ការប្រដូចមនុស្សម្នាក់ ឬប្រទេសមួយទៅនឹងសត្វខ្លា គឺចង់សំដៅដល់ការមានអំណាច និងមានជំហរខ្លាំងខ្លារបស់បុគ្គល ឬប្រទេសនោះ។
ចុះអ្នកទាំងអស់គ្នាដឹងថាខ្លាអាស៊ីទាំង ៤ មានអ្នកណាខ្លះ? ហើយខ្លាទាំង ៤ នេះមានអំណាចក្នុងចក្រភពអាស៊ីដូចម្ដេចខ្លះ?
“ខ្លាអាស៊ីទាំង ៤” គឺជាឈ្មោះដែលគេដាក់ឲ្យប្រទេសសិង្ហបុរី ហុងកុង កូរ៉េខាងត្បូង និងតៃវ៉ាន់ដោយសារឥទ្ធិពល និងការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់ប្រទេសទាំងបួន។ ចាប់តាំងពីកំឡុងឆ្នាំ ១៩៦០ ការបើកសេដ្ឋកិច្ច និង ការធ្វើឧស្សាហូបនីយកម្ម ធ្វើឲ្យសេដ្ឋកិច្ចប្រទេសទាំង៤នេះ មានការរីកសុះសាយ ជឿនលឿនខ្លាំងជាងសេដ្ឋកិច្ចរបស់ប្រទេសដទៃក្នុងទ្វីបអាស៊ី។ ចំណុចសេដ្ឋកិច្ចពិសេសរបស់សិង្ហបុរី និង ហុងកុងនោះគឺ មជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ពួកគេ ដែលមានភាពទាក់ទាញដល់អ្នកវិនិយោគទូទាំងពិភពលោក។ រីឯប្រទេសកូរ៉េខាងត្បូង និងតៃវ៉ាន់ត្រូវបានគេទទួលស្គាល់លើជំនាញផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យា ផលិតកម្មនៃរថយន្ត និងសមាសធាតុអេឡិចត្រូនិចប្រចាំទ្វីបអាស៊ីផងដែរ។
តើខ្លាអាស៊ីទាំង ៤ អនុវត្តគោលនយោបាលអ្វីខ្លះដើម្បីប្រែក្លាយប្រទេសរបស់គេ?
១. ប្រទេសសិង្ហបុរី និងហុងកុងមានទិសដៅផ្តោតលើការផ្សព្វផ្សាយពាណិជ្ជកម្មសេរី ដោយអនុវត្តរបបពាណិជ្ជកម្មសេរីនិយម និងផ្តោតលើការនាំចេញផលិតផលក្នុងវិស័យមួយចំនួន។ ចំណែកប្រទេសកូរ៉េខាងត្បូង និងតៃវ៉ាន់វិញ អនុវត្តនយោបាយសេដ្ឋកិច្ចកូនកាត់ គឺតម្រង់ទិសនាំចេញ នាំចូល និងកែសម្រួលគោលនយោបាយឲ្យសក្ដិសមទៅនឹងទីផ្សាររបស់ពួកគេ។ ថ្វីត្បិតថាប្រទេសទាំង ៤
បានអនុវត្តគោលនយោបាយផ្សេងៗគ្នា ប៉ុន្តែការលើកកម្ពស់វិស័យនាំចេញបាននាំមកនូវអត្រាកំណើនក្នុងមួយឆ្នាំជាមធ្យម ៧.៥% ដល់ខ្លាអាស៊ីទាំង ៤។
២. ខ្លាអាស៊ីទាំង៤ ផ្ដោតសំខាន់ទៅលើការអភិវឌ្ឍធនធានមនុស្ស និងវិស័យអប់រំ។ នៅកំឡុងឆ្នាំ១៩៦០ ចំនួនប្រជាជនជាមធ្យមនៃប្រទេសទាំង៤ ដែលទទួលបានការអប់រំថ្នាក់អនុវិទ្យាល័យមានចំនួនច្រើនជាងប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត។ បន្ទាប់ពីឧស្សាហកម្មធុនធ្ងន់រីកចម្រើនក្នុងឆ្នាំ១៩៨០ ការរអភិវឌ្ឍលើវិស័យអប់រំមានការកើនឡើង ដែលរួមបញ្ចូលថ្នាក់មត្តេយ្យ ថ្នាក់អនុវិទ្យាល័យ និងការអប់រំខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផងដែរ។ លទ្ធផលដែលទទួលបាននោះគឺ ការមានធនធានមនុស្សដែលដើរទាន់ឧស្សាហូបនីយកម្មរបស់ពិភពលោក។
៣. រដ្ឋាភិបាលរបស់ពួកគេមានការបត់បែនទៅតាមស្ថានភាព និងអនុវត្តក្របខ័ណ្ឌស្ថាប័នតឹងរឹង ដែលធ្វើឲ្យពួកគេជៀសផុតពីបំណុល និងប្រមូលលំហូរវិនិយោគមកអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។
‼️យ៉ាងណាមិញ នៅឆ្នាំ១៩៩៧ ដោយអាស៊ីជួបប្រទះវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ធ្វើឲ្យទីផ្សាភាគហ៊ុនរបស់ ហុងកុង កូរ៉េខាងត្បូង និងសិង្ហបុរី ធ្លាក់ចុះយ៉ាងហោចណាស់ ៦០% គិតក្នុងរូបិយប័ណ្ណដុល្លារ។ ដោយឡែកតៃវ៉ាន់បានរួចផុតពីវិបត្តិនេះ ដោយសាររូបិយប័ណ្ណ
របស់តៃវ៉ាន់នៅពេលនោះមានស្ថេរភាពជាងប្រទេសដទៃ ហើយសេដ្ឋកិច្ចរបស់ពួកគេមិនសូវពឹងផ្អែកទៅលើប្រទេសដែលកំពុងជួបវិបត្តិនោះ។ ប៉ុន្តែក្រោយវិបត្តិហិរញ្ញវត្ថុក្នុងអាស៊ីបានបញ្ចប់ ពួកគេបានស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ហើយក៏ក្លាយជាប្រទេសអភិវឌ្ឍន៍ដូចលោកខាងលិច និងទទួលបានកេរ្តិ៍ឈ្មោះ “ខ្លាអាស៊ីទាំង៤” ដូចបានឃើញសព្វថ្ងៃ។
ដ្បិតប្រទេសនីមួយៗមានស្ថានភាពនយោបាយ កម្រិតសេដ្ឋកិច្ច និងលក្ខណៈភូមិសាស្រ្តខុសៗគ្នា ដូចនេះគោលនយោបាយខាងលើរបស់ខ្លាអាស៊ីទាំង៤អាចយកជាគំរូ បទពិសោធន៍ និងការយល់ដឹង ដល់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីកែច្នៃគោលនយោបាយផ្សេងៗឲ្យសក្ដិសម និងបត់បែនតាមលក្ខខណ្ឌប្រទេសរៀងៗខ្លួន៕
ឯកសារយោង៖
Bloomenthal, A. (2021, January 15). Four Asian Tigers. Investopedia.
Four Asian Tigers. Coporate finance institue .
Severns, C. (2021, March 6). The Development of the Four Asian Tigers. Borgen Magazine.
Thorbecke, E., & Wan, H. Epilogue: how did taiwan withstand the asian financial crisis? In Taiwan’s Development Experience.
Click here to read more aout: Why Your Business Needs to Consider the Four Asian Tigers
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។