ប្រាក់រៀល គឺជារូបិយបណ្ណផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា និងត្រូវបានដាក់ចរាចរណ៍នៅចុងឆ្នាំ១៩៥៥ ដោយធនាគារជាតិនៃកម្ពុជា។ វត្តមានរបស់ប្រាក់រៀលមានតួនាទីសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចប្រទេសយើង។
នូវរាល់ការចរាចរប្រាក់រៀលម្ដងៗសុទ្ធសឹងតែជាផ្នែកនៃការជំរុញសេដ្ឋកិច្ចដែលក្នុងនោះរួមមាន ទីផ្សារដោះដូរទំនិញ បញ្ញើនិងកម្ចីប្រាក់ពីធនាគារ ការវិនិយោគនិងបង្កើតការងារ ការប្រើប្រាស់ប្រាក់រៀលពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិលើវិស័យជំនួញ និងទេសចរណ៍ និងពាណិជ្ជកម្មជាដើម។ វាជាចរន្តសាច់ប្រាក់មួយដែលជាកត្តានាំឱ្យសេដ្ឋកិច្ចមានការរីកចម្រើនកាន់តែខ្លាំង ប្រសិនបើសន្ទស្សន៍តួលេខនៃផ្នែកនីមួយៗមានចំនួនកើនឡើង។
តាមច្បាប់តម្រូវការនិងការផ្គត់ផ្គង់ នៅពេលណាដែលរូបិយបណ្ណមួយមានតម្រូវការខ្ពស់ក្នុងទីផ្សារ រូបិយបណ្ណនោះនឹងឡើងថ្លៃធៀបនឹងរូបិយបណ្ណដទៃ។ ជាឧទាហរណ៍ អ្នកដែលចាប់អារម្មណ៍ទេថា ពេលដែលមានបុណ្យទានម្តងៗ តម្លៃប្រាក់រៀលកើនឡើង នោះក៏ព្រោះតែតម្រូវការលុយខ្មែរនៅលើទីផ្សារអំឡុងពេលនោះមានច្រើន ស្របពេលដែលអ្នកប្រើប្រាស់ច្រើនទៅទិញទំនិញនៅតាមផ្សារធម្មតា ដែលគេទូទាត់ជាលុយខ្មែរចៀសជាងលុយដុល្លារ។
ម្យ៉ាងវិញមួយទៀត ការជួយគាំទ្រប្រាក់រៀលក៏បានចូលរួមចំណែកដល់ការកាត់បន្ថយអត្រាអតិផរណា ដោយសារតម្លៃនៃទំនិញនាំចូល វារងឥទ្ធិពលពីអត្រាប្ដូរប្រាក់ពីរូបិយបណ្ណជាតិ។ អញ្ចឹង! វាជួយកាត់បន្ថយហានិភ័យនៃការឡើងចុះលឿនលើសលប់ដែលនឹងមានផលប៉ះពាល់ខ្លាំងដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេសអ្នកមានចំណូលទាប។
លើសពីនេះ វាក៏បានជួយសម្រួលដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ក្នុងប្រទេសផងដែរ។ ជាក់ស្ដែង នៅពេលណាដែលប្រជាជននាំគ្នាចាយលុយរៀលច្រើនជាងលុយដុល្លារ នោះលុយដុល្លារនឹងមិនអាចមានឥទ្ធិពលមកលើតម្លៃលុយខ្មែរតាមរយៈ ការនាំចូល ឬ ការហូរចូលនៃវិនិយោគអន្តរជាតិខ្លាំងនោះទេ ពោលគឺ រដ្ឋាភិបាលអាចងាយស្រួលក្នុងការគ្រប់គ្រងដោយប្រើប្រាស់គោលនយោបាយរូបិយវត្ថុ នៅក្នុងប្រទេសបានទាន់ពេលវេលា។
ដូច្នេះហើយ ក្នុងនាមយើងជាប្រជាជនខ្មែរ គួរមានភាពសុទិដ្ឋិនិយមលើការចាយវាយប្រាក់រៀល ព្រោះវាក៏ដើរតួជាវត្ថុបញ្ចាក់ពីអត្តសញ្ញាណជាតិមួយ ដែលបង្ហាញថាប្រទេសយើងមិនពឹងផ្អែកលើរូបិយបណ្ណបរទេស និងមិនរងឥទ្ធិពលទាំងស្រុងពីស្ថានភាពសេដ្ឋកិច្ចនិងនយោបាយរបស់ប្រទេសណាមួយឡើយ។
គួរបញ្ជាក់ដែរថា ដោយសារតែសង្រ្គាមស៊ីវិល ប្រាក់រៀលត្រូវបានលុបបំបាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិជាខ្លាំង ព្រមទាំងបង្កឲ្យមានភាពទុគ៌តថែមទៀតផង។ បន្ទាប់ពីសង្រ្គាម ប្រាក់រៀលត្រូវរងការអន់ថយនូវតម្លៃ ដោយសារតែការហូរចូលនៃប្រាក់ដុល្លារអាមេរិក ក្នុងសម័យអុនតាក់ ព្រោះតែប្រជាជនខ្មែរមានភាពជឿជាក់ក្នុងការប្រើប្រាស់ប្រាក់ដុល្លារចៀសជាងជាងប្រាក់រៀល និងជាហេតុនាំឲ្យតម្រូវការប្រាក់រៀលមានការថយចុះ។ បច្ចុប្បន្ននេះ ប្រាក់រៀលបានរក្សានូវតម្លៃរបស់ខ្លួនបានល្អ ក៏ដោយសារតែស្ថេរភាពសង្គម និងការជឿទុកចិត្តពីប្រជាជនខ្មែរលើការចាយវាយប្រចាំថ្ងៃផងដែរ៕