អាជីវកម្ម Franchise គឺនៅពេលដែលអ្នកទិញសិទ្ធិចែកចាយ ឬលក់បន្តនូវផលិតផល ឬសេវាកម្មណាមួយរបស់ម្ចាស់ដើម ឬពីអ្នកបង្កើតអាជីវកម្មនៃផលិតផលឬសេវាកម្មនោះដំបូង ដោយរក្សានូវលក្ខណៈសម្បត្តិរបស់ផលិតផល សេវាកម្ម ឬយីហោនោះឲ្យនៅដដែល។
ជាឧទាហរណ៍ ថ្មីៗនេះ យើងសង្កេតឃើញមានការផ្សព្វផ្សាយលក់ Franchise របស់ 7-Eleven ហើយបើតាមគេហទំព័រ Franchise gator បានឲ្យដឹងថា អ្នកមានបំណងចង់វិនិយោគ ឬទិញ franchise នេះទៅលក់បន្ត ត្រូវមានដើមទុនយ៉ាងតិច៥ម៉ឺនដុល្លារ និងទ្រព្យសម្បត្ថិផ្ទាល់ខ្លួនសុទ្ធប្រហែល១៥ម៉ឺនដុល្លារជាទុនបម្រុងសម្រាប់ការបើកហាង។ ក្រឡេកមកមើលអាជីវកម្ម Cafe Amazon វិញ យើងឃើញមានសាខាជាច្រើនកុះករប៉ុន្មានឆ្នាំមកនេះ។ បើយោងតាមគេហទំព័រ KB Cambodia អាជីវកម្ម Cafe Amazon ត្រូវការចំណាយទុនចំនួន១ម៉ឺន៣ពាន់ដុល្លារ សម្រាប់ការស្នើសុំ រៀបចំរចនាទីតាំងហាងរបស់ខ្លួន និងចាំបាច់ត្រូវកក់មុនថែមទៀត។ មិនតែប៉ុណ្ណោះ អ្នកទិញ Franchise នឹងត្រូវចំណាយលើថ្លៃ Royalty Fee បន្ថែមទៀតផង។
នេះបានន័យថា ការទិញ Franchise តែងត្រូវការដើមទុនច្រើនក្នុងការចាប់ផ្ដើមអាជីវកម្ម ប៉ុន្តែអ្នកដឹងទេថា ផលចំណេញដែលអាចទទួលបានក៏មានច្រើនដែរ ដូចខាងក្រោម៖
1. ជំនួយក្នុងការចាប់ផ្តើមអាជីវកម្ម៖
អ្នកទិញនឹងទទួលបានជំនួយពេលចាប់ផ្តើមអាជីវកម្ម ដូចជា ប្រភពផ្គត់ផ្គង់វត្ថុធាតុដើម ជម្រើសឧបករណ៍ប្រើប្រាស់ និងយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងអាជីវកម្មពីម្ចាស់ Franchise។ បន្ថែមពីនេះ ម្ចាស់ Franchise ក៏នឹងចែករំលែកបទពិសោធន៍ក្នុងប្រតិបត្តិការអាជីវកម្មដល់អ្នកផងដែរ ដែលអាចជាជំនួយដល់ការគ្រប់គ្រងអាជីវកម្ម ដែលផ្ទុយពីការចាប់ផ្តើមអាជីវកម្មថ្មីផ្ទាល់ខ្លួន។
2. កេរ្តិ៍ឈ្មោះម៉ាកដែលមានស្រាប់៖
អាជីវកម្ម Franchise មានភាគរយទទួលបានជោគជ័យខ្ពស់ ដោយវាមានកេរ្តិ៍ឈ្មោះល្បីល្បាញស្រាប់។ ដូចនេះវាគឺជាអត្ថប្រយោជន៍មួយសម្រាប់អ្នកដែលចង់ទិញ Franchise បន្ត ព្រោះដឹងតែមានអតិថិជនដែលបានស្គាល់ពីផលិតផល និងសេវាកម្មនោះរួចស្រេច។ លើសពីនេះ អ្នកក៏មិនចាំបាច់ត្រូវចំណាយពេលវេលា និងប្រាក់កាក់បន្ថែមច្រើនទៀត ដើម្បីផ្សព្វផ្សាយពីអាជីវកម្មនោះទេ។
3. ហានិភ័យទាប៖
ការទិញ Franchise មានហានិភ័យទាបជាងការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ដោយសារម្ចាស់ franchise មានការធានាថាផលិត ឬសេវាកម្មដែលអ្នកយកមកលក់ franchise តនេះនឹងមានតម្រូវការពីអតិថិជន។ ម៉្យាង អ្នកទិញ Franchise នឹងទទួលបានជំនួយ តាមការចែករំលែកបទពិសោធន៍អំពីភាពជោគជ័យពីបណ្ដាញ ឬដៃគូសហការរបស់ម្ចាស់ដើម។
4. មានអតិថិជនស្រាប់៖
ដូចបានលើកឡើងពីខាងលើដែរថា អាជីវកម្ម Franchise មានកេរ្តិ៍ឈ្មោះស្រាប់ ដូចនេះអ្នកមិនបាច់បារម្ភថាគ្មានអតិថិជនទុកចិត្តលើផលិតផល ឬសេវាកម្មខ្លួនទេ។ ដោយកេរ្តិ៍ឈ្មោះអាជីវកម្មល្អ និងមានអតិថិជនស្មោះត្រង់ជាមួយនឹងម៉ាកយីហោស្រាប់ មានន័យថាទោះបីជាហាងឬទីតាំងតូចយ៉ាងណា អ្នកទទួលបានការទុកចិត្តរួចជាស្រេចពីអតិថិជនស្មោះត្រង់ទាំងនោះហើយ។
អ្នកទិញ franchise បន្តអាចនឹងត្រូវចំណាយដើមទុនច្រើនមែន ព្រោះត្រូវចំណាយលើការរៀបចំ តុបតែងហាង និងវត្ថុធាតុដើមមួយចំនួនផង ហើយត្រូវប្រើពេលយូរគួរសមទើបឃើញប្រាក់ចំណេញមកវិញ។ ប៉ុន្តែពួកគេនឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតដែរ ដូចបានរៀបរាប់ខាងលើ។ យើងមើលឃើញថា អាជីវកម្ម franchise គឺនៅតែជាជម្រើសល្អមួយសម្រាប់អ្នកមានដើមទុនគ្រប់គ្រាន់ ប៉ុន្តែនៅចង់ដកពិសោធន៍ និងសិក្សាពីយុទ្ធសាស្រ្តក្នុងការចាប់ផ្តើម និងគ្រប់គ្រងអាជីវកម្មប្រភេទនេះ៕
ចុចទីនេះដើម្បីស្វែងយល់មន្ថែម គួរទិញ franchise ឬបង្កើតម៉ាកយីហោខ្លួនឯង
ឯកសារយោង
1. What does a 7-Eleven Franchise Cost? - franchise gator
2. Want to become the Cafe Amazon Franchise - KB Cambodia
3. Is Buying a Franchise Wise? - Investopedia
4. Advantages of Franchising - Franchise Group
5. Advantages and Disadvantages of Franchising - nerdwallet
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។