ដែលឆ្ងល់អត់ថា តើទំនិញឡើងថ្លៃអាចបណ្ដាលមកពីមូលហេតុអីខ្លះ?
«តម្រូវការ»
តម្រូវការផលិតផលកើនឡើងទៅតាមអំណាចទិញរបស់អ្នកប្រើប្រាស់ ពោលគឺនៅពេលមនុស្សមានលុយចាយច្រើនជាងមុន។ តែដោយសារការផលិតមិនទាន់តាមតម្រូវការ បានន័យថាបរិមាណផលិតធ្លាក់ចុះ។ ជាលទ្ធផល ដោយសារតម្រូវការកើនឡើង តែការផ្គត់ផ្គង់មិនគ្រប់គ្រាន់ ទើបបណ្ដាលឱ្យទំនិញនោះឡើងថ្លៃ។ បន្ថែមលើនេះដែរ កត្តាដែលអាចធ្វើឲ្យមានតម្រូវការទំនិញកើនឡើង មានដូចជា ការដំឡើងប្រាក់បៀវត្សរ៍ ការឡើងថ្លៃក្នុងវិស័យអចលនទ្រព្យ និងការទម្លាក់តម្លៃអត្រាប្តូរប្រាក់។ ក្នុងន័យសេដ្ឋកិច្ច ប្រសិនទំនិញឡើងថ្លៃដោយសារតម្រូវការកើនឡើង នោះគេហៅវាថា “Demand-pull inflation” ឬ តម្រូវការបង្កអតិផរណា។
ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: គន្លឹះទិញអីវ៉ាន់កុំឱ្យចាយលើសពីតម្រូវការ
«កំណើនថ្លៃដើម»
បើថ្លៃដើមនៃផលិតផលឬទំនិញនោះឡើងថ្លៃ ប្រាកដណាស់ថាតម្លៃលក់នឹងឡើងឡើងថ្លៃដូចគ្នា។ ថ្លៃដើមនៃផលិតផលមានដូចជា ថ្លៃវត្ថុធាតុដើម (raw materials) និង ថ្លៃឈ្នួលកម្លាំងពលកម្មជាដើម ដែលជាចំណែកមួយផ្នែកធំនៃការកំណត់តម្លៃផលិតផល។ ករណីនេះដែរ បើក្នុងន័យសេដ្ឋកិច្ចគេឱ្យឈ្មោះវាថា “Cost-push inflation” ឬ អតិផរណាបង្កដោយកំណើនថ្លៃដើម។ យើងអាចយកករណីវិបត្តិប្រេងពិភពលោក កាលអំឡុងឆ្នាំ ១៩៧៣ ជាឧទាហរណ៍។
ដោយពេលនោះ សមាជិកក្នុងអង្គការក្រុមប្រទេសនាំចេញប្រេងកាត (OPEC) បានតម្លើងថ្លៃប្រេងឆៅឲ្យឡើងថ្លៃជាគំហុក ហើយប្រទេសជាច្រើនបានរងផលប៉ះពាល់ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។ តម្លៃប្រេងឆៅឡើងថ្លៃ ធ្វើឲ្យតម្លៃប្រេងសាំង ឬប្រេងឥន្ធនៈមានការឡើងថ្លៃដូចគ្នា។
កត្តា២ខាងលើជាកត្តាគោលក្នុងសេដ្ឋកិច្ចដែលអាចបង្កឱ្យទំនិញឡើងថ្លៃ។ ក្រៅពីនេះ ការឡើងថ្លៃនៃទំនិញក៏អាចបណ្ដាលមកពីកត្តាបន្ទាប់បន្សំដទៃទៀតដែរ ដូចជាការផ្គត់ផ្គង់សាច់ប្រាក់នៅក្នុងសេដ្ឋកិច្ចជាដើម។ ហេតុការណ៍នេះកើតមានឡើងនៅពេលរដ្ឋាភិបាល ឬធនាគារកណ្តាលបោះពុម្ពលុយហួសកម្រិត។ ជាលទ្ធផល ចរាចរណ៍សាច់ប្រាក់ក្នុងសេដ្ឋកិច្ចកើនឡើងច្រើនជាងមុន តែប្រសិនបើបរិមាណទិន្នផលគ្មានការប្រែប្រួលទេនោះ វានឹងនាំឱ្យទំនិញឡើងថ្លៃ ឬដែលយើងស្គាល់ថាជា អតិផរណា៕
ឯកសារយោង:
- Cost-Push Inflation: Definition, Causes and Examples | thebalance.com
- Demand-pull inflation | economicshelp.org
- Economics Cost-Push Inflation vs. Demand-Pull Inflation: What’s the Difference? | Investopedia.com
- oil crisis | Definition, History, & Facts | Britannica
- The link between Money Supply and Inflation | Economics Help | economicshelp.org
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។