ពេលខ្លះធ្លាប់លួចឆ្ងល់ថា «កាលពីប្រាក់ចំណូលនៅតិច ការចាយវាយវារៀងពិបាក ហើយមិនសូវសល់លុយកាក់ ដល់ពេលឥឡូវមានប្រាក់ចំណូលច្រើនហើយ ក៏ដូចជានៅតែមិនមានលុយសល់សោះ។ តើហេតុអ្វីទៅ?
មូលហេតុនេះមកពីចំណាយរបស់យើងចេះតែកើនឡើង រីឯការចាយវាយយើងទៀតសោត មិនមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវនៅឡើយ។ ខាងក្រោមនេះជាគន្លឹះក្នុងការកាត់បន្ថយចំណាយទាំង ៥ ដែលយើងគ្រប់គ្នាគួរដឹង និងយកទៅអនុវត្ត។
១.ពិនិត្យឡើងវិញពីឥរិយាបថចាយវាយរបស់យើង
ដើម្បីកាត់បន្ថយចំណាយបានយើងចាំបាច់ត្រូវស្គាល់ជាមុនថាមានហេតុផលអ្វីដែលធ្វើឱ្យយើងចំណាយច្រើនយ៉ាងដូច្នេះ? អ្នកអាចសង្កេតមើលការចាយវាយរបស់អ្នកថាតើអ្នកចាយវាយច្រើននៅពេលណា ទៅលើអ្វី។ ឧទាហរណ៍ដូចជា ជួនកាល យើងចាយប្រាក់ទៅតាមអារម្មណ៍របស់យើងពេលយើងមិនសប្បាយចិត្ត ស្ត្រេស ឬសប្បាយចិត្តពេលទទួលបានប្រាក់ចំណូលច្រើន បែរជាចាយវាយលុយកាក់ខ្ជះខ្ជាយ ដែលទាំងអស់នេះគេហៅថា Emotional Spending។ បើអ្នកមានទម្លាប់ចាយវាយបែបនេះ អ្នកគួរកាត់បន្ថយបន្តិចម្ដងៗហើយ។
២.រៀបចំកញ្ចប់ប្រាក់សម្រាប់ចំណាយ
ដើម្បីឱ្យការចាយវាយមានប្រសិទ្ធភាព អ្នកចាំបាច់ត្រូវតែចេះរៀបចំកញ្ចប់សាច់ប្រាក់នីមួយៗរបស់អ្នក ដូចជាប្រាក់សម្រាប់ទុកដាក់សន្សំ បង់ថ្លៃសាលា បង់ថ្លៃទឹកភ្លើង ចំណាយប្រចាំថ្ងៃ(ម្ហូបអាហារ) និងចំណាយផ្សេងៗទៀត ដែលជាតម្រូវការរបស់យើង ហើយរៀបចំសាច់ប្រាក់របស់យើងទៅតាមប្រភេទនៃចំណាយនោះ(សម្រាប់អ្នកដែលប្រើក្រដាសប្រាក់)។
#គន្លឹះ៖ យើងអាចប្រើវិធីរៀបចំសាច់ប្រាក់តាមបែប Envelope System ដោយរៀបចំសាច់ប្រាក់របស់យើងដាក់ក្នុងស្រោមសំបុត្រដាច់ដោយឡែកផ្សេងៗគ្នា ហើយស្រោមសំបុត្រនីមួយៗត្រូវសរសេរសម្គាល់ថា ទុកសម្រាប់ចាយវាយលើអ្វី ហើយមានចំនួនប៉ុន្មានដើម្បីចាយវាយក្នុងមួយថ្ងៃ មួយសប្ដាហ៍ ឬមួយខែជាដើម។
៣.តាមដានការចាយវាយ
មានផែនការចំណាយតែមួយមុខមិនគ្រប់គ្រាន់នោះទេ យើងត្រូវតែតាមដានចំណាយរបស់យើងជាប្រចាំផងដែរ ទើបយើងអាចកាត់បន្ថយចំណាយរបស់យើងបាន។ ពិតណាស់នៅពេលដែលយើងតាមដានការចាយវាយរបស់យើងជាប្រចាំ យើងនឹងអាចដឹងថាយើងចាយប្រាក់អស់ប៉ុន្មាន នៅសល់ប៉ុន្មាន យើងបានចាយតាមផែនការឬទេ។ ពេលនោះហើយយើងនឹងមិនត្រូវការដកប្រាក់សម្រាប់ការចាយបន្ថែមផ្ដេសផ្ដាសនោះទេ។
#គន្លឹះ៖ យើងអាចតាមដានចំណាយរបស់យើងបានតាមរយៈវិធីមួយចំនួនដូចជា កត់ត្រានូវរាល់ចំណាយទាំងអស់នៅក្នុងក្រដាស ប្រើ Spreadsheet ឬ Excel នៅក្នុង Computer ឬប្រើ Budgeting App ក្នុងទូរសព្ទជាដើម។ ក្រៅពីកត់ត្រា យើងក៏ត្រូវផ្ទៀងផ្ទាត់ប្រាក់ដែលនៅសល់ជាក់ស្ដែងជាមួយទិន្នន័យដែលយើងបានកត់ត្រាផងដែរ ដើម្បីធានាបានថាចំនួនលុយរបស់យើងពិតជានៅសល់ដូចទិន្នន័យបង្ហាញមែន។
៤.បង្កើតគណនីធនាគារលើសពីមួយ
ពីមុនថាចាយក្រដាសសុទ្ធមិនសល់លុយ ព្រោះឃើញលុយនៅនឹងខ្លួន ទប់ចិត្តចាយមិនបាន។ ឥឡូវនេះមានកុងធនាគារហើយ ការចាយវាយកាន់តែលែងសល់លុយកាក់។ ចុងខែមិនទាន់ ក្បាលលេខកុងធនាគារ សល់លេខពងមាន់ស្ទើរគ្រប់ខែ។ ម៉េចចឹង?
