ដោយឃើញមានអ្នកឆ្ងល់ថា VAT និង Tax ខុសគ្នាដូចម្ដេច អញ្ចឹងថ្ងៃនេះកាក់សេននឹងលើកយកចំណុចគោលខ្លះៗអំពី VAT មកចែករំលែកឲ្យដឹងទាំងអស់គ្នា។
VAT (Value-Added Tax) រឺ អាករលើតម្លៃបន្ថែមជាអ្វី?
បើនិយាយអោយស្រួលស្ដាប់ទៅ VAT រឺ អាករលើតម្លៃបន្ថែម គឺជាពន្ធលើការចំណាយរបស់អ្នកប្រើប្រាស់ចុងក្រោយ (final consumers)។ VAT គឺជាពន្ធមួយប្រភេទដែលត្រូវគិតបន្ថែមលើតម្លៃដើមនៃផលិតផល ឬសេវាកម្មជាប់អាករ (ហៅថាការផ្គត់ផ្គង់ជាប់អាករ រឺ taxable supplies)។ VAT ត្រូវបានគណនាចាប់តាំងពីពេលទំនិញត្រូវបានផលិតរហូតទំនិញនោះដល់ដៃអតិថិជនអ្នកប្រើប្រាស់ ដែលមានអត្រា 10% នៃតម្លៃដើម។
ឧទាហរណ៍ថាអ៉ីកាក់ទិញទំនិញជាប់អាករដែលមានតម្លៃដើម $20 នោះថ្លៃ VAT គឺ $2 ស្មើនឹង 10% នៃថ្លៃដើម។ ដូចនេះ អ៉ីកាក់ត្រូវបង់ថ្លៃទំនិញសរុប $22។
ហេតុអីបានជាយើងត្រូវបង់ VAT? ហើយបង់ពេលណា ដោយរបៀបណា?
យើងត្រូវបង់ VAT គឺដោយសារតែយើងបានទិញទំនិញ ឬ ប្រើប្រាស់សេវាកម្មដែលផ្គត់ផ្គង់ដោយបុគ្គលជាប់អាករ (taxable person)។ បុគ្គលជាប់អាករមានកាតព្វកិច្ចប្រមូលពន្ធVATទាំងអស់ដែលគេបានគិតពីអតិថិជន ហើយគណនានិងកាត់កងជាមួយពន្ធVAT ដែលគេបានបង់ទៅអោយអ្នកផ្គត់ផ្គង់ដើម ពេលនាំចូលទំនិញឬសេវានោះមក ដើម្បីដឹងពីចំនួនអាករសរុបដែលត្រូវបង់ជូនរដ្ឋ។
សូមចំណាំថា បុគ្គលជាប់អាករសំដៅដល់អ្នកប្រកបអាជីវកម្មទាំងឡាយណា ដែលនាំចូលឬផ្គត់ផ្គង់ទំនិញឬសេវាជាប់អាករ និងបានចុះបញ្ជីអាករលើតម្លៃបន្ថែម (VAT-registered)។
តើទំនិញឬសេវាណាខ្លះដែលត្រូវជាប់អាករ?
ជាទូទៅ ទំនិញនិងសេវាជាប់អាករមានច្រើនប្រភេទដែលយើងបានជួបប្រទះដូចជា ទំនិញនៅតាមផ្សារទំនើប ម្ហូបអាហារនិងភេសជ្ជៈតាមភោជនីយដ្ឋានធំៗ គ្រឿងបរិក្ខារ សម្ភារអេឡិចត្រូនិច សេវាកម្មពិគ្រោះ សេវាបណ្ដុះបណ្ដាល និងសេវាកម្មផ្សេងៗដែលមិនមែនជាសេវាសាធារណៈ ដោយសារអ្នកផ្គត់ផ្គង់ទាំងនេះត្រូវបានចុះបញ្ជីអាករលើតម្លៃបន្ថែម។ ជាក់ស្ដែង ទាំងអស់គ្នាប្រហែលធ្លាប់ជួបប្រទះហើយ ឧទាហរណ៍ដូចជាពេលយើងទៅទិញទំនិញនៅផ្សារទំនើប Lucky រឺទៅញ៊ាំ Bonchon ជាដើម យើងឃើញគេគិតថ្លៃអាករ VAT 10% នៅក្នុងវិក្កយប័ត្រទំនិញ ដោយសារអាជីវកម្មទាំងពីរបានចុះបញ្ជីជាអ្នកផ្គត់ផ្គង់ជាប់អាករ។
តែបើយើងទិញទំនិញនៅតាមផ្សារទូទៅ រឺ ញ៊ាំបាយស្រូបអ៉ីជិតផ្ទះវិញ គឺមិនមានគិតថ្លៃ VATទេ ព្រោះពួកគាត់មិនបានចុះឈ្មោះជាអ្នកផ្គត់ផ្គង់ជាប់អាករឡើយ។ យ៉ាងណាមិញ ថ្លៃទំនិញឬសេវាខ្លះ ត្រូវបានគេបូកបញ្ចុលអាកររួចជាស្រេចហើយ ដោយមានបញ្ជាក់ពាក្យ “VAT Included”។
Click here to read more about: អាករពិសេសលើទំនិញនិងសេវា