ក្រុមហ៊ុន តិកតុក (TikTok) ត្រូវបានបង្កើតឡើងដោយការរួមបញ្ចូលរវាងកម្មវិធីពីរគឺ Musical.ly ដែលបង្កើតឡើងក្នុងឆ្នាំ ២០១៤ និងកម្មវិធី Douyin បង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយក្រុមហ៊ុន Bytedance ។ ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Bytedance បានទិញយកកម្មវិធី Musical.ly ក្នុងតម្លៃប្រមាណ ៨០០លាន ទៅ ១ ពាន់លានដុល្លារអាមេរិក បន្ទាប់មករួមបញ្ចូលកម្មវិធីនេះជាមួយ Douyin ហើយដាក់ឈ្មោះកម្មវិធីថ្មីនេះថា “TikTok”។
តើ TikTok ជាអ្វី? ហើយវាមានគុណសម្បត្តិអ្វីខ្លះ ទើបគេហ៊ានប៉ាន់ស្មានថាវានឹងក្លាយជាទីផ្សារ social media ធំនាថ្ងៃខាងមុខ?
TikTok គឺជាកម្មវិធីទូរសព្ទដៃដ៏ពេញនិយមមួយ ដែលអ្នកប្រើប្រាស់អាចទាញយកបានដោយឥតគិតថ្លៃ ពី App Store ឬ Play Store។ វាប្រមូលផ្ដុំទៅដោយឃ្លីបវីដេអូខ្លីៗ ក្រោមរយៈពេលយូរបំផុតត្រឹមមួយនាទី ក្នុងនោះលាយឡំទៅដោយការកំប្លែង ការអប់រំ រាំ ច្រៀង កីឡា ទេសភាពធម្មជាតិ ជាដើម។
បើយោងទៅតាម ការចុះផ្សាយរបស់ BBC ក្រុមហ៊ុនតិកតុកគិតត្រឹមខែ កក្កដា មានអ្នកទាញយកកម្មវិធីតិកតុករហូតដល់ ២ពាន់លាន ខណៈពេលដែលអ្នកប្រើប្រាស់ក្នុងកម្មវិធីជាប្រចាំ(Active Users) មានរហូតដល់ ៨០០លាននាក់។
ចំណែកឯទស្សនាវដ្ដី Forbes បានលាតត្រដាងពីAppដែលមានការដោនឡូតច្រើនជាងគេទូទាំងពិភពលោកក្នុងឆ្នាំ ២០២០។ ក្នុងនោះ TikTok ជាប់ចំណាត់ថ្នាក់លេខ ១ ដែលមានការទាញយក(downloads)រហូតដល់ ៨៥០លានដង ខណៈពេលដែលបណ្ដាញសង្គមយក្ស Facebook មាន ៥៤០លានដង និង Instagram មាន ៥០៣លានដង ឈរនៅត្រឹមលេខ៣ និង៤ រៀងគ្នា រីឯលេខ ២ គឺកម្មវិធី WhatsApp មាន ៦០០លានដង។ Forbes ក៏បានឲ្យដឹងទៀតដែរថា TikTok ក្នុងឆ្នាំ ២០២១ នេះរំពឹងថាអាចបង្កើនចំណូលបាន ៦ពាន់លានដុល្លារអាមេរិក ស្របពេលដែលតម្លៃក្រុមហ៊ុនរបស់តិកតុកពេលបច្ចុប្បន្នមានតម្លៃរហូតដល់ជាង ៥០ពាន់លានដុល្លារអាមេរិកឯណោះ។
បច្ចុប្បន្ន កម្មវិធី TikTok បានដាក់ឲ្យដំណើរការប្រើប្រាស់ក្នុង ១៥៤ប្រទេស និងប្រតិបត្តិការបានដល់ទៅ ៧៥ភាសា។ បើទោះបីជាមានប្រទេសមួយចំនួនបានសម្រេចបិទនូវការចរាចរណ៍បណ្ដាញសង្គម TikTok ក្ដី ក៏កម្មវិធីមួយនេះនៅរក្សាបានភាពល្បីល្បាញ និងសក្ដានុពលរបស់ខ្លួនក្នុងទីផ្សារអនាគត។
ក្រុមហ៊ុនកំពុងតែពិភាក្សាផងដែរអំពីការដំឡើងរយៈពេលវីដេអូ រហូតដល់៣នាទី ក្នុងមួយឃ្លីប។ ជាពិសេស ពួកគេក៏មានគម្រោងផ្ដល់ទឹកប្រាក់ជូនដល់អ្នកបង្កើតវីដេអូតាមរយៈចំនួន view ដូចជាកម្មវិធី Youtube ដែរ។
អញ្ចឹង យើងឃើញថា ត្រឹមតែរយៈពេល ២ឆ្នាំប៉ុណ្ណោះ សន្ទុះនៃកម្មវិធីតិកតុក ហាក់លោតឡើងខ្ពស់ជាពិសេសសូម្បីតែស្ថាបនិកហ្វេសប៊ុក លោក Mark Zuckerberg ក៏ទទួលស្គាល់ពីការរីកចម្រើននៃកម្មវិធី ដែលជាដៃគូប្រកួតប្រជែងធំរបស់ Facebook និង Instagram ផងដែរ។
យើងដឹងហើយថា កម្មវិធី TikTok ភ្ជាប់ទំនាក់ទំនងក្នុងសង្គមយ៉ាងជិតស្និទ្ធ និងផ្ដល់នូវមុខងារកម្សាន្ត ក៏ដូចជាអត្ថប្រយោជន៍ជាច្រើនដល់បណ្ដាអ្នកប្រើប្រាស់ក្នុងគោលបំណងផ្សេងៗគ្នា ប៉ុន្តែត្រូវចងចាំថា កុំបណ្ដាលឲ្យខ្លួនអ្នកក្លាយជាទាសករនៃបច្ចេកវិទ្យាឲ្យសោះ ព្រោះវាអាចជះឥទ្ធិពលអវិជ្ជមានដល់យើងគ្រប់ពេលវេលា។
ជាពិសេសអាណាព្យាបាលគួរតែយកចិត្តទុកដាក់ ឃ្លាំមើលកូនៗក្នុងវ័យកុមារ ក្រៅពីប្រើក្នុងន័យសិក្សាអប់រំ គួរកាត់បន្ថយការលេង TikTok និងបណ្ដាញសង្គមផ្សេងៗទៀត ដ្បិតក្នុងកម្មវិធីទាំងនោះអាចផ្ទុកនូវរូបភាពអាសអាភាស វីដេអូភ័យរន្ធត់ សកម្មភាពគ្រោះថ្នាក់ ពាក្យពេចន៍ជេរប្រទេច និងការបៀតបៀន ចាប់ជម្រិតតាមប្រព័ន្ធអ៊ីនធឺណែតនានា ដែលបង្កហានិភ័យដល់ការលូតលាស់បញ្ញាស្មារតី សតិសម្បជញ្ញៈ និងជាមូលហេតុនៃកម្សោយផ្នែកសុជីវធម៌ និងសីលធម៌របស់ពួកគេ៕
ប្រភពស្រាវជ្រាវ និងទិន្នន័យដកស្រង់ចេញពី៖
The 10 Most Downloaded Apps Of 2020 - Forbes
The story of a social media giant - BBC
TikTok is reportedly testing longer, three-minute videos - The VERGE
Is TikTok Really The Next Big Social Media Platform For Travel - Forbes
Zuckerberg misunderstands the huge threat of TikTok - Techcrunch