ជាធម្មតា យើងរមែងចង់ចំណាយពេលវេលាខ្លះសម្រាប់ខ្លួនឯង បន្ទាប់ពីការងារ និងការរកស៊ី ដោយធ្វើដំណើរកម្សាន្តទៅកន្លែងដែលខ្លួនឯងប៉ងប្រាថ្នា ប៉ុន្តែឱ្យតែគិតដល់រឿងដើរលេងម្ដងៗ ចេះតែគិតថា មានលុយតិចពេក ខ្លាចចាយមិនគ្រប់ ខ្លាចចំណាយលុយលើដំណើរកម្សាន្តលើសលស់ អាចប៉ះពាល់ដល់សុខភាពហិរញ្ញវត្ថុអ្នក។
អញ្ចឹង! យើងអាចដើរលេងបានតាមវិធីចាយវាយត្បិតត្បៀត តាមរយៈ គន្លឹះមួយចំនួនខាងក្រោមនេះ៖
១. រៀបចំផែនការចំណាយ (Budget Planning)
ដើម្បីឱ្យដំណើរកម្សានមានភាពរលូន ហើយមិនប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់យើង យើងគួរកំណត់ជាមុនថា នៅពេលដើរលេងយើងត្រូវចំណាយទៅលើអ្វីខ្លះ ទៅលើផ្នែកអ្វីខ្លះ ក្នុងចំនួនប៉ុន្មាន។
ឧទាហរណ៍ថា យើងចង់ទៅលេងខេត្តសៀមរាបរយៈពេលមួយយប់ពីរថ្ងៃ ដោយធ្វើដំណើរចេញពីភ្នំពេញ ដូច្នេះការចំណាយរបស់យើងអាចនឹងមានដូចតទៅ៖
o ថ្លៃធ្វើដំណើរទៅមក $14 (ឡានក្រុង)
o ស្នាក់នៅមួយយប់ $10
o អាហារពេលព្រឹកពីរពេល $2.5
o អាហារថ្ងៃត្រង់ពីរពេល $5
o អាហារថ្ងៃពេលល្ងាចពីរពេល $5
o ជួលម៉ូតូពីរថ្ងៃ $20
ដូចនេះ យើងឃើញចំនួនតួលេខដែលយើងត្រូវចំណាយសរុបរយៈពេល មួយយប់ពីរថ្ងៃគឺ 56.5$ ក្នុងម្នាក់ហើយ បន្ទាប់មកគិតគូរ និងកាត់បន្ថយចំណាយណាខ្លះដែលអ្នកគិតថា មិនចាំបាច់។
២. ជ្រើសរើសពេលវេលា
សម្រាប់ការដើរលេងដែលអាចឱ្យយើងចំណាយតិច គឺការជ្រើសរើសពេលដើរលេងដែលមិនចំពេលថ្ងៃបុណ្យទាន។ ដូចដែលយើងបានដឹងហើយថា ថ្ងៃបុណ្យទានតម្លៃផលិតផល ឬសេវាកម្មខ្លះអាចនឹងការកើនឡើងខុសពីថ្ងៃធម្មតា ដូច្នេះប្រសិនបើការដើរលេងរបស់យើង មិនតម្រូវចាំបាច់ត្រូវតែទៅចំពេលវេលាទាំងនោះទេ យើងគួរតែដើរលេងមុន ឬក្រោយពេលនោះ ដើម្បីអាចធ្វើឲ្យការចំណាយរបស់យើងទាប។
៣. ដើរលេងជាក្រុម
ដោយផ្អែកទៅតាមឧទាហរណ៍ខាងលើ យើងឃើញថា ចំណាយ $56.5 ជាចំណាយក្នុងម្នាក់ ប៉ុន្តែបើយើងដើរលេងជាក្រុមចំណាយនឹងត្រូវបានបែងចែកគ្នា។ ការដើរលេងម្នាក់ឯងត្រូវការចំណាយច្រើនខ្លាំងណាស់ ទាំងការធ្វើដំណើរ ការស្នាក់នៅ អាហារហូបចុក និងការដើរកម្សាន្ត សុទ្ធតែជាចំណាយដែលចាំបាច់សម្រាប់ការដើរលេងរបស់យើង នេះមិនទាន់រាប់បញ្ចូលការចំណាយផ្សេងៗទៀតដែលយើងត្រូវការទិញសម្រាប់ត្រៀមផង។ ការដើរលេងជាក្រុមជាវិធីមួយដែលជួយយើងកាត់បន្ថយចំណាយបានច្រើន ពោលគឺរាល់ចំណាយមួយភាគធំត្រូវបានបែងចែកគ្នា(share) ដូចនេះការចំណាយដែលម្នាក់ៗត្រូវចូលរួមគឺមានចំនួនកាន់តែតិចទៅតាមចំនួនអ្នកចូលរួមក្នុងក្រុមដែរ។
៤. ការសន្សំសំចៃក្នុងពេលដើរលេង
ដូចដែលបាននិយាយខាងលើ បើក្រោយការរៀបចំផែនចំណាយហើយឃើញថា ប្រាក់ដែលយើងមានមិនគ្រប់សម្រាប់ការចំណាយពេលដើរលងទេយើងអាចរៀបចំផែនចំណាយជាថ្មីដោយយើងអាចកាត់បន្ថយចំណាយនៅពេលដើរលេងទៅលើចំណាយចាំបាច់មួយចំនួនដូចជា៖
- ការធ្វើដំណើរ៖ ជ្រើសរើសមធ្យោបាយមួយណាដែលមានតម្លៃទាប ដូចជាដូរពីការជិះយន្តហោះទៅជា ឡានក្រុង ឬរថភ្លើងដែលមានតម្លៃទាបជាង។
- ការស្នាក់នៅ៖ យើងអាចស្នាក់នៅជាមួយបងប្អូន ឬមិត្តភក្តិដែលរស់នៅកន្លែងដែលយើងត្រូវដើរលេងប្រសិនបើយើងមាន បើមិនមានយើងក៏អាចជ្រើសរើសការស្នាក់នៅដែលមានតម្លៃទាបដូចជា ផ្ទះសំណាក់ Hostel ឬ Dormitory។
- ម្ហូបអាហារ៖ យើងគួរតែញ៉ាំប្រភេទអាហារបែបក្នុងតំបន់ ឬអាហារតាមផ្លូវដែលមានតម្លៃសមរម្យ និងអាចសន្សំសំចៃបានច្រើន។
សរុបមក ដំណើរកម្សាន្តនីមួយៗ អ្នកមិនចាំបាច់ត្រូវតែចំណាយច្រើនឬត្រូវមានលុយច្រើននោះទេ ដោយយើងអាចដើរលេងដោយរបៀបត្បិតត្បៀតបានតាមរយៈគន្លឹះមួយចំនួនខាងលើ។ វិធីសាស្ត្រខាងលើ សង្ឃឹមថា អាចជួយដល់អ្នកដែលចង់ធ្វើដំណើរកម្សាន្ត ជាមួយការចាយវាយបែបសន្សំសំចៃ ឬជាគន្លឹះដល់អ្នកដែលរៀបចំគម្រោងដំណើរកម្សាន្តបន្តបន្ទាប់ទៀតណា៎៕