កាក់គ្រីបតូមានច្រើនប្រភេទណាស់ រហូតដល់ទៅជាង១ម៉ឺន២ពាន់ប្រភេទឯណោះ! ដោយឡែក ថ្ងៃនេះ យើងនឹងចែករំលែកព័ត៌មានខ្លះៗអំពីកាក់គ្រីបតូធំៗ ៣ ដែលមានតម្លៃខ្ពស់ជាងគេនៅលើទីផ្សារគ្រីបតូ។
តើកាក់ទាំង៣នេះខុសប្លែកគ្នាដូចម្ដេចខ្លះ? អានបន្តទាំងអស់គ្នាណា៎
Bitcoin (BTC)
• Bitcoin ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ដោយ Satoshi Nakamoto ជាកាក់អេឡិចត្រូនិចដែលទទួលបានជោគជ័យមុនដំបូងគេបង្អស់។
• បច្ចុប្បន្ន Bitcoin មានភាពនាំមុខគេលើវិស័យគ្រីបតូ ដោយកាន់ចំណែកទីផ្សាររហូតដល់ ៤៨% នៃតម្លៃទីផ្សារគ្រីបតូទាំងមូល ហើយកាក់ Bitcoin មួយមានតម្លៃប្រហែល ៤៤ពាន់ដុល្លារក្នុងមួយកាក់ ជាមួយតម្លៃទីផ្សារសរុបបច្ចុប្បន្នប្រហែល ៨៤៦ពាន់លានដុល្លារ បើយោងទៅតាមគេហទំព័រ Forbes Advisor។
• Bitcoin ជារូបិយប័ណ្ណឌីជីថលវិមជ្ឈការ ដែលអ្នកវិនិយោគអាចទិញ-លក់ និងដោះដូរដោយមិនមានអ្នកគ្រប់គ្រងកណ្តាលដូចរូបិយប័ណ្ណរបស់រដ្ឋទេ ហើយរាល់ប្រតិបត្តិការរបស់ Bitcoin មានការពិបាកក្នុងការផ្លាស់ប្ដូរ និងពិបាកក្លែងបន្លំដោយសារមានការកត់ត្រាក្នុងសៀវភៅបញ្ជីសាធារណៈដែលអ្នកវិនិយោគគ្រប់គ្នាអាចមើលឃើញពីដំណើរការដោយតម្លាភាព។
Ethereum (ETH)
• កាក់គ្រីបតូ Ethereum បង្កើតដោយ Vitalik Buterin នៅឆ្នាំ២០១៥ ដែលប្រើប្រាស់បច្ចេកវិទ្យា Blockchain ហើយអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចសរសេរកូដ និងបង្កើតកម្មវិធីឌីជីថលក្នុង decentralized apps (dApps)សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ផ្នែកហ្គេម និងផ្នែកហិរញ្ញវត្ថុដូចជា decentralized finance (DeFi)ជាដើម។
• អ្នកវិនិយោគប្រើប្រាស់ dApps ដើម្បីការត្រួតពិនិត្យខ្ពស់ ការពារឯកជនភាព និងការបត់បែនក្នុងការបង្កើតកម្មវិធីថ្មី។
• DeFi ផ្ដល់ជាជម្រើសបើកចំហជាសកលចំពោះប្រព័ន្ធហិរញ្ញវត្ថុបច្ចុប្បន្ន ដែលអនុញ្ញាតសម្រាប់ការខ្ចី សន្សំ វិនិយោគ ដោះដូរ ដោយផ្អែកលើប្រភពបច្ចេកវិទ្យាបើកចំហ។
• នៅឆ្នាំ ២០២១ ដោយសារប្រជាប្រិយភាពរបស់ dApps និង DeFi ធ្វើឲ្យ Ethereum មានការរីកចម្រើនយ៉ាងខ្លាំង។ បើយោងទៅតាមគេហទំព័រ Forbes Advisor នៅដើមខែមីនា ឆ្នាំ 2022 នេះ កាក់គ្រីបតូ Ethereum មានតម្លៃជាង៣ពាន់ដុល្លារក្នុងមួយកាក់ ជាមួយតម្លៃទីផ្សារសរុបបច្ចុប្បន្នប្រហែល ៣៦១ពាន់លានដុល្លារ។
