មានរឿងច្រើនដែលយើងអាចចែករំលែក ជាមួយក្រុមគ្រួសារ ជាមួយមនុស្សជិតដិត មិត្តភក្ដិ ឬជាមួយអ្នកដទៃបាន។ ប៉ុន្តែមិនមែនគ្រប់រឿងទាំងអស់គឺសុទ្ធតែគួរប្រាប់គេគ្រប់គ្នាគ្រប់យ៉ាងនោះទេ។
ចំពោះរឿងតូចតាចមួយចំនួន យើងអាចចែករំលែកទៅកាន់មនុស្សជុំវិញខ្លួនបានក៏ពិតមែន ប៉ុន្តែសម្រាប់បញ្ហាមួយចំនួនទៀត យើងគប្បីរក្សាឯកជនភាពរបស់យើងដែរ។
តួយ៉ាងដូចជា៖
«ផែនការជីវិត» ពេលខ្លះអាចរក្សាទុកវាត្រឹមចំពោះខ្លួនឯងសិន រហូតដល់ពេលចេញជាផ្លែផ្កា សឹមឲ្យគេដឹងលឺក៏មិនហួសពេល។ ចៀសវាងបង្កើតនូវការរំពឹងទុកពីអ្នកផង ព្រោះអាចនាំឱ្យមានការខកចិត្តដែលយើងមិនអាចដឹងមុន។
«ទំនាក់ទំនងស្នេហា» ស្នេហា គឺជាទំនាក់ទំនងរវាងមនុស្សពីរនាក់។ ហេតុនេះ បញ្ហារវាងមនុស្សពីរនាក់គួរតែសាម៉ីខ្លួនជាអ្នកដឹងលឺនិងដោះស្រាយជាមួយគ្នា ដ្បិតថាអ្នកដទៃពុំបានឆ្លងកាត់រឿងរ៉ាវក្នុងទំនាក់ទំនងនោះដូចសាម៉ីខ្លួនទេ។
«ប្រាក់ចំណូល» កត្តាប្រាក់ចំណូលគឺជាប្រធានបទ sensitive មួយ ហើយក៏មិនមែនជាប្រធានបទដែលគួរយកមកពិភាក្សាដោយបើកចំហនោះទេ។ បើគេមានគោលបំណងល្អជាមួយយើង យើងចៀសផុតពីទោសភ័យ តែផ្ទុយទៅវិញ អ្នកមានបំណងមិនល្អបានត្រឹមចង់ដឹងលឺ យកទៅប្រៀបធៀប បរិហារកេរ្តិ៍ និងបង្កតែចិត្តច្រណែនឈ្នានីសប៉ុណ្ណោះ។
«បញ្ហាក្នុងគ្រួសារ» ជាបញ្ហាដែលពុំគួរយកទៅបរិហារជាសារធារណៈ តែជំនួសដោយការព្យាយាមដោះស្រាយវា និងនិយាយគ្នាដោយសន្តិវិធីនៅក្នុងគ្រួសារខ្លួន។
«ទ្រព្យសម្បត្តិដែលអ្នកមាន» ការរស់នៅជីវិតសាមញ្ញធម្មតា មិនចាំបាច់ទៅអួតប្រាប់អ្នកណាឡើយ មានអីមិនល្អ? ការបើកចំហ ប្រាប់គ្រប់កន្លុកកន្លៀត នាំតែអាចប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកទៅវិញទេ។ ដូចដែលបានលើកឡើងក្នុងចំណុច “ប្រាក់ចំណូល” អញ្ចឹង មិនប្រាកដថា មនុស្សទាំងអស់សុទ្ធតែមានបំណងល្អជាមួួយយើងទេ។
ទោះយ៉ាងណា ក្នុងករណីអ្នកពិតត្រូវការអ្នកពិភាក្សាឬអ្នកស្ដាប់ និងរំលែកទុក្ខកង្វល់ក្នុងចិត្តខ្លះ សូមជ្រើសពិភាក្សាជាមួយអ្នកដែលអាចទុកចិត្តបាន និងដែលជិតស្និទ្ធនឹងអ្នកបំផុត មុនបង្ហាញនូវរឿងរ៉ាវក្នុងចិត្តមួយចំនួនដូចក្នុងរូបភាពខាងក្រោម។
ពិតណាស់ នៅជុំវិញខ្លួនយើងក៏នៅមានមនុស្សមួយចំនួន ដែលមានទឹកចិត្តនៅចាំជួយគាំទ្រ និងលើកទឹកចិត្តដោយស្មោះត្រង់ រីករាយនឹងស្ដាប់បញ្ហារបស់អ្នក រួមទាំងអាចរក្សារឿងរ៉ាវឯកជនរបស់អ្នកផងដែរ។ ប៉ុន្តែអ្នកក៏ត្រូវប្រាកដចិត្តដែរថាអ្នកពិតជាអាចទុកចិត្តគាត់បាន ព្រោះមិនមែនគ្រប់គ្នាសុទ្ធតែរីករាយចេញពីចិត្តជាមួយគោលដៅជីវិត ឬផែនការបន្ទាប់របស់អ្នកឡើយ។
សារចុងក្រោយ សូមថែរក្សាខ្លួនទាំងផ្លូវកាយ និងផ្លូវចិត្ត ពិចារណាច្បាស់លាស់នូវរាល់ជំហានឬគោលដៅបន្ទាប់ទៀតរបស់អ្នក និងបែងចែករវាងរឿងណាចាំបាច់ឬមិនចាំបាច់ចែករំលែកឱ្យគេដឹង៕