ជាការពិតណាស់ អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ឮពាក្យទាំងពីរនេះ នៅក្នុងអត្ថបទពីការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុផ្សេងៗដូចជា ភាគហ៊ុន សញ្ញាបណ្ណ អចលនទ្រព្យ មាស រូបិយបណ្ណអន្តរជាតិ ជាដើម ប៉ុន្តែបើនិយាយឲ្យស៊ីជម្រៅទៅ ដ្បិតតែវាសំដៅទៅលើការកាន់កាប់ ឬ ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុដើម្បីទទួលបានផលចំណេញដូចគ្នាពិតមែន ប៉ុន្តែវិធីសាស្ត្រ និងយុទ្ធសាស្ត្រនៃការរកប្រាក់ចំណេញ វាមានលក្ខណៈខុសគ្នា៖
១. ការជួញដូរ និងផលចំណេញ
អ្នកជួយដូរភាគហ៊ុនទទួលបានផលចំណេញតាមរយៈការទិញដូរភ្លាមនៃការឡើងចុះនៃតម្លៃហ៊ុនក្នុងរយៈពេលខ្លីមួយ រីឯអ្នកវិនិយោគទទួលផលចំណេញជាភាគលាភ ឬភាគហ៊ុនបន្ថែមក្នុងរយៈពេលវែង ដោយអាស្រ័យទៅតាមស្ថានការណ៍របស់ក្រុមហ៊ុនដែលវិនិយោគិនបានវិនិយោគ។
២. ថេរវេលា
ការជួញដូរ (Trading) អាចមានលក្ខណ:បែបសម្រេចចិត្តទិញលក់រហ័សភ្លាមៗ ដែលអាចជាស្ថិតក្នុងចន្លោះនាទី ម៉ោង សប្ដាហ៍ ឬយ៉ាងយូរត្រឹមខែ រីឯការវិនិយោគ (Investing) ទិញហើយ បន្ទាប់មកគេរក្សាទុកក្នុងរយ:ពេលវែងមួយដើម្បីទទួលបានផលចំណេញ ដែលរយៈពេលនេះអាចជាចំនួនឆ្នាំឡើង។
ឧទាហរណ៍ថា អ្នកទិញមាសកាលពីសប្តាហ៍មុន ក្នុងតម្លៃ ២២០ដុល្លារ/មួយជី ហើយស្រាប់តែថ្ងៃនេះមាសឡើងថ្លៃដល់ទៅ ២៣០ដុល្លារ រួចអ្នកឃើញឱកាសដែលនឹងចំណេញ អ្នកក៏សម្រេចចិត្តភ្លាមៗថានឹងលក់ ដើម្បីបានប្រាក់ចំណេញក្នុងពេលដ៏ខ្លីមួយនេះ ដោយមិនទុកយូរទៀតនោះទេ ដូចនេះអ្នកកំពុងតែជួញដូរមាស ជាជាងវិនិយោគលើមាស។
៣. កម្រិតនៃហានិភ័យ
ក្នុងចំណុចនេះ ការជួញដូរបានគេចាត់ទុកថាជាសកម្មភាពដែលមានគ្រោះថ្នាក់ជាងការវិនិយោគ ដោយយើងបានយល់ពីចំណុចខាងលើអញ្ចឹង វាប្រើរយ:ពេលខ្លីដើម្បីសម្រេចទិញលក់ឲ្យបានទាន់ពេលវេលា ដូច្នេះយើងអាចនឹងមានចន្លោះប្រហោងក្នុងការគិត ពិចារណា ដែលនាំឲ្យកម្រិតហានិភ័យខ្ពស់ជាងការវិនិយោគ។ មូលហេតុចម្បងដែលយើងហ៊ាននិយាយបែបនេះ ក៏ព្រោះតែការវិនិយោគមានរយ:ពេលយូរក្នុងការតាមដានមើលស្ថានភាពនិងការវិវត្តន៍របស់វា (ឧទាហរណ៍ ភាគហ៊ុន) ហើយការវិភាគទាំងនោះមានភាពពិតប្រាកដជាងការជួញដូរ។
យ៉ាងណាមិញ ការជួញដូរអាចនឹងទទួលបានផលចំណេញច្រើន រីឯផលកំហាតក៏អាចមានច្រើនដូចគ្នា។ អញ្ចឹងហើយទើបយើងឃើញមានមនុស្សមួយចំនួនអាចលង់ខ្លួន ចាញ់ភាគហ៊ុនវ័ណ្ឌក ក៏ដោយសារពួកគាត់ជួញដូរភាគហ៊ុន មិនមែនវិនិយោគលើភាគហ៊ុននោះទេ។
៤. ឥរិយាបទរបស់អ្នកលេង
អ្នកចូលចិត្តជួញដូរគឺមានលក្ខណ:រហ័សក្នុងការសម្រេចចិត្ត ចេះចាប់យកឱកាសចំណេញ មិនសូវសាំញុាំច្រើន និងមិនសូវចេះអត់ធ្មត់ឡើយ ដូចនេះគេចូលចិត្តទិញលក់លឿនៗ ផ្ទុយពីអ្នកវិនិយោគដែលជាមនុស្សអត់ធ្មត់ក្នុងការរង់ចាំការចំណេញរយ:ពេលវែង ឬពេលល្អបំផុតណាមួយ មិនសូវហ៊ានប្រថុយនឹងការខាតបង់។ បើនិយាយទៅអ្នកជួញដូរ ទុកល្បែងនេះជាការសម្រេចគោលដៅនៃការចំណេញច្រើនក្នុងពេលខ្លីដោយមើលទៅលើនិន្នាការនៃតម្លៃ ឯអ្នកវិនិយោគទុកវាជាការសន្សំបង្គរ ដោយគ្មានការព្រួយបារម្ភច្រើនទៅលើការឡើងចុះភ្លាមនៃតម្លៃរបស់វានោះទេ។
៥. ការប្រើប្រាស់វិធីសាស្ត្រ
ការជួញដូរផ្អែកលើការប្រើប្រាស់ប្រវត្តិទិន្នន័យទីផ្សារ (Historical market data) រួមមានតម្លៃនិងបរិមាណ និងការទស្សន៍ទាយទៅលើឥរិយាបថសេដ្ឋកិច្ច (Behavioral Economics) ព្រមទាំងផ្នែកចិត្តសាស្រ្តផងដែរ ដែលគេហៅថា ការវិភាគបែបបច្ចេកទេស (Technical Analysis)។ រីឯការវិនិយោគវិញ គេត្រូវមើលទៅលើស្ថានភាព និង របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្នុងនោះមានប្រាក់ចំណេញប្រចាំឆ្នាំ ព្រមទាំងការចែកភាគលាភដែលនិងអាចជាផលប៉ះពាល់ដល់តម្លៃនៃភាគហ៊ុន និងពិសេសអ្នកវិនិយោគផ្តោតលើលទ្ធភាពនៃការរីកលូតលាស់របស់ក្រុមហ៊ុន ជាជាងការមើលទៅលើតារាងនិន្នាការតម្លៃក្នុងរយ:ពេលខ្លីៗ។ ដោយសារហេតុនេះហើយ ទើបការវិនិយោគមានរយ:ពេលយូរក្នុងការទទួលបានផលត្រឡប់មកវិញ៕