ទ្វីបអាស៊ី ជាទ្វីបមួយដែលធំជាងគេ និងមានប្រជាជនរស់នៅច្រើនជាងគេនៅលើពិភពលោក។ យ៉ាងណាក៏ដោយ បើយោងទៅតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹង ប្រជាជនប្រហែល ២៦៣លាននាក់ មានប្រភពប្រាក់ចំណូលក្រោម $1.90 នៅឡើយ ដ្បិតថាទ្វីបអាស៊ីទទួលលរងឥទ្ធិពលជាច្រើនពីបណ្តាប្រទេសខ្លាំងៗ នៅសម័យសង្រ្គាម។
មូលហេតុទាំងនេះហើយទើប ធនាគារអភិវឌ្ឍន៍អាសុី (ADB) ក៏បានលេចរូបរាងឡើងក្នុងឆ្នាំ១៩៦៦ ដែលរួមគ្នាដំបូងផ្តោតជាចម្បងទៅលើជំនួយផ្នែកកសិកម្ម ផលិតផលស្បៀង និងការអភិវឌ្ឍជនបទ។ មួយវិញទៀត ការអំណោយទានខាងផ្នែកកសិកម្មនៅតំបន់អាស៊ី ជាផ្លូវដែលនាំទៅរកការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងប្រជាជនក្នុងតំបន់ ដែល ADB យល់ថាវាងាយស្រួលក្នុងការអភិវឌ្ឍ ទើបចាប់ផ្តើមពីវិស័យនេះមុនគេ។
ធនាគារអភិវឌ្ឍន៍អាស៊ីបង្កើតឡើងដំបូង ដោយមានការចូលរួមពីសមាជិកចំនួន ៣១ប្រទេស រួមមានកម្ពុជាផង ហើយនាពេលបច្ចុប្បន្ននេះ ធនាគារអភិវឌ្ឍន៍អាស៊ី មានសមាជិកចំនួនសរុបចំនួន ៦៨ប្រទេស ដែលក្នុងនោះ ៤៩ ប្រទេសស្ថិតក្នុងអាស៊ី និងប៉ាស៊ីហ្វិច និង ១៩ ប្រទេសទៀតស្ថិតនៅក្រៅតំបន់។
ទស្សនវិស័យរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី គឺធ្វើយ៉ាងណាសម្រេចបាននូវភាពរីកដុះដាល ប្រកបដោយនិរន្តរភាពទូទាំងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងលុបបំបាត់នូវភាពក្រីក្រក្នុងតំបន់ ដោយផ្អែកទៅលើគម្រោងសកម្មភាពផ្សេងៗរួមមាន ការផ្តល់ជាកម្ចីដល់ប្រទេសដែលមានកង្វះខាត ផ្តល់ជាជំនួយខាងផ្នែកបច្ចេកទេស ការផ្តល់អំណោយ ឬ ការវិនិយោគមូលធនដើម្បីជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
ជាក់ស្តែង ធនាគារADB បានត្រៀមកញ្ចប់ទឹកប្រាក់ចំនួន ២០,០០០លានដុល្លា សម្រាប់ជាជំនួយដល់ប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈការផ្ដល់ជំនួយដល់ជនក្រីក្រ និងជនងាយរងគ្រោះក្នុងរដូវកាលកូវីដ១៩នេះជាពិសេស។ ដោយក្នុងនោះកម្ពុជាក៏បានទទួលកម្ចី ២៥០លានដុល្លារ សម្រាប់តម្រូវការក្នុងកិច្ចការពារសង្គម និង ឆ្លើយតបទៅនឹងបញ្ហាសុខាភិបាល ព្រមទាំងជួយដល់សហគ្រាសធុនតូចនិងមធ្យមផងដែរ។
ក្រៅពីជំនួយហិរញ្ញវត្ថុ ធនាគារADBក៏គាំទ្រដល់ការបង្កើតគម្រោងនានាបំផុសឡើងទាំងរយៈវិស័យរដ្ឋនិងឯកជន ដែលផ្តល់ផលវិជ្ជមានដល់សេដ្ឋកិច្ច និងដំណើរការរបស់ប្រទេស ដូចជាការគាំទ្រនិងផ្តល់ជំនួយផ្នែកបច្ចេកទេសដល់វិស័យឌីជីថលដល់រដ្ឋាភិបាលកម្ពុជាលើប្រព័ន្ធបោះអត្តសញ្ញាណបណ្ណជាតិជាដើម។
លើសពីនេះ មានវិស័យជាច្រើនទៀតដែល ធនាគារអភិវឌ្ឍន៍អាសុី បានយកចិត្តទុកដាក់ចូលរួមដូចជា វិស័យកសិកម្ម ហិរញ្ញវត្ថុ សុខាភិបាល ទេសចរណ៍ អប់រំ ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ក្នុងគោលបំណងរួមតែមួយ គឺលុបបំបាត់ភាពក្រីក្រ និងភាពអត់ឃ្លាន ដើម្បីជាភាពងាយស្រួលដល់រដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស ឱ្យបានទាំងតំបន់ទីក្រុង និងជនបទ៕