UnionPay គឺជាបណ្ដាញសម្របសម្រួលការទូទាត់ប្រាក់តាមបែបអេឡិចត្រូនិច ដែលមានចេញឱ្យប្រើប្រាស់នូវកាតទាំងឥណទាន (Credit card) និង ឥណពន្ធ (Debit card) និងកាតសំខាន់ផ្សេងៗទៀត។
ក្រុមហ៊ុន UnionPay International ឬ UPI គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ China UnionPay ដែលជាសាជីវកម្មសេវាកម្មហិរញ្ញវត្ថុមានទីស្នាក់ការធំនៅទីក្រុងសៀងហៃប្រទេសចិន និងមានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១២។ កាត UnionPay ត្រូវបានទទួលស្គាល់និងអាចប្រតិបត្តិការបាននៅ ១៧៩ ប្រទេស រួមទាំងអាចប្រើសម្រាប់បញ្ជារទិញនៅតាមហាងនិងបញ្ជរទំនិញជាង ៥៩ លានកន្លែងនៅជុំវិញពិភពលោក។
តើ UnionPay ខុសគ្នាដូចម្ដេចពីកាត VISA ឬ MasterCard?
ដូចគ្នានឹង VISA និង MasterCard ដែរ UnionPay មានតួនាទីសម្រាប់ទូទាត់លុយបែបឌីជីថល គ្រាន់តែបណ្ដាញទាំង៣ខុសគ្នាត្រង់ថា បណ្ដាញមួយណាត្រូវបានទទួលប្រើប្រាស់ដោយពាណិជ្ជករ ឬប្រើបាននៅតាមទូ ATM ឬ ម៉ាស៊ីនឆូតកាត (POS or Point of Sale) ច្រើនជាងមួយណា ទាំងក្នុងប្រទេសនិងក្រៅប្រទេស។ ក្រៅពីនេះ កត្តាដែលអាចខុសគ្នាដែរនោះគឺថ្លៃសេវាដូររូបិយប័ណ្ណបរទេស និង អត្ថប្រយោជន៍ដែលអ្នកប្រើប្រាស់អាចទទួលបានពីកាតនីមួយៗនោះ។
អ្នកមានកាត UnionPay នៅប្រទេសកម្ពុជាអាចធ្វើអ្វីបានខ្លះ?
នៅប្រទេសកម្ពុជាយើង មានធនាគារ ៦ ដែលជាដៃគូសហការរបស់ UnionPay International ដែលជាអ្នកចេញឲ្យប្រើប្រាស់នូវកាត UnionPay រួមមានកាតឥណពន្ធ និង កាតឥណទាន។ ដូចបានលើកឡើងមុននេះអ៊ីចឹងថា UnionPay អាចប្រើបានតាមទូ ATM និងទូទាត់លុយចំពោះប្រតិបត្តិការ POS ឬស្កេន QR-Code នៅតាមហាងទំនិញ និងភោជនីយដ្ឋានដែលមានផ្លាកសញ្ញាទទួលការទូទាត់តាមកាត UnionPay។
ក្រៅពីនេះ អ្នកប្រើប្រាស់ UnionPay ក៏អាចទូទាត់លុយតាមបែប contactless បានផងដែរ (សម្រាប់ការទូទាត់លុយក្រោម $50ប៉ុណ្ណោះ ដោយមិនចាំបាច់វាយបញ្ចូលលេខកូដសម្ងាត់ PIN) និង អាចទទួលបានការបញ្ចុះតម្លៃផ្សេងៗរាល់ការទិញអីវ៉ាន់ទាំងក្នុងនិងក្រៅប្រទេស ទាំងតាមប្រព័ន្ធអនឡាញ ឬ នៅហាងផ្ទាល់។ ទន្ទឹមនឹងការទូទាត់បែបឌីជីថលនេះ អ្នកប្រើប្រាស់ក៏កំពុងតែសម្របខ្លួនទៅនឹងជីវិតរស់នៅដែលមិនប្រើសាច់ប្រាក់នាពេលអនាគតដ៏ខ្លី។
តាមការប្រទះឃើញជាក់ស្ដែង កាត UnionPay ត្រូវបានទទួលប្រើប្រាស់នៅតាមហាងទំនិញជាច្រើននៅស្រុកយើង ដូចជានៅ Aeon Max Value, Lucky Supermarket, ZANDO, IBC, Legend Cinema និង ហាងទំនិញផ្សេងៗជាច្រើនទៀត។
និយាយអញ្ចឹង អ្នកណាខ្លះមានកាត UnionPay នៅក្នុងដៃ? ហើយធ្លាប់មានបទពិសោធន៍អ្វីដែលអាចចែករំលែកឱ្យគ្នាយើងដឹងបានដែរឬទេ?