏បាន។ ប៉ុន្តែ តើគេវាស់វែងកម្រិត standard of living ដោយរបៀបណា?
ជាទូទៅ ដើម្បីទទួលបានកម្រិតជីវភាពនេះ គេផ្ដោតចម្បងលើ ចំណូលរបស់ប្រជាជនក្នុងម្នាក់ (GDP Per Capita) ហើយដើម្បីទទួលបានតួលេខនេះ គេយកផលិតផលក្នុងស្រុកសរុប (GDP) ចែកជាមួយនឹងចំនួនប្រជាជនសរុបក្នុងប្រទេសនោះ។ ផលិតផលក្នុងស្រុកសរុបសំដៅទៅលើតម្លៃសរុបនៃទំនិញ ឬសេវាកម្ម ដែលប្រទេសមួយអាចផលិតបានក្នុងមួយឆ្នាំ។
ជាក់ស្ដែង នៅឆ្នាំ ២០១៥ បើយោងទៅតាមទិន្នន័យ World Bank បានបង្ហាញថា ប្រទេសកម្ពុជាបានលោតចូល ចំណូលមធ្យមកម្រិតទាប ឬ lower middle-income (ចំណូលជាមធ្យម $1,026) ។ មកដល់ឆ្នាំ ២០១៩ ចំណូលជាមធ្យមក្នុងមនុស្សម្នាក់កើនដល់ “1,643.12USD” ដែលចំពោះតួលេខក៏សបញ្ជាក់បានដែរថា GDP ក្នុងប្រទេសកម្ពុជាមានកំណើនជារៀងរាល់ឆ្នាំ។
ឧទាហរណ៍៖ បើប្រៀបធៀប GDP per capita ក្នុងឆ្នាំ 2019 របស់កម្ពុជា “1,643.12USD” ជាមួយប្រទេស ហ្វ៊ីលីពីន ក្នុងឆ្នាំដដែល “3,485.12USD” យើងឃើញថា standard of living នៅហ្វ៊ីលីពីនល្អប្រសើរជាងនៅកម្ពុជា (ប្រភពទិន្នន័យពី World Bank)។ ប៉ុន្តែសូមចងចាំថា GDP per capita ជាទិន្នន័យមធ្យមភាគ មិនបានបញ្ជាក់ពីគម្លាតនៃប្រាក់ចំណូលរបស់ប្រជាជននោះទេ។
ដោយឡែក កត្តាមួយចំនួនខាងក្រោម ក៏ជាកត្តាដែលចូលរួមកំណត់ standard of living ដូចគ្នា
១. GDP per capita
សម្ដៅលើផលិតផល និងសេវាកម្មដែលប្រទេសមួយផលិតបានជាមធ្យមប្រចាំឆ្នាំ (ជារួមគឺទ្រព្យ សម្បត្តិរបស់ប្រទេសមួយ) ធៀបនឹងចំនួនប្រជាជន។ យោងតាមទិន្នន័យរបស់ធនាគារពិភពលោក តួលេខ GDP per capita នៅកម្ពុជាក្នុងឆ្នាំ2019 គឺ 1,643.12 USD។ មានន័យថា បើគេយកចំណូលសរុបរបស់កម្ពុជា ក្នុងឆ្នាំ2019 ដែលទទួលបានពីការលក់ផលិតផល និងសេវាកម្មមកចែកឱ្យប្រជាជនម្នាក់ៗ ប្រជាជនម្នាក់ៗនៅកម្ពុជាទទួលបាន 1,643.12 USD។ ជាក់ស្ដែង ចំណូលរបស់ប្រជាជនមានគម្លាតគ្នា មិនមែនសុទ្ធតែទទួលបានស្មើៗគ្នានោះទេ។
២. អត្រាអក្ខរភាព (Literacy rate)
សម្ដៅលើអត្រាប្រជាជនដែលមានអាយុចាប់ពី 15ឆ្នាំឡើងទៅដែលអាចអាន និងសរសេរបាន។ អត្រាប្រជាជនដែលអាចអាន និងសរសេរបានមានកាន់តែច្រើនបញ្ជាក់ថា ឱកាសដែលប្រជាជនអាចមានការងារធ្វើ និងទទួលបានកម្រៃសមរម្យក៏មានខ្ពស់ទៅតាមនោះដែរ។ តាមទិន្នន័យរបស់វិទ្យាស្ថានជាតិស្ថិតិ ក្នុងឯកសារ ជំរឿនទូទៅ ក្នុងឆ្នាំ2019 literacy rate នៅកម្ពុជាមានតួលេខសរុប 83.3%។
