ឆ្ងល់អត់ ឃើញហាងកាហ្វេគេលក់ដាច់រាល់ថ្ងៃ តើគេមានយុទ្ធសាស្រ្តទាក់ម៉ូយយ៉ាងម៉េចខ្លះទៅ? គេដាក់អន្ទាក់ភ្ញៀវមែន? 🤔
ថ្ងៃនេះ អេដមីននឹងមកប្រាប់ពីគន្លឹះទាក់ទាញអតិថិជនមួយចំនួនដែលជួយហាងកាហ្វេកាន់តែមានប្រជាប្រិយភាព និងទាក់ទាញអតិថិជនកាន់តែច្រើន។
១ ផ្ដោតសំខាន់លើរសជាតិ និងអតិថិជន
សម្រាប់ហាងកាហ្វេ រឿងពីរយ៉ាងដែលសំខាន់គឺរសជាតិ និងអតិថិជន។ ម្ចាស់ហាងកាហ្វេគួរតែហ៊ានចំណាយលើគ្រាប់កាហ្វេដែលមានគុណភាពល្អ និងរសជាតិឆ្ងាញ់ ព្រមទាំងគ្រឿងផ្សំល្អៗបន្ថែមទៀត។ ហើយហាងក៏ត្រូវចេះបត់បែនតាមតម្រូវការភ្ងៀវ បន្ថែមបន្ថយទៅតាមចំណង់ចំណូលចិត្តរបស់ពួកគាត់។ ម៉្យាង ត្រូវចេះតាមដានពីការពេញនិយមក្នុងពេលបច្ចុប្បន្ន និងកាហ្វេមានតម្រូវការខ្ពស់ដើម្បីទាក់ទាញ និងផ្ដល់បទពិសោធន៍ថ្មីៗជូនអិតិថិជន។
២ ការផ្ដល់បទពិសោធន៍ល្អដល់អតិថិជន
បន្ថែមពីរសជាតិកាហ្វេជាប់ចិត្តហើយ ហាងត្រូវមានសេវាកម្មល្អ ការរចនាស្អាត និងបរិយាកាសល្អផងដែរ។ រឹតតែល្អនោះគឺ បើមានWifiដើរលឿន បទចម្រៀងកំដរអារម្មណ៍ពិរោះៗ និងកន្លែងអង្គុយធំទូលាយជាដើម។ មិនតែប៉ុណ្ណោះ កន្លែងឆុងកាហ្វេត្រូវមានការរៀបចំត្រឹមត្រូវ មានការសម្អាតជាប្រចាំ បុគ្គលិកមានភាពរួសរាយរាក់ទាក់ មានអនាម័យ និងការវេចខ្ចប់តាមស្តង់ដារផងដែរ។
៣ តម្លៃសមរម្យ និងមានPromotion
តម្លៃកាហ្វេមិនគួរមានតម្លៃថ្លៃលើសពីគុណភាពកាហ្វេពេកទេ តែគួរមានតម្លៃសមរម្យទៅតាមតម្លៃស្ដង់ដារក្នុងទីផ្សារដែលអតិថិជនគិតថាសក្ដិសមអាចទទួលយកបាន។ ថែមពីនេះ មានប្រម៉ូសិនពិសេសនៅថ្ងៃឈប់សម្រាក ថ្ងៃបុណ្យ ឬគម្រប់ខួបហាងជាដើមនឹង ជួយបង្កើនសកម្មភាពលក់ដូរបានច្រើនជាងមុន ហើយអាចទាក់ទាញអតិថិជនថ្មីឲ្យសាកល្បងភ្លក់ទាន់មានប្រូម៉ូសិន និងគាប់ចិត្តម៉ូយចាស់ៗទៀតផង។
៤ បង្ហាញខ្លួនលើបណ្ដាញសង្គមញឹកញាប់
ការបង្ហាញខ្លួនលើបណ្ដាញសង្គមញឹកញាប់នឹងជួយឲ្យមនុស្សកាន់តែច្រើនបានស្គាល់ពីហាងកាហ្វេ និងបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអតិថិជន។ ម្ចាស់ហាងអាចចែករំលែកពីសកម្មភាព ឬពេលមានកម្មវិធីប្រូម៉ូសិនផ្សេងៗដើម្បីកុំឲ្យអតិថិជនខកខានឱកាសទាំងអស់នេះ។ ម្ចាស់ហាងក៏អាចធ្វើការផ្សព្វផ្សាយដោយបង្ហោះពីមុឺនុយថ្មីៗដែលហាងទើបបង្កើត និងរូបថតផ្សេងៗរបស់ហាងដើម្បីកុំស្ងាត់បាត់មុខ។
៥ Barista ស្គាល់ច្បាស់ពីរសជាតិកាហ្វេ មានជំនាញឆុងច្បាស់លាស់
កាហ្វេឆ្ងាញ់ក៏ដោយសារ Barista មានជំនាញច្បាស់លាស់ ប៉ិនប្រសព្វ និងស្គាល់ច្បាស់ពីកាហ្វេ ហើយកត្តាទាំងនេះនឹងធ្វើឲ្យកាហ្វេកាន់តែមានក្លិនឈ្ងុយ និងរសជាតិជាប់ចិត្ត។ ដូច្នេះម្ចាស់ហាងគួរតាមដានស្នាដៃរបស់ Barista ជាប្រចាំ ហើយជួយបង្ហាត់បង្រៀន និងពង្រឹងគំនិតច្នៃប្រឌិតដើម្បីបង្កើតមុឺនុយថ្មីៗ ប្លែកៗល្អជាងមុន។
ចង់បើកហាងកាហ្វេជោគជ័យ និងមានភ្ញៀវមិនលួសថ្ងៃ នោះកាហ្វេត្រូវមានរសជាតិនិងគុណភាពល្អ តម្លៃសមរម្យ សេវាកម្មល្អ បរិយាកាសនិងផ្ដល់បទពិសោធន៍ឲ្យអតិថិជនគួរជាទីគាប់ចិត្ត រួមទាំងមានការផ្សព្វផ្សាយនិងប្រម៉ូសិនជារឿយៗផងដែរ៕
*មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ GBS – Gourmet Beverage Solutions
© 2022 – 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន