អ្នកមានក្ដីសុបិនចង់ចេញរកស៊ី ឬបើកអាជីវកម្មផ្ទាល់ខ្លួន ដឹងឬនៅថានឹងត្រូវរ៉ាប់រងចំណាយអ្វីខ្លះ ទម្រាំបានប្រាក់ចំណេញ?
គោលបំណងរបស់ម្ចាស់អាជីវកម្មទាំងអស់ មិនថាមានជាតូបលក់នៅផ្សារ ឬក្រុមហ៊ុនតូចធំយ៉ាងណា គឺសុទ្ធតែរំពឹងថា នឹងទទួលបានប្រាក់ចំណេញពីអាជីវកម្មរបស់ខ្លួនមកវិញ។ បើគិតឲ្យសាមញ្ញ ដើម្បីរកឃើញប្រាក់ចំណេញ គេប្រាកដជាត្រូវយកចំណូលសរុប ទូទាត់នឹងចំណាយសរុប។ ការចំណាយធំៗដែលចាំបាច់ក្នុងអាជីវកម្មមានដូចជា ឈ្នួលផ្ទះ ឬអគារ ការចំណាយលើវត្ថុធាតុដើម ប្រាក់ខែបុគ្គលិក និងចំណាយលើទឹក ភ្លើង និងអ៊ីនធើណេតជាដើម។
ប៉ុន្តែបើលម្អិតទៅ នៅមានចំណាយមួយចំនួនទៀតដែលនៅត្រូវរួមបញ្ចូលចំណាយសរុប មុនទូទាត់រកប្រាក់ចំណេញ។
តើចំណាយផ្សេងៗទៀតនេះមានអ្វីខ្លះ? ខាងក្រោមនេះគឺការចំណាយមួយចំនួនដែលអាជីវករគួររួមបញ្ចូលក្នុងការទូទាត់ចំណាយសរុប។
១. ចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្ម
ការផ្សព្វផ្សាយពាណិជ្ជកម្មគឺជាផ្នែកមួយដើម្បីឲ្យអតិថិជនអាចស្គាល់ពីផលិតផល និងសេវាកម្មរបស់អ្នកកាន់តែច្បាស់មួយកម្រិតទៀត។ ចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្មរួមមានដូចជាថ្លៃសេវាលើប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាអ្នកតំណាងផ្សព្វផ្សាយ។ល។
២. ចំណាយលើពន្ធអាករ
មានអាជីវកម្ម ទទួលបានចំណូល ចាំបាច់ត្រូវបំពេញកាតព្វកិច្ច ត្រូវបង់ពន្ធ និងអាករទៅតាមការកំណត់ដោយច្បាប់ និងបទបញ្ញត្តិនានា។ ចំណាយប្រភេទនេះអាចកើតមានជារៀងរាល់ខែ ឬរៀងរាល់ឆ្នាំទៅតាមប្រភេទពន្ធ និងអាករនានា។
៣. ការជួសជុលសម្ភារៈ ឬឧបករណ៍ប្រើប្រាស់
ចំណាយប្រភេទនេះសំដៅដល់ថ្លៃសេវាជួសជុល ឬថែទាំនានា ដែលមានតម្រូវការក្នុងប្រតិបត្តិការអាជីវកម្មនាពេលមួយ ដូចជា ការខូចខាត ឬបម្លាស់ប្តូរផ្នែកណាមួយនៃសម្ភារៈ ឬឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃក្នុងអាជីវកម្ម មិនថាទ្វារ បង្អួច កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិចផ្សេងៗក៏ដោយ។
៤. ការប្រាក់លើប្រាក់កម្ចី
ចំពោះអាជីវកម្មដែលបានខ្ចីប្រាក់ពីធនាគារ ឬស្ថាប័នហិរញ្ញវត្ថុជាដើមទុន យកមកប្រើប្រាស់ក្នុងការដំណើរអាជីវកម្ម ឬពង្រីកអាជីវកម្ម ការប្រាក់ដែលត្រូវបង់ឲ្យទៅធនាគារឬស្ថាប័នហិរញ្ញវត្ថុនោះ ក៏ត្រូវរាប់បញ្ចូលទៅក្នុងចំណាយសរុបដែរ ដែលចំណាយប្រភេទនេះជាទូទៅត្រូវទូទាត់ជារៀងរាល់ខែ។
យ៉ាងណាមិញ ខាងលើនេះ គឺជាចំណាយមួយចំនួនដែលម្ចាស់អាជីវកម្មតែងជួបប្រទះ និងមិនសូវជាត្រូវបានគេលើកមកនិយាយញឺកញយនោះទេ។ ក្រៅពីនេះ នៅមានចំណាយតូចៗផ្សេងទៀតដែលនឹងត្រូវរាប់បញ្ចូលក្នុងការទូទាត់ចំណូល-ចំណាយ និងប្រាក់ចំណេញរបស់អាជីវកម្ម ដើម្បីទទួលបានសុក្រិតភាពនៃចំនួនប្រាក់ចំណេញសុទ្ធរបស់អាជីកម្មមួយៗ។
បើប្រិយមិត្តពេញចិត្តអត្ថបទនេះ កុំភ្លេចចែករំលែកបន្តឲ្យមិត្តភក្ដិរបស់អ្នកបានស្វែងយល់ដែរណា៎ 😉
Click here to read about: Credit Guarantee Mechanisms and Benefits for Banks, MFIs and Businesses
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។