Tether (USDT)
• Tether បានបង្កើតឡើងក្នុងខែកក្កដា ឆ្នាំ 2014 ដោយ Brock Pierce, Reeve Collins, និង Craig Sellars ដែលមានឈ្មោះដើមថា RealCoin បន្ទាប់មកត្រូវបានប្តូរឈ្មោះជា Tether ក្នុងខែវិច្ឆិកាដោយក្រុមហ៊ុន Tether Ltd។
• បើយោងទៅតាមគេហទំព័រ Forbes Advisor កាក់គ្រីបតូ Tether មានតម្លៃទីផ្សារសរុបបច្ចុប្បន្នប្រហែល៧៩ពាន់លានដុល្លារ និងមានតម្លៃប្រហាក់ប្រហែល១ដុល្លារក្នុងមួយកាក់។
• កាក់គ្រីបតូ Tether ត្រូវបានគេស្គាល់ថាជា stable coin(កាក់មានស្ថេរភាព) ដែលមានលក្ខណៈពិសេស និងខុសពីកាក់គ្រីបតូពីរខាងលើ ដោយ Tether អាចដោះដូរបានជាមួយរូបិយប័ណ្ណជាតិ ដូចជាដុល្លារ អឺរ៉ូ យេន និងមាសជាដើម។
• Tether ឬ USDT អាចរក្សាតម្លៃមិនឲ្យមានការប្រែប្រួលខ្លាំង ដោយសារវាត្រូវបានបញ្ចូលទៅក្នុងអត្រាមួយទល់នឹងមួយ ជាមួយនឹង Fiat Currency ដែលជារូបិយប័ណ្ណដែលចេញដោយរដ្ឋាភិបាល (ឧ. ១USDT=១USD)។
គួរឲ្យកត់សម្គាល់ដែរថា កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ កន្លងទៅនេះ ដោយសារព្រឹត្តិការណ៍វាយលុកដោយរុស្ស៊ីលើអ៊ុយក្រែន បានជះផលប៉ះពាល់ដល់វិស័យគ្រីបតូដែលធ្វើឲ្យតម្លៃរូបិយប័ណ្ណមួយចំនួនមានការធ្លាក់ថ្លៃ។ ក្នុងនោះ Bitcoin ធ្លាក់ថ្លៃលើសពី ៨% និង Ether ធ្លាក់ចុះលើសពី ១២% ឯណោះ។ យ៉ាងណាមិញ ដោយសារ USDT ជាកាក់ដែលមានតម្លៃនឹងនរជាងគេនៅលើទីផ្សារគ្រីបតូ គេសង្កេតឃើញថាតម្លៃកាក់គ្រីបតូមួយនេះមិនមានការប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់នោះទេ។ ទោះជាយ៉ាងនេះក៏ដោយ រូបិយប័ណ្ណទាំង៣នៅតែបន្តរក្សាតម្លៃទីផ្សារសរុបរបស់ខ្លួនខ្ពស់ជាងកាក់ដទៃទៀតដដែល៕
ឯកសារយោង៖
1. 3 Top Cryptocurrencies to Buy Now and Hold Forever | The Motley Fool
2. Bitcoin vs. Ethereum: What's the Difference?
3. Ethereum.org
4. Top 10 Cryptocurrencies In March 2022 – Forbes Advisor
5. Tether
6. Tether (USDT) Definition
7. How Many Cryptocurrencies Are There? | The Motley Fool
8. Tether's USDT Stablecoin Well Over $1 on Ukrainian Crypto Exchange
9. Bitcoin price falls after Russia attacks Ukraine - CNN
ចុចទីនេះ ដើម្បីស្វែងយល់បន្ថែម: កាក់គ្រីបតូ Luna ធ្លាក់ថ្លៃ
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។