#គន្លឹះ៖ យើងអាចកាត់បន្ថយបញ្ហានេះបានដោយបង្កើតគណនីឱ្យបានច្រើនជាងមួយ ព្រោះថានៅពេលដែលយើងមានគណនីតែមួយរាល់ចំណាយទាំងអស់នឹងធ្វើប្រតិបត្តិការតែមួយកន្លែងដែលធ្វើឲ្យយើងពិបាកតាមដានថាប្រាក់ដែលយើងគ្រោងចំណាយនោះបានត្រឹមត្រូវតាមផែនការដែរឬទេ។ ការបង្កើតគណនីអាចធ្វើស្រដៀងគ្នាតាមបែប Envelope System ផងដែរដោយផ្ទេរប្រាក់ទៅគណនីផ្សេងៗគ្នាទៅតាមគោលបំណងចំណាយនីមួយៗ ហើយយើងអាចតាមដានវាជាប្រចាំបានថាការចំណាយរបស់យើងត្រឹមត្រូវដែរឬទេ។
៥.កាត់បន្ថយការប្រើប្រាស់គម្រោង ឬសេវាកម្មមិនចាំបាច់
មធ្យោបាយមួយក្នុងចំណោមមធ្យាបាយទាំងអស់ដែលអាចជួយយើងក្នុងការកាត់បន្ថយចំណាយរបស់យើងបានគឺការផ្ដាច់នូវគម្រោង (subscription) ឬសេវាកម្មទាំងឡាយណាដែលមិនចាំបាច់។ ឧទាហរណ៍ថា អ្នកមានទម្លាប់ប្រើប្រាស់សេវាកម្មបោកអ៊ុត ចឹងអ្នកអាចប្ដូរពីការបោកសម្លៀកបំពាក់ខាងក្រៅមកបោកខ្លួនឯងជាដើម។
#គន្លឹះ៖ សូមអ្នកពិនិត្យមើលតារាងចំណាយរបស់អ្នកសាឡើងវិញ បន្ទាប់មកគិតថា តើសេវាកម្ម ឬគម្រោងនោះ ពិតជាចាំបាច់សម្រាប់យើងប្រចាំថ្ងៃ ឬក្នុងរយៈពេលមួយខែមែនឬយ៉ាងណា បើមិនមែនទេដកវាចេញពីតារាងចំណាយរបស់យើង។
ទម្លាប់ចាយវាយលុយកាក់ គឺពិតជាសំខាន់ណាស់សម្រាប់យើងម្នាក់ៗ ព្រោះមិនថាអ្នកមានប្រាក់ចំណូលច្រើនក្នុងមួយខែៗយ៉ាងណាក្ដី ប្រសិនបើអ្នកពូកែតែបង្កើនប្រាក់ចំណូល តែអាចមិនគ្រប់ការចាយវាយបានទេនោះ ប្រាក់កាសរបស់អ្នកនៅតែមិនអាចសល់ដល់ចុងខែដដែលនោះឯង។ វិធីសាស្ត្រខាងលើជាគន្លឹះមួយចំនួនដ្បិតថា វាអាចនឹងពិបាកដល់អ្នកដំបូងៗ ប្រសិនបើអ្នកមានទម្លាប់ចាយវាយលុយកាក់ច្រើន ប៉ុន្តែអ្វីគ្រប់យ៉ាងកើតពីទម្លាប់ យូរៗទៅយើងមុខជាមានទម្លាប់គ្រប់គ្រងការចាយវាយបានជាមិនខាន៕