ចង់ចាប់បើកអាជីវកម្មមួយ តើគួរធ្វើដូចម្ដេច ដើម្បីវាស់ស្ទង់ ថាយើងអាចចូលទីផ្សារនឹងគេបាន? ចុះមានធ្លាប់បានឮពីវិធីសាស្រ្ត SWOT ដែរឬទេ? តើវាមានន័យដូចម្តេច?
SWOT គឺជាអក្សរកាត់តំណាងឲ្យពាក្យ Strength, Weakness, Opportunity, Threat មានអត្ថន័យថា ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និង ការគំរាមកំហែងឬហានិភ័យ។ ចំណុចនីមួយៗ បង្កើតបានជាការវាយតម្លៃនៃអាជីវកម្មរបស់សហគ្រិន ក្នុងការស្វែងយល់បន្ថែម ក៏ដូចជាប្រៀបធៀបសក្តានុពលរបស់ខ្លូននៅក្នុងវិស័យនីមួយៗ។ យ៉ាងណាមិញ ចំណុចខ្លាំងនិងចំណុចខ្សោយ ត្រូវបានគេចាត់ទុកជាកត្តាផ្ទៃក្នុង រីឯឱកាសនិងការគំរាមកំហែងវិញ គឺជាកត្តាខាងក្រៅស្ថាប័ន ឬអាជីវកម្មនោះ។
• ចំណុចខ្លាំង (Strength)៖
ម្ចាស់អាជីវកម្មចាំបាច់ត្រូវតែដឹងពីចំណុចខ្លាំង ឬចំណុចលេចធ្លោដែលល្អជាងដៃគូប្រកួតប្រជែង ដើម្បីទាក់ទាញអតិថិជន។ ចំណុចខ្លាំងទាំងនោះអាចមានដូចជា សេវាកម្មល្អ ផលិតផលមានគុណភាពខ្ពស់ ឬគំនិតច្នៃប្រឌិតក្នុងការធ្វើអាជីវកម្ម។ មិនតែប៉ុណ្ណោះ ចំណុចខ្លាំងនៃអាជីវកម្មក៏អាចជាការគ្រប់គ្រងល្អដែលអាចជំរុញទឹកចិត្តបុគ្គលិកឱ្យស្រឡាញ់ការងារ និងសម្រេចបាននូវគោលដៅរបស់អាជីវកម្ម។ បន្ទាប់ពីដឹងពីចំណុចខ្លាំងរបស់ខ្លួន អ្នកក៏ត្រូវចេះពង្រឹង និងបន្តអភិវឌ្ឍចំណុចនោះឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីជាប្រយោជន៍បានយូរអង្វែង។
• ចំណុចខ្សោយ (Weakness)៖
ម្ចាស់អាជីវកម្មក៏ត្រូវចេះសង្កេតមើលចំណុចខ្សោយនៃអាជីវកម្មរបស់ខ្លួន ព្រោះវាក៏ជាចំណុចដ៏សំខាន់ដើម្បីស្វែងរកដំណោះស្រាយ និងកែតម្រូវមុនពេលទទួលរងឥទ្ធិពលពីដៃគូប្រជែង ដែលជាកត្តាធ្វើឱ្យប៉ះពាល់ដល់ដំណើរការអាជីវកម្ម។ ដើម្បីដឹងពីចំណុចខ្សោយរបស់ខ្លួន យើងអាចប្រៀបធៀបប្រតិបត្តិការផ្ទៃក្នុងអាជីវកម្ម ឬរបៀបនៃការគ្រប់គ្រងអាជីវកម្មដៃគូ នោះយើងនឹងដឹងថា អាជីវកម្មយើងអន់ខ្សោយជាងគេត្រង់ចំណុចណា។
ឧទាហរណ៍ថា អ្នកបើកហាងកាហ្វេ តែដៃគូប្រកួតប្រជែងរបស់អ្នកមានផ្ដល់សេវាកម្មកម្ម៉ង់កាហ្វេតាមកម្មវិធីទូរសព្ទដៃបាន និងមានសេវាកម្មដឹកជញ្ជូនដល់ផ្ទះទៀត ស្របពេលដែលអាជីវកម្មអ្នកមានត្រឹមតែលក់ក្នុងហាង។ ដូចនេះ អ្នកឃើញថាចំណុចណាដែលអ្នកគួរកែលម្អឱ្យប្រសើរឡើងហើយ។
• ឱកាស (Opportunity)៖
