អ្នកណាថាដើរលេងអត់ប្រយោជន៍ នាំឲ្យខ្ជះខ្ជាយពេលវេលា និងលុយកាក់? តែការពិតមិនមែនអ៊ីចឹងទេ! ឥឡូវចាំ កាក់សេនបកស្រាយប្រាប់ថាវាជួយជម្រុញផលិតភាពការងារយ៉ាងម៉េចខ្លះ។
1 បង្កើនគំនិតច្នៃប្រឌិត
នៅកន្លែងការងារ ស្ថិតក្នុងបរិយាកាសដដែលៗ មិនមានការផ្លាស់ប្តូរ អាចនឹងគាំងគំនិត គិតអ្វីថ្មីមិនចេញ ឬុមានអារម្មណ៍ធុញទ្រាន់នឹងការងារកំពុងធ្វើរាល់ថ្ងៃក៏ថាបាន។ នៅពេលគំនិតមានការរាំងស្ទះបែបនេះ ការកម្សាន្តបន្តិចបន្តួច ដើរផ្សងព្រេង ឡើងភ្នំ ទៅកោះ ឬកន្លែងដែលមិនមានសំឡេងរំខានដើម្បីទទួលបានបរិយាកាសថ្មី បង្កើតគំនិតច្នៃប្រឌិត ឬធ្វើសកម្មភាពថ្មីៗដែលពុំធ្លាប់បានធ្វើពីមុន។ ម៉្យាង ដំណើរកម្សាន្តនឹងជួយសម្រាលភាពតានតឹង ជួយបើកភ្នែក បើកច្រមុះឲ្យយើងមើលឃើញជ្រុងថ្មីៗ បើកចិត្ត បើកគំនិតថ្មីៗបន្ថែម។
2 សាកថ្មឲ្យខ្លួនឯង
ធ្វើការរាល់ថ្ងៃ មិនមែនហត់តែកាយទេ ចិត្តក៏ហត់ រីឯខួរក្បាលក៏ត្រូវការសម្រាកដែរ។ ការផ្ដល់ពេលវេលាឲ្យខ្លួនឯងបានសម្រាកជាមធ្យោបាយដ៏ល្អមួយដើម្បីបញ្ចូលថាមពលដល់រាងកាយឲ្យមានកម្លាំងចិត្តមកបំពេញការងារវិញ។ មែនទែនទៅ ដើរលេងមិនត្រឹមតែជួយឲ្យបានលំហែរខួរក្បាលពីការងារ ក៏ជួយឲ្យមានអារម្មណ៍ស្រស់ស្រាយផង ដើម្បីពេលមកធ្វើការវិញនឹងបានធ្វើការងារមានគុណភាព និងលទ្ធផលកាន់តែប្រសើរជាងមុន។
3 ស្វែងយល់ពីខ្លួនឯងកាន់តែច្រើន
ធ្វើការរាល់ថ្ងៃ បើមិនឆ្លៀតពេលឲ្យខ្លួនបានសម្រាកខ្លះ អាចធ្វើឲ្យបាត់បង់ខ្លួនឯងម្ដងបន្តិចៗ ដែលនឹងប៉ះពាល់ដល់គុណភាពការងារ ទទួលបានលទ្ធផលមិនល្អ។ ដូចនេះ យើងគួរទៅរំសាយអារម្មណ៍ទាំងអស់នេះ ដោយការដើរលេង ផ្តល់ពេលវេលាឲ្យខ្លួនឯងក្នុងការមើលត្រឡប់នូវសកម្មភាពដែលបានធ្វើកន្លងមក ស្វែងយល់ពីគោលដៅដែលខ្លួនចង់បាន ឬបានកំណត់ឡើងវិញ។
4 ជួបមនុស្សថ្មី គំនិតថ្មី
កំឡុងពេលដើរលេង យើងនឹងបានជួបមនុស្សថ្មីៗច្រើនដែលអាចចែករំលែកឲ្យយើងនូវទស្សនៈថ្មីៗប្លែក ហើយអាចជម្រុញដល់ការគិតរបស់យើងឲ្យកាន់តែមានភាពច្នៃប្រឌិត។ ម៉្យាង យើងក៏អាចពង្រឹងការប្រាស្រ័យទាក់ទងពីម្នាក់ទៅម្នាក់ដែលជាប្រយោជន៍ដល់ផលិតផលការងាររួម។ បន្ថែមពីនេះ ពេលធ្វើដំណើរ យើងអាចជួបបញ្ហាដែលនឹកស្មានមិនដល់ ឬតម្រូវឲ្យមានដំណោះស្រាយភ្លាមៗ នោះយើងថែមទាំងបានហ្វឹកហាត់លើជំនាញដោះស្រាយបញ្ហាទៀតផង។
បំពេញជីវិតឲ្យកាន់តែមានន័យ និងផលិតផលការងារល្អ ការផ្ដល់ពេលវេលាឲ្យខ្លួនឯងបានសម្រាក បានលំហែអារម្មណ៍ ទទួលយកគំនិតថ្មីៗ ប្លែកៗគឺជាជំនួយដល់ការងាររបស់យើងទៅវិញទេ។
អ្នកថាឲ្យគេថាដើរលេងអត់ប្រយោជន៍ ហើយអស់លុយទៀតនោះ នៅគិតអ៊ីចឹងទៀតអត់?
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។