នៅចាំសំណួរ កាក់សេន បានចោទសួរថ្ងៃមុនអត់? «ធ្លាប់គិតទេ? ពេលខ្លួនអាយុ ៦០ប្លាយ ប្រហែលនៅទីណា? កំពុងធ្វើអី? ហើយសល់ទ្រព្យប៉ុន្មាន?» ហើយបើកាន់តែ sweet ទៀត «នៅជាមួយអ្នកណា?»
ដោយផ្អែកលើចម្លើយជាច្រើន អេដមីនឃើញថា ប្រិយមិត្តយើងខ្លះ ចង់សល់លុយកាក់គ្រាន់ល្មមសម្រាប់ចាយវាយតែពីរនាក់តាយាយ មិនចង់ពឹងពាក់កូនចៅ មានដីចំការ ដំណាំដាំដុះ មានលុយក្នុងកុងធនាគារ ឬ អ្នកខ្លះទៀតក៏ស្រមៃឃើញខ្លួនកំពុងនៅលើកោះ ញ៊ាំស្រា ស្ដាប់សូរសៀងពីរលកទឹកសមុទ្រ មើលមេឃមើលផ្កាយព្រោងព្រាតពេញអាកាសអីអ៊ីចឹង ...
ប៉ុន្តែក្រៅពីក្ដីស្រមៃទាំងនេះ តើគួរមានអីខ្លះទៀត? ហើយគួរធ្វើយ៉ាងម៉េច ដើម្បីសម្រេចគោលបំណងទាំងនេះ?
បង្កើតប្រភពចំណូលបន្ថែម និងចំណូលអកម្ម
យើងមិនអាចនៅធ្វើការពេញមួយជីវិតបាននោះឡើយ។ ដូចនេះហើយ ប្រាក់ចំណូលអកម្មពិតជាសំខាន់បំផុតពេលដល់វ័យចូលនិវត្តន៍។ ធ្វើម៉េចទៅ ទើបអាចមានប្រាក់ចំណូលអកម្មបាន? កន្លងមកយើងតែងលើកឡើងពីប្រធានបទវិនិយោគជាច្រើនដូចជា ការវិនិយោគលើភាគហ៊ុន លើសញ្ញាបណ្ណ ឬអចលនទ្រព្យ។ ក្រៅពីនេះ អ្នកអាចបណ្ដាក់ទុនចូលហ៊ុនក្នុងអាជីវកម្ម ការរកស៊ីចងការប្រាក់ ឬដាក់ជួលអចលនទ្រព្យជាដើម ដើម្បីបង្កើតប្រភពចំណូលបន្ថែម។
មានធានារ៉ាប់រង
ធានារ៉ាប់រងជាផ្នែកមួយដ៏សំខាន់នៃផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន។ កញ្ចប់សេវាធានារ៉ាប់រង ប្រៀបដូចជាគម្រោងកញ្ចប់ប្រាក់សន្សំមួយសម្រាប់ពេលចូលនិវត្តន៍ ហើយវាក៏ជាការត្រៀមខ្លួនមួយដែរក្នុងការការពារអ្នកពីហានិភ័យ និងជួយធានាសុវត្ថិភាពផ្នែកហិរញ្ញវត្ថុរបស់អ្នកទៀតផង។ យ៉ាងណាមិញ សេវាធានារ៉ាប់រងគួរត្រូវបានត្រៀមទុកពីវ័យក្មេងទៅ មិនមែនទាល់តែវ័យជ្រេហើយទើបផ្ដើមទិញនោះទេ ព្រោះបុព្វលាភធានារ៉ាប់រង(អាយុជីវិត)នឹងកើនតែថ្លៃពេលអាយុកាន់តែច្រើន។ ជាទូទៅ កញ្ចប់ធានារ៉ាប់រង(សុខភាពនិងអាយុជីវិត)មានចន្លោះចាប់ពី ១៥ ទៅ ២៥ឆ្នាំ ដែលស័ក្តិសមល្មមឱ្យអ្នកត្រៀមខ្លួនសម្រាប់ពេលចូលនិវត្តន៍នៅអាយុ ៦០ប្លាយបាន។
ទ្រព្យសម្បត្តិ ឬកេរមរតក
ក្រៅពីត្រៀមកញ្ចប់ប្រាក់សម្រាប់ចាយវាយពេលចាស់ទៅ អ្នកក៏ត្រូវការទ្រព្យសម្បត្តិ (assets) មួយចំនួននៅក្នុងខ្លួនដែរ។ ដើម្បីអ្វី? ដើម្បីប្រាកដថា អ្នកនៅមានទ្រព្យសម្បត្តិទាំងនោះយកទៅជួល ឬលក់ចេញយកលុយមកចាយវាយបាន ក្នុងករណីលុយដែលអ្នកបានត្រៀមទុកសម្រាប់ពេលចូលនិវត្តន៍ត្រូវបានប្រើប្រាស់អស់ឬបាត់បង់ជាយថាហេតុណាមួយ។
ដោយឡែក ក្រៅពីត្រៀមខ្លួនជាមួយអ្វីដែលយើងគួរមានរួចហើយ នៅមានរឿងមួយចំនួនទៀតដែលយើងគួរតែសម្រេចបាន មុនពេលចាស់ទៅនោះគឺ «ដោះស្រាយបំណុលដែលមានឱ្យអស់» នេះគឺក្នុងគោលបំណងមិនចង់បន្តបន្ទុកបំណុលណាមួយទៅឱ្យកូនចៅជំនាន់ក្រោយ។ បើសិនអ្នកមានបំណុល គួរដោះស្រាយវាឱ្យរួចរាល់មុនចូលនិវត្តន៍ ដ្បិតវាមិនត្រឹមតែជួយដល់សន្តិភាពផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយដល់សម្រួលដល់បន្ទុកហិរញ្ញវត្ថុរបស់កូនចៅជំនាន់ក្រោយរបស់អ្នកថែមទៀតផង។
ត្រឡប់មកវិញ យើងម្នាក់ៗតែងមានក្ដីស្រមៃ ក្ដីសុបិនណាមួយដែលចង់មាន ចង់បាន ចង់ធ្វើពេលចាស់ទៅជាមិនខាន។ ប៉ុន្តែត្រឹមតែក្ដីសុបិនម្យ៉ាង វាមិនទាន់គ្រប់គ្រាន់នោះឡើយ ព្រោះវាទាមទារឱ្យយើងមានវិធានការ គម្រោងផែនការច្បាស់លាស់ និងចាប់ផ្ដើមអនុវត្តវាផង ទើបក្ដីសុបិននោះ (ញ៊ាំស្រា ស្ដាប់រលកទឹកសមុទ្រពីរនាក់យាយតា…) ក្លាយជាការពិត៕
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។