ថ្មីៗនេះ មានការចែកចាយរូបភាព Showroom របស់ក្រុមហ៊ុន Tesla ដែលគេជឿជាក់ថា វាជាក្រុមហ៊ុន Tesla Inc របស់លោក Elon Musk។ តើជាការពិតមែនឬយ៉ាងណា? ប៉ុន្តែជាដំបូងយើងគួរមកស្គាល់ថា តើក្រុមហ៊ុន Tesla Inc គឺជាក្រុមហ៊ុនអ្វីសិន!
ក្រុមហ៊ុន Tesla ជាក្រុមហ៊ុនផលិតឡានអគ្គិសនី ចាប់ផ្ដើមដំបូងនៅឆ្នាំ ២០០៣ ដោយក្រុមហ៊ុន Tesla មានចក្ខុវិស័យចង់បង្កើតឡានដែលដំណើរការដោយអគ្គិសនី លឿន ទំនើបជាងប្រភេទឡានដោយប្រើសាំង។
មកទល់ពេលបច្ចុប្បន្ន ក្រុមហ៊ុននេះដំណើរការបានជាង ១៨ឆ្នាំមកហើយ ដែលមានលោក Elon Musk ជាអគ្គនាយកនាពេលបច្ចុប្បន្ន។ ឡានដំបូងរបស់ក្រុមហ៊ុន Tesla មានឈ្មោះថា The Roadster ប៉ុន្តែគួរឱ្យសោកស្ដាយ ក្រុមហ៊ុនហាក់មិនទទួលជោគជ័យនោះឡើយ ដ្បិតថានៅពេលដាក់លក់ឡាននេះជាលើកដំបូងនោះមានតម្លៃថ្លៃ ការមិនទាន់ពេញនិយមជាមួយឡានអគ្គិសនី ក៏ដូចជាការជួបនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនាឆ្នាំ ២០០៨ ថែមទៀត។
យ៉ាងណាមិញ មកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុននេះមានគេទទួលស្គាល់ពីគុណភាពដ៏ល្អឥតខ្ចោះរបស់វារួចទៅហើយ ពីប្រទេសបណ្ដាជឿនលឿនលោកខាងលិច។ ថ្មីៗនេះ ក្រុមហ៊ុន Tesla បានលេចរូបរាងឡើងក្នុងប្រទេសកម្ពុជា ដែលនេះជាប្រធានបទមួយសួរថា «តើហេតុអ្វីក្រុមហ៊ុននេះជ្រើសរើសយកប្រទេសកម្ពុជា?» ហើយ «តើវាពិតជាក្រុមហ៊ុន Tesla របស់លោក Elon Musk មែនដែរឬទេ?»
បើយោងទៅតាមសារព័ត៌មាន កោះសន្តិភាព បានស្រាយបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពិតជាមានក្រុមហ៊ុនឈ្មោះ Tesla បានចុះបញ្ជីពាណិជ្ជកម្មពិតមែន ប៉ុន្តែមិនមែនជាក្រុមហ៊ុនរបស់លោក Elon Musk នោះឡើយ តែជាក្រុមហ៊ុន TESLA INDUSTRIES CO., LTD និង TESLA ENGINEERING AND CONSTRUCTION CO., LTD ដែលក្រុមហ៊ុនទាំងពីរនេះ ពុំមែនជាក្រុមហ៊ុននាំចូលឡានអគ្គិសនីនោះឡើយ។
មកទល់ពេលនេះ យើងពុំទាន់ឃើញ ឬទទួលបានព័ត៌មានច្បាស់ការថា Showroom Tesla ដែលមាននោះ ជារបស់លោក Elon Musk ពិតប្រាកដមែននោះឡើយ។ យ៉ាងណាក៏ដោយ ប្រសិនបើវាជាការពិតមែននោះ សរបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាកំពុងត្រូវបានអ្នកវិនិយោគធំៗចាប់អារម្មណ៍វិនិយោគ ដ្បិតថាក្រៅពី Tesla ក៏មានក្រុមហ៊ុនផ្សេងៗទៀតដែរ ដែលបានចូលមកដូចជា 7-Eleven Gong Cha ឬ Papa John’s Pizza ជាដើម ហើយនេះក៏ជាសញ្ញាវិជ្ជមានមួយដល់សេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ៕
ប្រភពឯកសារ និងដកស្រង់ចេញពី៖
- ក្រុមហ៊ុន TESLA ចំនួនពីរបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកម្ពុជាតែមិនមានឈ្មោះលោក Elon Musk ទេ – Koh Santepheap Daily
- ក្រសួងបដិសេធវត្តមានតំណាងចែកចាយរថយន្ត TESLA នៅកម្ពុជា | ភ្នំពេញ ប៉ុស្ដិ៍ (postkhmer.com)
- About Tesla | https://www.tesla.com/about
© 2021 - 2022 KAKCENT
រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។