ដល់ដំណាក់កាលមួយ «បំណុល» ចៀសមិនផុតពីជះឥទ្ធិពលអវិជ្ជមានដល់អ្នក មិនថាតិចក្ដី ច្រើនក្ដី។ បំណុលមិនល្អច្រើន វានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពហិរញ្ញវត្ថុ ក៏ដូចជាសុខភាពផ្លូវចិត្តរបស់អ្នក។ ដើម្បីចៀសវាង ក៏ដូចជាដោះស្រាយបញ្ហាទាំងនេះ វាគួរតែដល់ពេលដែលអ្នករៀបចំគម្រោងដោះបំណុលហើយ។
ដោះស្រាយយ៉ាងម៉េច? ដោះពីណា ទៅណា? តោះ! មកដោះស្រាយបំណុលតាមអេដមីនម្ដង។
ដោះស្រាយបំណុល
ជំហានទី១៖
ទាញប៊ិច ទាញសៀវភៅ ឬកុំព្យូទ័រមកកត់ត្រានូវរាល់បំណុលទាំងអស់ដែលមានក្នុងតារាងមួយ។ ចំណុចដែលត្រូវកត់ត្រាមាន ទំហំទឹកប្រាក់នៃបំណុលនីមួយៗ សំណងដែលត្រូវបង់ជាប្រចាំ និងការប្រាក់ត្រូវបង់សងប្រចាំខែនៃបំណុលនីមួយៗ។
ជំហានទី២៖
ផ្តោតការសងបំណុលតាមលំដាប់លំដោយខាងក្រោម
• វិធីទី 1. ដោះបំណុលដែលមាន “ទំហំទឹកប្រាក់តិច” ជាងគេមុន «Snowball Method»
• វិធីទី 2. ដោះបំណុលដែលមាន “អត្រាការប្រាក់ខ្ពស់” ជាងគេមុន «Avalanche Method»
វិធីដោះបំណុលតាមបែប Avalanche Method គឺសម្រាប់អ្នកដែលចង់ដោះបំណុលដែលមានអត្រាការប្រាក់ខ្ពស់ជាងគេមុន រីឯ Snowball Method វិញ សម្រាប់អ្នកចង់ដោះបំណុលតិចៗឱ្យអស់មុន ដ្បិតថាវាជួយឱ្យអ្នកមានកម្លាំងទឹកចិត្តនៅពេលអ្នកមើលឃើញចំនួនបំណុលនៅតិច។
ជំហានទី៣៖
ជារៀងរាល់ខែបន្ទាប់ពីផាត់ថ្លៃចំណាយចាំបាច់រួចហើយ អ្នកនឹងដឹងថា អ្នកមានលទ្ធភាពសងបំណុលណាមួយមុនហើយ។ ការបូកសរុបចំណូល និងចំណាយប្រចាំខែ ក៏ជួយឱ្យអ្នកដឹងពីលទ្ធភាពថា អ្នកនៅអាចខ្ចីបំណុលបន្ថែមបានក្នុងករណីចាំបាច់ណាមួយ ឬដាច់ខាតមិនអាចថែមបំណុលបានទៀតនោះទេ ព្រោះវាលើសពីលទ្ធភាពសងបំណុលរបស់អ្នក។
ឧទាហរណ៍ថា បើអ្នកសល់លុយ $100 បន្ទាប់ពីទូទាត់ថ្លៃចំណាយចាំបាច់រួចហើយ តើអ្នកចង់យកលុយដែលនៅសល់ប្រចាំខែនេះ ទៅទូទាត់លើបំណុលណាមុន?
ដើម្បីគ្រប់គ្រងបំណុលឱ្យបានល្អ អ្នកគួរតែមានតារាងដោះបំណុល ឬសៀវភៅដោះបំណុលដែលអាចតាមដានប្រចាំខែ និងគណនាថា ជាមួយទឹកប្រាក់ដែលនឹងដោះបំណុលនេះ តើអ្នកត្រូវការរយៈពេលប៉ុន្មានខែ/ឆ្នាំ ដើម្បីដោះស្រាយរួចអស់។ ជាងនេះទៀត ទោះបីជាអ្នកបានរៀបចំគម្រោងដោះបំណុលហើយមែន អ្នកគួរគប្បីត្រូវឧស្សាហ៍ពិនិត្យមើលចំណូលចំណាយខ្លួនជាប្រចាំ ដើម្បីអាចកែតម្រូវគម្រោងនោះឱ្យត្រូវទៅនឹងការផ្លាស់ប្ដូរនៃស្ថានភាពហិរញ្ញវត្ថុរបស់អ្នកផ្ទាល់។
**Bonus Part:
១. សម្រាប់តារាងគ្រប់គ្រងចំណាយប្រចាំថ្ងៃ (https://www.facebook.com/kakcentkh/posts/346294290342235)
២. វិធីសាស្រ្តដោះបំណុលតាម Snowball Method (https://www.facebook.com/kakcentkh/posts/179062800398719)
បើមានចម្ងល់អី ទាក់ទងនឹងវិធីសាស្រ្តខាងលើ អាចសួរបន្ថែមណា៎!!!