ចំណុចនេះសំដៅដល់ការចាប់យកឱកាសដែលមានក្នុងទីផ្សារឱ្យបានមុនគេ ជាមួយនឹងការសម្រេចចិត្តត្រឹមត្រូវក្នុងការជ្រើសរើសយកឱកាសដែលសក្តិសម។ ឧទាហរណ៍ថា អ្នកមានអាជីវកម្មលក់ម្ហូបអាហារ។ ពេលចាប់ផ្ដើមមានជំងឺកូវីដ អ្នកដឹងថា មនុស្សម្នានឹងកាត់បន្ថយការជួបជុំអ្នកដទៃ ហើយមិនចង់ចេញញ៊ាំអាហារក្រៅផ្ទះនោះទេ។ ដូច្នេះអ្នកបានសម្លឹងឃើញឱកាសមួយគឺបង្កើតបន្ថែមនិងផ្សព្វផ្សាយពីសេវាកម្មខ្ចប់ម្ហូបអាហារនិងដឹកជញ្ជូនដល់ផ្ទះអតិថិជនតែម្ដង។ វាគឺជាឱកាសល្អមួយដើម្បីរក្សានិងពង្រឹងបន្ថែមនូវលំហូរចំណូលអាជីវកម្ម ជាពិសេសក្នុងរដូវកាលលំបាកនេះ។ នេះគ្រាន់តែជាឧទាហរណ៍មួយដែលទាក់ទងទៅនឹងនិន្នាការទីផ្សារប៉ុណ្ណោះ។
ក្រៅពីនេះ ឱកាសសម្រាប់អាជីវកម្មក៏អាចមានផ្សេងទៀតដែរដូចជា ការបង្កើតផលិតផលឬសេវាកម្មបន្ថែមទៅតាមការវិវត្តនៃនិន្នាការទីផ្សារ ការពង្រីកទីតាំងអាជីវកម្ម(សាខា)នៅភូមិសាស្ត្រដែលមិនទាន់មានដៃគូប្រកួតប្រជែងទៅដល់។ល។
• ការគំរាមកំហែងឬហានិភ័យ (Threat)៖
សំដៅលើកត្តាខាងក្រៅទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មរបស់យើង។ ឧទាហរណ៍ដូចជា ការធ្វើវិសោធនកម្មច្បាប់ គ្រោះមហន្តរាយធម្មជាតិ ព្រឹត្តិការណ៍ជាតិឬអន្តរជាតិ វិវត្តន៍នៃបច្ចេកវិទ្យា ការជ្រៀតចូលនៃដៃគូប្រជែងថ្មីដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយអតិថិជន និង ការតម្លើងថ្លៃទំនិញពីអ្នកផ្គត់ផ្គង់។ល។ ពិតណាស់ ម្ចាស់អាជីវកម្មគួរតែយល់ដឹងពីហានិភ័យដែលអាចជះឥទ្ធិពលដល់អាជីវកម្មរបស់ខ្លួន ហើយគួរត្រៀមខ្លួននិងគិតពីផែនការបម្រុង (backup plan) សម្រាប់ដោះស្រាយជាមួយបញ្ហានានាៗដែលស្ថិតក្រៅការគ្រប់គ្រងរបស់ខ្លួន ដើម្បីការពារ និងកាត់បន្ថយហានិភ័យឱ្យបានតិចបំផុតតាមដែលអាចធ្វើបាន។
ក្រៅពីនេះ អ្នកគួរសិក្សានិងតាមដាននូវព័ត៌មានថ្មីៗទាន់ហេតុការណ៍ទាំងក្នុងនិងក្រៅស្រុក ការអភិវឌ្ឍប្រទេសជាតិ ជាដើម ដើម្បីអាចសម្រេចចិត្តបានទាន់ពេលវេលាក្នុងការបញ្ចៀសពីការគំរាមកំហែងនានា។
វិធីសាស្ត្រវិភាគអាជីវកម្ម SWOT Analysis នេះមានប្រយោជន៍ជាពិសេសសម្រាប់សហគ្រិនថ្មីថ្មោង និងអ្នករៀបចំគម្រោងបង្កើតអាជីវកម្ម ព្រោះវាជាផ្នែកដំបូងក្នុងការវិភាគនិងពិនិត្យមើលសមត្ថភាពអាជីវកម្មមុននឹងឈានជើងចូលក្នុងវិស័យណាមួយនោះ ដើម្បីងាយស្រួលគ្រប់គ្រងការងារផ្ទៃក្នុងនៃអាជីវកម្ម ក៏ដូចជាការប្រកួតប្រជែងនៅលើទីផ្សារ។ លើសពីនេះវាក៏អាចដើរតួសំខាន់ក្នុងការសម្រេចចិត្តបង្កើតយុទ្ធសាស្រ្តថ្មីផងដែរ៕
*ចំណាំ៖ ចំណុចដែលបានបង្ហាញក្នុងរូបភាពគ្រាន់តែជាឧទាហរណ៍ខ្លះៗនៃការវិភាគលើអាជីវកម្មទូទៅប៉ុណ្ណោះ តែជាក់ស្ដែងការធ្វើ SWOT Analysis លើអាជីវកម្មផ្សេងគ្នា លទ្ធផលនៃការវិភាគក៏អាចខុសគ្នា ទៅតាមប្រភេទនិងធនធាននៃអាជីវកម្មដែរ៕