ឈ្មួញកណ្តាលភាគហ៊ុន គឺជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុដែលជួយទិញ និងលក់ភាគហ៊ុនឱ្យអតិថិជនក្នុងទីផ្សារមូលបត្រ ហើយទទួលកម្រៃតាមរយៈកម្រៃជើងសារ។ ឈ្មួញកណ្តាលភាគហ៊ុនក៏អាចចាត់ទុកជាទីប្រឹក្សាខាងផ្នែកវិនិយោគបានដែរ។
ឈ្មួញកណ្តាលភាគហ៊ុនមានតួនាទីជាអ្នកចុះឈ្មោះឱ្យអតិថិជនដែលចង់វិនិយោគក្នុងផ្សារមូលបត្រ ជាអ្នកផ្តល់ដំបូន្មានក្នុងការវិនិយោគ និងជាអ្នកភ្ជាប់ទំនាក់ទំនងរវាងអ្នកវិនិយោគ និងក្រុមហ៊ុនដែលអ្នកវិនិយោគចង់ទិញភាគហ៊ុន។ ឈ្មួញកណ្តាលភាគហ៊ុនអាចផ្តល់សេវាកម្មជាលក្ខណៈឯករាជ្យ ឬធ្វើការឱ្យក្រុមហ៊ុនណាមួយ។
ឈ្មួញកណ្តាលភាគហ៊ុនបែងចែកជាពីរប្រភេទ៖
- Full service brokers ៖ ពួកគេផ្តល់សេវាកម្មជាច្រើនក្នុងការវិនិយោគដូចជា ផ្តល់ដំបូន្មាន ដោះស្រាយបញ្ហាពន្ធ ស្រាវជ្រាវ និងវិភាគទីផ្សារភាគហ៊ុនសម្រាប់អ្នកវិនិយោគ។ សេវាកម្មរបស់ពួកគេអាចមានតម្លៃខ្ពស់ ប៉ុន្តែឈ្មួញកណ្ដាលប្រភេទនេះជាជម្រើសល្អសម្រាប់អ្នកដែលទើបតែចាប់ផ្តើម ឬមិនសូវយល់ច្បាស់ពីបម្រែបម្រួលទីផ្សារភាគហ៊ុន។
- Discount brokers ៖ ជាឈ្មួញកណ្តាលដែលផ្តល់សេវាកម្មទិញ និងលក់ភាគហ៊ុនតែប៉ុណ្ណោះ។ ឈ្មួញកណ្តាលប្រភេទនេះមានតម្លៃសេវាធូរជាង Full service brokers តែពួកគេមិនផ្តល់យោបល់ ស្រាវជ្រាវ និងវិភាគទីផ្សារឱ្យអតិថិជននោះទេ។ ដូច្នេះ សម្រាប់អ្នកដែលមិនចង់ចំណាយច្រើនលើឈ្មួញកណ្ដាល ឬថវិកាមិនគ្រប់គ្រាន់ អាចជ្រើសរើសឈ្មួញកណ្ដាលប្រភេទនេះបាន។ ប៉ុន្តែអ្នកវិនិយោគត្រូវមានចំណេះដឹងលើការវិនិយោគ និងធ្លាប់មានបទពិសោធវិនិយោគពីមុនមក។
ក្រៅពីជួយក្នុងការវិនិយោគក្នុងស្រុក ឈ្មួញកណ្តាលភាគហ៊ុនក៏អាចជួយវិនិយោគក្នុងទីផ្សារបរទេសផងដែរ។ តែមុនដំបូង អ្នកត្រូវបង្កើតគណនីវិនិយោគបរទេសសិនតាមរយៈឈ្មួញកណ្តាលណាមួយដែលផ្តល់សេវាកម្មហ្នឹង។ បន្ទាប់មកអ្នកអាចវិនិយោគដោយខ្លួនឯងបានតាម online brokerage បរទេសផ្សេងៗ។ នៅពេលចង់ដកលុយ អ្នកគ្រាន់តែទាក់ទងទៅឈ្មួញកណ្តាលដែលអ្នកបានបើកគណនីជាមួយ ហើយពួកគេនឹងរៀបចំផ្ទេរប្រាក់ចូលគណនីរបស់អ្នក។
អ្វីដែលអ្នកគួរដឹងក្នុងការជ្រើសរើសឈ្មួញកណ្តាល៖
-ស្រាវជ្រាវពីព័ត៌មាន និងកេរ្តិ៍ឈ្មោះរបស់ឈ្មួញកណ្តាល
-ស៊ើបសួរបទពិសោធពីអតិថិជនដែលធ្លាប់ប្រើសេវាកម្ម
-ប្រៀបធៀបតម្លៃសេវារវាងឈ្មួញកណ្តាលផ្សេងៗ
-ត្រូវប្រាកដថាពួកគេមានអាជ្ញាប័ណ្ណត្រឹមត្រូវ
-ស្វែងយល់ពីដំណើរការនៃការដាក់ និងដកប្រាក់៕