ចាស់ៗពីមុនចូលចិត្តដាក់លុយតាមខ្លួន ឬទុកនៅផ្ទះក្នុងទូរដែក ឬក្នុងកូនជ្រូក ដោយសារមិនមានទំនុកចិត្ត និងមិនមានការយល់ដឹងច្រើនពីការទុកប្រាក់នៅធនាគារ។ ភាគច្រើន អ្នកទុកប្រាក់ជាប់ខ្លួនគិតថាទុកសម្រាប់ការពារពេលមានអាសន្នភ្លាមៗ មានលុយនៅនឹងខ្លួនស្រាប់ មិនចាំបាច់ចំណាយពេលទៅធនាគារទើបដកប្រាក់បាន។ ប៉ុន្តែសម័យនេះទៅហើយ ការទុកលុយតាមខ្លួនលែងជាជម្រើសតែម៉្យាងទៀតហើយ។ មិនតែប៉ុណ្ណោះ ការទុកលុយជាប់ខ្លួនអាចនាំមកនូវហានិភ័យមួយចំនួនទៀតផង។
តើហានិភ័យអ្វីខ្លះ?
អសុវត្ថិភាព
ការដាក់ប្រាក់ជាប់ខ្លួនផ្ដល់នូវអសុវត្ថិភាពដោយការប្រឈមមុខនឹងការលួច ឆក់ ឬប្លន់ពីជនទុច្ចរិតមួយចំនួន រីឯយើងក៏ប្រឈមនឹងគ្រោះថ្នាក់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ក្រៅពីនេះ ការទុកលុយជាប់ខ្លួនអាចប្រឈមនឹងអសុវត្ថិភាពផ្សេងទៀតដូចជា ការបាត់បង់ដោយចៃដន្យ ឬបាត់បង់ក្នុងស្ថានភាពគ្រោះអាសន្នដូចជាភ្លើងឆេះផ្ទះជាដើម និងការត្រូវបានគេក្លែងបន្លំជាមួយលុយក្លែងក្លាយ។ល។ ផ្ទុយទៅវិញ បើយើងសន្សំ ឬ រក្សាប្រាក់ទុកនៅធនាគារ វាមានសុវត្ថិភាពជាង ដ្បិតថាបើទោះបីបាត់កាតធនាគារ ឬត្រូវបានគេលួចកាតធនាគារបាត់ យើងអាចស្នើសុំឲ្យធនាគារបិទកាត ឬបិទគណនីបណ្ដោះអាសន្នភ្លាមៗ និងអាចធ្វើកាតថ្មីមកវិញ។
ខាតការប្រាក់
ការទុកប្រាក់ជាប់ខ្លួនចោលដោយមិនធ្វើអ្វីសោះ បានន័យថា អ្នកបានខាតបង់ឱកាសទទួលបានការប្រាក់មួយចំនួនប្រសិនបើអ្នកបានរក្សាប្រាក់នោះទុកនៅធនាគារ។ ជាក់ស្ដែង បច្ចុប្បន្នមានប្រភេទគណនីសន្សំ និងគណនីបញ្ញើជាច្រើនប្រភេទនៅធនាគារ ដែលមានផ្ដល់ជូនអត្រាការប្រាក់មកឱ្យយើងវិញ។ បន្ថែមពីនេះ យើងក៏មានជម្រើសនៃគណនីសន្សំជាមួយអត្រាការប្រាក់ប្រកួតប្រជែងជាច្រើន។ តួយ៉ាងដូចជាគណនីសន្សំរបស់ ធនាគារ អ៊ូរី ដែលផ្ដល់អត្រាការប្រាក់ខ្ពស់រហូតដល់៣%ឯណោះក្នុងមួយឆ្នាំ។ ម្យ៉ាងវិញទៀត ចំពោះកាតឥណពន្ធនៃគណនីរបស់ធនាគារមួយចំនួនថែមទាំងមានផ្ដល់ជូននូវអត្ថប្រយោជន៍ផ្សេងៗដូចជាការបញ្ចុះតម្លៃ ឬ ការសន្សំពិន្ទុដើម្បីចាប់រង្វាន់នានា។
ខូចទ្រង់ទ្រាយលុយ
គ្រប់គ្នាធ្លាប់ជួបប្រទះទេ? លុយរហែក បិតស្កុត ឬលុយចាស់ ទក់ទី ដែលគេអាប់មកវិញ ឬពេលឱ្យទៅគេពេលទិញអីម្ដងៗ។
ការកាន់លុយផ្ទាល់ដៃ និងដោះដូរគ្នារាល់ថ្ងៃពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ប្រឈមនឹងការខូចទ្រង់ទ្រាយលុយដូចជាការរហែក ឬការខ្ទក់ចាស់ ដោយសារអាកាសធាតុ ឬការទុកដាក់ថែរក្សាមិនបានល្អ។ លើសពីនេះ យើងមិនត្រូវភ្លេចទេថា ក្រដាសប្រាក់មួយសន្លឹកបានឆ្លងការដោះដូរពីមនុស្សជាច្រើននាក់។ នោះយើងមិនអាចដឹងទេថាវាមានជាប់មេរោគអ្វីខ្លះទេ ជាពិសេសនៅសម័យកូវីដនេះ យើងកាន់តែត្រូវមានការប្រុងប្រយ័ត្នខ្ពស់រឿងអនាម័យនៅពេលចាប់កាន់ ឬ ប៉ះពាល់សាច់ប្រាក់។ ចំណែកឯអ្នកចូលចិត្តសន្សំលុយដាក់កូនជ្រូក ឬចងកៅស៊ូកប់ក្រោមដីដូចជំនាន់មុននោះ ក្រដាសប្រាក់រឹតតែប្រឈមនឹងការខូចខាតខ្ពស់ ឬកណ្ដៀរស៊ីក៏ថាបាន។ កុំភ្លេចថា លុយតែខូចទ្រង់ទ្រាយហើយ គឺពិបាកចាយវាយហើយ ឬអាចខាតទឹកពេលដូរលុយ។
ទោះបីការទុកលុយជាប់ខ្លួនជួយសម្រួលដល់យើងក្នុងគ្រាមានអាសន្នអន់ក្រយ៉ាងណាក៏ដោយ យើងមិនគួរដាក់លុយដែលមានទាំងអស់ជាប់ខ្លួននោះទេ។ ផ្ទុយទៅវិញ ការផ្លាស់ប្ដូរមកប្រើគណនីធនាគារក្នុងការរក្សាទុកប្រាក់អាចជួយសម្រួលទាំងសុវត្ថិភាពអ្នកប្រើប្រាស់ មិនបារម្ភពីការខូចខាតទ្រង់ទ្រាយលុយ ហើយថែមទាំងបានទទួលការប្រាក់បន្ថែមទៀត។ ម្យ៉ាងទៀត ការមានលុយក្នុងគណនីធនាគារស្រាប់ក៏អនុញ្ញាតឱ្យយើងប្រើប្រាស់មធ្យោបាយទូទាត់តាមឌីជីថលច្រើនប្រភេទ ដូចជាតាមរយៈការស្កេនQRកូដ ការឆូតកាត ឬ ការផ្ទេរប្រាក់តាមទូរស័ព្ទ ដែលមានទាំងភាពងាយស្រួល លឿនរហ័ស និងមិនបាច់ភ័យព្រួយរឿងអនាម័យផង៕
* មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការឧបត្ថម្ភដោយ Woori Bank Cambodia
© 2021 – 2022 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន