ដោយបច្ចេកវិទ្យាកាន់តែរីកចម្រើន មធ្យោបាយទិញទំនិញកាន់តែងាយស្រួល ដោយអ្នកខ្លះចូលចិត្តទិញតាមតាមអនឡាញ ឯអ្នកខ្លះទៀតនៅតែចូលចិត្តទិញដោយផ្ទាល់។ វាអាស្រ័យទៅលើជម្រើសរបស់មនុស្សម្នាក់ៗទេ តែដែលគិតទេថាការទិញទំនិញដោយផ្ទាល់ និង ទិញតាមអនឡាញ អាចខាត ឬចំណេញ ខុសគ្នាត្រង់ណាខ្លះឬទេ?
ការទិញទំនិញដោយផ្ទាល់
ក. អត្ថប្រយោជន៍
- អាចតេស្តសាកល្បង និងពិនិត្យមេីលទំនិញជាក់ស្តែងទៅលើគុណភាព និងរូបរាង ក្រែងមានការខូចខាតឬបាក់បែក នាំតែខាតបង់
- អាចតថ្លៃដោយផ្ទាល់
- មិនបាច់ចំណាយលើថ្លៃសេវាកម្មដឹកជញ្ជូន
- ទាំងទិញភ្លាមបានភ្លាម មិនបាច់ចាំយូរ
- អាចទទួលបានការបញ្ចុះតម្លៃពិសេសបើទិញដោយផ្ទាល់នៅក្នុងហាង
ខ. គុណវិបត្តិ
- ត្រូវចំណាយពេល និង ថវិកាលើការធ្វើដំណើរទៅវិញទៅមក
- ពេលខ្លះអាចមានមនុស្សច្រើន ហើយត្រូវចាំយូរ និង មិនមានផាសុកភាព
- ជួនកាលត្រូវរង់ចាំគិតលុយយូរ អាចខាតពេលវេលា និង ធ្វើឲ្យអារម្មណ៍មិនល្អ
- ជាពិសេសនៅខែភ្លៀង វាអាចផ្តល់ផលពិបាកពេលទៅទិញផ្ទាល់។
ការទិញទំនិញអនឡាញ
ក. អត្ថប្រយោជន៍
- មិនចាំបាច់ធ្វើដំណើរទៅហាងដោយផ្ទាល់ឡើយ
- អាចមើលទំនិញអនឡាញពីច្រើនហាង ដោយនៅកន្លែងតែមួយ ឬ ទិញទំនិញពីក្រៅប្រទេសក៏បាន
- មានពេលវេលាច្រើនក្នុងការសម្រេចចិត្ត មុននឹងបញ្ជាទិញ
- ចំណេញទាំងពេលវេលា និងថ្លៃធ្វើដំណើរ រីឯទំនិញក៏ត្រូវបានដឹកឱ្យទៅដល់ផ្ទះដែរ។
ខ. គុណវិបត្តិ
- សម្រាប់ការទិញទំនិញពីក្រៅប្រទេស វាអាចមានរយៈពេលយូរទម្រាំតែអីវ៉ាន់មកដល់ ជួនកាលអាចជួបនឹងបញ្ហាអីវ៉ាន់មិនល្អស្អាតដូចក្នុងរូប
- អាចប្រឈមនឹងការឆបោកតាមប្រព័ន្ធអនឡាញ បើមានការធ្វេសប្រហែស។
យ៉ាងណាមិញ ការទិញទំនិញដោយផ្ទាល់ ឬ ទិញតាមអនឡាញគឺជាបទពិសោធន៍ពីរផ្សេងគ្នា ហើយវាអាស្រ័យទៅលើចំណង់ចំណូលចិត្ត និងជម្រើសមួយណាដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកទិញ។ ចុះអ្នកចូលចិត្តទិញទំនិញតាមអនឡាញ ឬទិញដោយផ្ទាល់
ចុចទីនេះស្វែងយល់បន្ថែមពី: ចំនុចអ្នកគួរធ្វើមុនទិញអីវ៉ាន់អនឡាញ