ការដកកម្ចីគឺជារឿងមួយដែលតម្រូវឲ្យយើងគិតគូរឲ្យបានដិតដល់មុននឹងធ្វើការសម្រេចចិត្ត។ ខាងក្រោមគឺជាចំណុចដែលអ្នកគួរដឹង និងពិចារណាពេលត្រូវការដកកម្ចីពីធនាគារ ឬស្ថាប័នហិរញ្ញវត្ថុ។
១ ដឹងពីស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន៖
អ្នកត្រូវដឹងពីចំណូលប្រចាំខែរបស់ខ្លួន និងត្រូវទូទាត់ចំណាយ ដើម្បីដឹងថាអ្នកសល់ប្រាក់ប៉ុន្មានសម្រាប់សងការប្រាក់ និងអាចដឹងថាអ្នកមានលទ្ធភាពដោះបំណុលនោះឬទេ។
២ ប្រៀបធៀបថ្លៃការប្រាក់ និងរយៈពេលកម្ចី៖
រយៈពេលកម្ចីខ្លី ការប្រាក់ខ្ពស់ ឯរយៈពេលកម្ចីវែង ការប្រាក់ទាប។ បើអ្នកមានលទ្ធភាពសងការប្រាក់ខ្ពស់ អ្នកអាចជ្រើសរើសកម្ចីដែលមានរយៈពេលខ្លី ដើម្បីជៀសវាងសងការប្រាក់ច្រើន។ បើមានលទ្ធភាពសងការប្រាក់ទាប អ្នកគួរជ្រើសរើសកម្ចីដែលមានរយៈពេលវែង ដើម្បីការពារខ្លួនពីការបង់ថ្លៃពិន័យដោយសារសងការប្រាក់យឺតយ៉ាវ។
៣ ពិនិត្យពិន្ទុ និងប្រវត្តិឥណទានរបស់អ្នក៖
ពិន្ទុ និងប្រវត្តិឥណទានអាចកំណត់លក្ខខណ្ឌក្នុងការដកកម្ចី ជាពិសេសអត្រាការប្រាក់នៃកម្ចី។ កាលណាអ្នកមានពិន្ទុល្អ វាអាចជាចំណុចមួយដែលអ្នកអាចយកទៅចរចាសុំអត្រាការប្រាក់ទាប។
៤ ប្រៀបធៀបថ្លៃកម្រៃជើងសារ និងថ្លៃពិន័យ៖
សួរនាំពីចំណាយផ្សេងៗក្នុងការប្រើប្រាស់កម្ចី រួមមានថ្លៃដំណើរការកម្ចីឬកម្រៃជើងសារ (processing fee) ពេលដកកម្ចី ថ្លៃពិន័យបង់សងយឺត (late penalty fee) និងថ្លៃសេវាសងមុនកាលកំណត់ (early repayment fee) ជាដើម។ ដើម្បីដឹងពីចំណាយសរុបរបស់កម្ចី ហើយយកមកប្រៀបធៀបជាមួយកម្ចីផ្សេងទៀត។
៥ រៀបចំផែនការគ្រប់គ្រង និងដោះបំណុល៖
កាលណាអ្នកមានផែនការច្បាស់លាស់ វាអាចជួយឲ្យអ្នកជ្រើសរើសកម្ចីមួយដែលសមស្របនឹងគម្រោង ព្រមទាំងលទ្ធភាពហិរញ្ញវត្ថុរបស់អ្នក។ ធ្វើបែបនេះអាចជួយឲ្យអ្នកជៀសវាងចំណាយបន្ថែមដែលមិនចាំបាច់ពីការដកកម្ចី ព្រមទាំងការពារពីការធ្លាក់ក្នុងបំណុលអាក្រក់។
ដូច្នេះមុននឹងដកកម្ចី គិតគូរ និងប្រៀបធៀបចំណាយសរុបក្នុងការដកកម្ចីឲ្យបានសព្វគ្រប់ជ្រុងជ្រោយ!