មានចម្ងល់យូរហើយអំពីភាពខុសគ្នារវាង CEO និង Founder។ ពីរនេះស្តាប់ទៅ គឺដឹងតែធ្វើឲ្យមានការច្រលំច្រើន ជាពិសេសអេដមីននេះតែម្តង។ ពេលខ្លះឆ្ងល់ម៉េចបានក្រុមហ៊ុនខ្លះមាន CEOផង និងFounderផង។ ដោយពាក្យ២នេះមានន័យខុសគ្នាយ៉ាងម៉េចខ្លះអេដមីននឹងបកស្រាយនៅខាងក្រោមនេះ។
CEO៖
នេះមកពីពាក្យពេញ Chief Executive Officer ដែលមានន័យថានាយកប្រតិបត្តិ។ CEO គឺជាមនុស្សម្នាក់តែមានតួនាទីធំជាងគេក្នុងការដឹកនាំក្រុមហ៊ុនទាំងមូល និងត្រូវបានចាត់តាំង ឬជ្រើសរើសដោយក្រុមប្រឹក្សារួមមានម្ចាស់ភាគហ៊ុនធំៗ។ តួនាទីគោលរបស់ CEO គឺចាត់ចែង ការគ្រប់គ្រង ធ្វើការសម្រចចិត្ត រៀបចំយុទ្ធសាស្រ្ត និងជាអ្នកតំណាងរបស់ក្រុមហ៊ុនទាំងមូល។ CEO មានទំនួលខុស ត្រូវទាំងស្រុងចំពោះក្រុមហ៊ុនពោលមាន ន័យថារាល់បញ្ហាដែលចោទមានឡើង ដោយប្រការណាមួយ អ្នកដែលទទួលខុសត្រូវគឺ CEO នេះឯង។ ចំណុចអត្ថបុគ្គលិកលក្ខណៈដែលCEO គួរតែមាន គឺត្រូវចេះច្បាស់លាស់នៃជំនាញគ្រប់គ្រង ចេះស្តាប់ហេតុផលបុគ្គលិក និងមានភាពជាក់លាក់ក្ក្នុងការសម្រចចិត្ត។ ពាក្យស្លោកមួយដែលបានលើកឡើងថា “With great power comes great responsibility” ដែលមានន័យថាតំណែងកាន់តែខ្ពស់ ទំនួលខុសត្រូវក៏កាន់តែខ្ពស់ដែរ។
Founder៖
សម្រាប់ Founder មានន័យជាខ្មែរថាស្ថាបនិក។ Founder នេះជាម្ចាស់ក្រុមហ៊ុន ជាអ្នកផ្តួចផ្តើម ឬរកឃេីញបង្កើតឲ្យមានក្រុមហ៊ុនមួយ។ តួនាទីសំខាន់របស់ស្ថាបនិកក្រុមហ៊ុនមួយ គឺត្រូវស្វែង យល់អំពីចក្ខុវិស័យ និងបេសកកម្មរបស់ក្រុមហ៊ុនខ្លួនឲ្យបានច្បាស់លាស់ ទេីបក្រុមហ៊ុនអាចដំណើរការទៅមុខបាន។
ចំណុចខុសគ្នាគឺថា គ្រប់ក្រុមហ៊ុនតែងតែមាននាយកប្រតិបត្តិ ប៉ុន្តែមិនប្រាកដថាគ្រប់នាយកប្រតិបត្តិ ឬក៏CEOនេះជាស្ថាបនិក ឬក៏សហស្ថាបនិកក្រុមហ៊ុននោះទេ។ តួយ៉ាងTim Cook ជានាយកប្រតិបត្តិរបស់ Apple តាំងពីឆ្នាំ២០១១ ប៉ុន្តែសហស្ថាបនិកក្រុមហ៊ុនយក្សមួយនេះគឺជា Steve Jobs វិញ។ ដោយ Steve Jobs គាត់ជាសហស្ថាបនិក និងអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុនយក្ស Apple។ ពេលខ្លះ ស្ថាបនិកក្រុមហ៊ុនមួយគិតថាខ្លួនមិនអាចគ្រប់គ្រងក្រុមហ៊ុនទាំងមូលបានពួកគេតែងតែផ្ទេរតំណែង ទៅឲ្យនាយកប្រតិបត្តិ ឬក៏ CEO នេះឯង ដើម្បីគ្រប់គ្រងក្រុមហ៊ុនជំនួសវិញ។
ទោះបីជាមុខតួនាទី ពីរនេះអាចធ្វើឲ្យមានការយល់ច្រលំ បុ៉នែ្តគោលដៅរបស់ពួកគេ គឺការគ្រប់គ្រងក្រុមហ៊ុន និងធ្វើឲ្យដំណើរការទៅមុខដោយស្របទៅតាមចក្ខុវិស័យ និងបេសកកម្មរបស់ក្រុមហ៊ុនផ្ទាល់៕
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។