ផែនការហិរញ្ញវត្ថុគឺអ្វីដែលជួយត្រួសត្រាយយើងក្នុងការសម្រេចបាននូវគោលដៅហិរញ្ញវត្ថុដែលយើងចង់បាន ដូចជាការសន្សំ ការវិនិយោគជាដើម។ ភាគច្រើនគេថា ផែនការហិរញ្ញវត្ថុគួរចាប់ផ្តើមមានតាំងពីក្មេង ទើបចាស់ទៅឆាប់មានសេរីភាពហិរញ្ញវត្ថុ។
ចុះបើអាយុខ្ទង់៣០ជាងទៅហើយ ដល់ចូលវ័យជ្រេអ៊ីចឹង ទើបចាប់ផ្តើមគិតពីផែនការហិរញ្ញវត្ថុ ចាត់ទុកថាយឺតពេលទេ?
ទោះជាចូលដល់វ័យ៣០, ៤០ ឬ៥០ក្ដី គឺមិនមានពាក្យថាយឺតពេលសម្រាប់ការមានផែនការហិរញ្ញវត្ថុនោះ។ គ្រាន់តែថា ផ្លូវដែលដើរទៅអាចខុសគ្នារឿងរយៈពេល ទាមទារកម្លាំងកាយចិត្តច្រើនជាង តែគោលបំណងដែលចង់សម្រេចដូចគ្នាគឺឈោងចាប់សេរិភាពហិរញ្ញវត្ថុ ហើយមនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលបានជោគជ័យ បើមានគោលដៅច្បាស់លាស់ ជាមួយការណែនាំ និងយុទ្ធសាស្រ្តត្រឹមត្រូវ។ ហេតុអ្វី ហ៊ាននិយាយថា មិនហួសពេល?
១. អាយុ និងពេលវេលាគ្រាន់តែជាតួលេខ
អាយុតិច ឬច្រើនក្ដី មិនគួរយកលេខទាំងនេះមកកំណត់ថាអ្នកអាច ឬមិនអាចរៀបចំផែនការហិរញ្ញវត្ថុ និងជាហេតុមកបង្អាក់បំណងដែលចង់មានផែនការហិរញ្ញវត្ថុនោះទេ។ អ្នកនៅសល់តទៅមុខទៀត កុំស្ដាយពែលវេលាដែលបានកន្លងផុតទៅ គួរផ្ដោតសំខាន់ទៅពេលអនាគតដែលអ្នកកំពុងធ្វើដំណើរទៅ។ យើងមិនអាចកែខៃអតីតកាល តែត្រូវរស់ក្នុងបច្ចុប្បន្នកាលឲ្យបានល្អ និងសាងអនាគតឲ្យប្រសើរ។
២. ផែនការហិរញ្ញវត្ថុអាចធានាពីអនាគតហិរញ្ញវត្ថុរបស់អ្នក
នៅពេលអ្នកមានផែនការហិរញ្ញវត្ថុច្បាស់លាស់មួយ គឺអ្នកមានវិធានការគ្រប់គ្រងចំណូល ចំណាយ និងរៀបចំទុកដាក់ប្រាក់សម្រាប់សន្សំ វិនិយោគ ប្រាក់បម្រុងគ្រាអាសន្ន និងតម្រូវការផ្សេងៗទៀតដូចជាទិញធានារ៉ាប់រង ផែនការសម្រាប់អាពាហ៍ពិពាហ៍ និងផែនការចូលនិវត្តន៍។ល។ ដូច្នេះហើយនៅថ្ងៃខាងមុខ អ្នកនឹងមិនចាំបាច់ពឺងពាក់នរណាម្នាក់ ជាពិសេសកូនចៅ ព្រោះពួកគេក៏មានទំនួលខុសត្រូវ និងគ្រួសារដែលត្រូវរ៉ាប់រងដែរ។
៣. រឿងចៃដន្យកើតមានគ្រប់ពេល
ជីវិតមនុស្សមើលមិនឃើញ សូម្បីតែថ្ងៃស្អែក យើងមិនដឹងថាអាចមានរឿងអីកើតមានទេ។ ពេលចាស់ទៅ យើងប្រហែលជាត្រូវការចំណាយបន្ថែមច្រើន ដូចជាចំណាយលើការថែរក្សាសុខភាព ការព្យាបាលជំងឺ និងចំណាយមិនបានព្រៀងទុកណាមួយ។ ហេតុនេះហើយផែនការហិរញ្ញវត្ថុ គួរតែមានមិនថាយើងនៅវ័យណានោះ។ បើយើងត្រៀមខ្លួនទុកជាមុន ពេលមានបញ្ហា មិនភ័យត្រូវរត់រកជំនួយ ឬខ្ចីពីអ្នកដទៃនៅពេលក្រោយ។
៤. សម័យនេះជាសម័យព័ត៌មាន
ព័ត៌មានទាក់ទងនឹងអត្ថប្រយោជន៍នៃការរៀបចំផែនការហិរញ្ញវត្ថុ និងវិធីរៀបចំបែបណាស័ក្ដិសមនឹងអ្នកមានច្រើន អ្នកអាចស្វែងរកបានលើបណ្ដាញសង្គម និងគេហទំព័រនានា។ ដូចគ្នានេះផងដែរ អ្នកមិនរស់នៅម្នាក់ឯងទេ ស្វែងរកជំនួយពីអ្នកជំនាញ និងមិត្តភក្តិជិតស្និទ្ធដែលអ្នកទុកចិត្ត ឬអ្នកអាចស្វែងយល់បន្ថែមពីជំហានដើម្បីបានផែនការហិរញ្ញវត្ថុដ៏ល្អមួយតាមរយៈតំណលីងនេះ https://www.facebook.com/kakcentkh/posts/647125733457403
ដូចនេះមនុស្សគ្រប់វ័យ បើសិននៅយុវវ័យភាពគួរចាប់ផ្ដើមរៀបចំផែនការហិរញ្ញវត្ថុមួយដែលស័ក្តិសមនឹងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនចាប់ពីពេលនេះ ហើយមនុស្សអាយុច្រើន ត្រូវចងចាំថាវាមិនហួសពេលឡើយ បើសិនយកកត្តាអាយុមកដាក់ពីមុខ និងគិតតែពីស្ដាយក្រោយ នោះវិថីដើម្បីសម្រេចសេរីភាពហិរញ្ញវត្ថុកាន់តែឆ្ងាយសន្លឹមហើយ៕
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន