ហេតុអ្វីបានជាយើងចាំបាច់ត្រូវរីកចម្រើនជាប្រចាំ? មិនចាំបាច់មើលឆ្ងាយទេ តែទូរស័ព្ទ និងកុំព្យូទ័រក៏មានកម្មវិធីសំអាត និងកម្ចាត់វីរុសដើម្បីឲ្យម៉ាស៊ីនដំណើរការប្រសើរជាងមុន។ ចុះទម្រាំយើងខ្លួនឯង? ម៉េចមិនធ្វើឲ្យខ្លួនឯងថ្ងៃនេះប្រសើរជាងខ្លួនឯងម្សិលមិញ? គួរចាប់ផ្ដើមអភិវឌ្ឍខ្លួនឯងដោយរបៀបណា?
១.កំណត់គោលដៅ ឬក្ដីស្រមៃច្បាស់លាស់
យើងអាចចាប់ផ្ដើមសួរខ្លួនឯងថា តើអ្នកចង់បានអ្វី ឬចង់ធ្វើអ្វីនៅ២ឆ្នាំ ៥ឆ្នាំ ១០ឆ្នាំខាងមុខ។ គោលដៅ ឬក្ដីស្រមៃផ្ដល់មកយើងនូវថាមពលផ្លូវកាយ និងផ្លូវចិត្តក្នុងការរស់នៅ។ ពេលយើងមានគោលដៅដែលចង់សម្រេច យើងមានការអភិវឌ្ឍ និងការខំខិតប្រឹងប្រែងឆ្ពោះទៅមុន។
២.រៀបចំ និងអនុវត្តផែនការ
ការរៀបចំផែនការ អាចជួយឲ្យយើងដឹងថាខ្លួនឯងត្រូវធ្វើអ្វី និងចៀសវាងការបាត់បង់ខ្លួនឯងក្នុងចំនុចណាមួយ។ បន្ទាប់មក យើងគួរបែងចែកពេលវេលាឲ្យបានត្រឹមត្រូវ ពិនិត្យមើលផែនការជាប្រចាំ កែតម្រូវ និងអនុវត្តដើម្បីធានាថាអ្វីៗដំណើរការដូចការគ្រោងទុក។
៣.បង្កើតទម្លាប់ល្អៗជាប្រចាំ
បង្កើនទម្លាប់ដែលជាជំនួយដល់ការគិត និងរាងកាយ។ ទម្លាប់ក្រោកពីព្រលឹម ធ្វើលំហាត់ប្រាណ ស្ដាប់ព័ត៌មានឬPodcast ញ៉ាំអាហារឲ្យបានទៀងពេល ការអានសៀវភៅអភិវឌ្ឍន៍ផ្សេងៗ និងជួបជជែក ចែករំលែកពីរៀមច្បងដែលមានបទពិសោធន៍ល្អៗនាពេលទំនេរ។ល។ យើងអាចចាប់ផ្ដើមមួយថ្ងៃបន្តិចៗរហូតក្លាយជាទម្លាប់ប្រចាំថ្ងៃ។
៤.តាមដានព័ត៌មាន និងការវិវឌ្ឍន៍របស់ពិភពលោកជាប្រចាំ
ពិភពលោកវិវឌ្ឍទៅមុខជានិច្ច យើងគួរតែដឹងពីព្រឹត្តិការណ៍កើតឡើងជុំវិញសកលលោក។ ជារៀងរាល់ថ្ងៃ មានដំណឹង ឬខ្លឹមសារថ្មីៗ មានប្រយោជន៍ដែលយើងអាចយកមកប្រើប្រាស់ក្នុងការងារ និងជីវភាពប្រចាំថ្ងៃបាន។ បើយើងតាមដានព័ត៌មានជាប់ជាប្រចាំ វាធ្វើឲ្យយើងទទួលបានចំណេះដឹងដោយមិនដឹងខ្លួន។
៥.រាប់អានមិត្តភក្ដិដែលចង់អភិវឌ្ឍខ្លួនដូចគ្នា
មនុស្សជុំវិញខ្លួនក៏ជារឿងសំខាន់ក្នុងការអភិវឌ្ឍខ្លួនឲ្យប្រសើរដែរ។ រាប់អានមិត្តភក្ដិដែលចង់រីកចម្រើនដូចគ្នា បង្កើតថាមពលវិជ្ជមានដល់ការគិតរបស់យើង។ មិត្តភក្ដិស្មោះត្រង់ មិត្តភក្ដិល្អ ដែលចង់ឃើញយើងរីកចម្រើន នឹងជួយលើកទឹកចិត្តពេលនឿយហត់ និងជួយរំឭកពេលយើងធ្វេសប្រហែស។
៦.កុំភ្លេចសាកថ្មជីវិត
យើងមិនមែនម៉ាស៊ីនទេ ត្រូវការសម្រាកដូចគ្នា។ កុំភ្លេចការគេងគ្រប់គ្រាន់ ការហូបចុកបានគ្រប់គ្រាន់ និងដកឃ្លាពីការងារនៅចុងសប្ដាហ៍ ដើម្បីលំហែចិត្តកាយ និងធ្វើអ្វីដែលយើងចូលចិត្ត។ ការសម្រាកក៏ជួយដល់ការគិតឲ្យប្រសើរជាងមុន និងមានកម្លាំងចិត្តបន្តទៅមុខ។
មានតែសាមីខ្លួនទេដែលអាចកែខ្លួនឯងឲ្យកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ គួរចាប់ពីថ្ងៃនេះក្នុងការអភិវឌ្ឍខ្លួនឯង និងកំណត់ផ្លូវជីវិតដែលច្បាស់លាស់មួយ។ នោះជីវិតយើងនឹងគ្មានការធុញទ្រាន់ ហើយយើងនឹងបន្តរីកចម្រើនជាប់ជានិច្ច៕
ឯកសារយោង៖
The Beginner’s Guide to Continuous Self-Improvement
Five Millionaire Habits That Changed My Life:
Forget About Setting Goals. Focus on This Instead
Click here to read more about : 10 Vital Steps Toward Personal Growth And Development
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។