៣. អាយុកាលសង្ឃឹមរស់ (Life expectancy at birth)
សម្ដៅលើអត្រាអាយុកាលជាមធ្យមដែលប្រជាជនអាចរស់បាននៅក្នុងប្រទេសមួយ។ បើយោងទៅតាមទិន្នន័យស្ថិតិឆ្នាំ ២០១៩ របស់វិទ្យាស្ថានស្ថិតិដដែល បានបង្ហាញថា អាយុកាលសង្ឃឹមរស់របស់ប្រជាជនកម្ពុជាអាចមាន 75.5 ជាធម្យម។ បើអាយុកាលជាមធ្យមក្នុងប្រទេស មួយកាន់តែច្រើនឆ្នាំ អាចបញ្ជាក់ថាកម្រិតជីវភាពរបស់ប្រជាជននៅប្រទេសនោះល្អប្រសើរ។
៤. អត្រាមរណភាពទារកក្នុង1,000កំណើតរស់ (Infant mortality rate)
អត្រាមរណភាពទារកសម្ដៅលើចំនួនទារកដែលបាត់បង់ជីវិតមុនគ្រប់អាយុ១ឆ្នាំ ក្នុងចំណោមទារកសរុប 1,000នាក់ដែលកើតក្នុងពេលដំណាលគ្នា។ ងាកមកប្រទេសកម្ពុជា តាមស្ថិតិខាងលើបានបង្ហាញថា អត្រាមរណភាពទារកនៅកម្ពុជាក្នុងឆ្នាំ 2019 មាន 17.6% ក្នុងចំណោមទារក 1,000នាក់ដែលកើតក្នុងពេលដំណាលគ្នា។
តួលេខនេះ ជាសូចនាករ មួយដ៏សំខាន់ដែលបញ្ជាក់ពី កម្រិតជីវភាពរស់នៅ និង ការទទួលបានសេវាសុខភាពរបស់ប្រជាជននៅក្នុងសហគមន៍មួយនោះ។ ការស្លាប់របស់ទារកអាចបណ្ដាលមកពី កត្តាជាច្រើនដូចជាអនាម័យ គុណភាពទឹក អាហារូបត្ថម្ភរបស់ម្ដាយ និង ទារក និងសេវាសុខភាពផ្ទៃពោះជាដើម។ ហេតុនេះ បើអត្រាស្លាប់របស់កុមារមានទាប បញ្ជាក់ថាប្រជាជននៅក្នុង ប្រទេសនេះមានស្ថានភាពរស់នៅ ឬកម្រិតជីវភាពល្អប្រសើរ។
ជារួម standard of living បញ្ជាក់ពីលទ្ធភាពរបស់ប្រជាជនក្នុងប្រទេសមួយ (គិតជាមធ្យម) ក្នុងការប្រើប្រាស់ ផលិតផល និងសេវាកម្មដោយមិនចាំបាច់ព្រួយបារម្ភ ឬខ្វល់ខ្វាយពីការបែងចែកចំណាយលើតម្រូវការ ឬចំណង់ នោះទេ។ Standard of living ជាសូចនាករបញ្ជាក់ពីសុខភាពផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ប្រទេសមួយផងដែរ៕
ឯកសារស្រាវជ្រាវ និងដកស្រង់ចេញពី៖
១. Standard of Living Definition (investopedia.com)
២. Standard of Living: Definition, Measure, by Country, Examples, Factors Affecting It, Index (thebalance.com)
៣. GDP per capita (current US$) - Cambodia | Data (worldbank.org)
៤. ជំរឿនទូទៅនៅព្រះរាជាណាកម្ពុជាប្រជាជនកម្ពុជាឆ្នាំ ២០១៩ របាយការណ៍ជាតិស្ដីពីលទ្ធផលចុងក្រោយ | វិទ្យាស្ថានជាតិស្ថិតិ
៥. Cambodia Overview (worldbank.org)
៦. Gross Domestic Product (GDP) Definition (investopedia.com)
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។