ការជួញដូររូបិយបណ្ណអន្តរជាតិ ដែលគេស្គាល់ថាជា Foreign Exchange (Forex) គឺជាការជួញដូរ រវាងតម្លៃហាងឆេងនៃរូបិយបណ្ណប្រទេសមួយនឹងប្រទេសមួយទៀត ដែលភាគច្រើនមានដូចជា ដុល្លារអាមេរិក($) ដុល្លារអូស្ត្រាលី ផោន(£) យូរ៉ូ(€) លុយយេន(¥) ជាដើម។ ទីផ្សារមួយនេះមានលក្ខណ:ធំទូលាយ និងជាវិមជ្ឈការ មិនត្រូវបានគ្រប់គ្រងតម្លៃដោយអ្នកណានោះទេ ពោលគឺតម្លៃរបស់ហាងឆេងឡើងចុះទៅតាមបរិមាណតម្រូវការនិងការផ្គត់ផ្គង់។
មូលហេតុដែលមានទីផ្សារជួញដូរនេះ ដោយសារតែមានការនាំចេញនាំចូល ទាំងទំនិញនិងសេវាកម្ម ពីប្រទេសមួយទៅប្រទេសមួយដែលមានរូបិយបណ្ណខុសគ្នា។
ឧទាហរណ៍ថា អ្នកមានដុល្លារអាមេរិក $1000 អ្នកចង់ប្តូរទៅជាប្រាក់រៀលទុក ក្នុងអត្រាប្ដូរប្រាក់ 4050៛ = $1 នោះអ្នកនឹងទទួលបាន 4,050,000៛។ ប៉ុន្តែស្រាប់តែ ៥ថ្ងៃក្រោយ ហាងឆេងប្រែប្រួលមកនៅត្រឹម 4030៛ = $1។ បើអ្នកទិញដុល្លារចូលវិញ អ្នកនឺងត្រូវចំណាយត្រឺមតែ 4,030,000៛ ប៉ុណ្ណោះដើម្បីប្ដូរយក $1000។ ដូច្នេះ អ្នកនឹងចំណេញបាន 20,000៛ ពីការជួញដូរនេះ។
នេះជារូបភាពនៃការជួញដូររូបិយបណ្ណសាមញ្ញមួយដែលយើងគ្រប់គ្នាបានជួបជារៀលរាល់ថ្ងៃ ប៉ុន្តែ Forex អាចនឹងមានភាពស្មុគស្មាញជាងនេះបន្តិច ត្រង់ថាយើងអាចលេងវាតាមប្រព័ន្ធ Online ក្នុងទីផ្សារជាអន្តរជាតិ ដោយមិនចាំបាច់យកសាច់ប្រាក់ផ្ទាល់ទៅទិញលក់ភ្លាមៗច្រើនដងនោះទេ។ យើងត្រូវការរក ឈ្មួញកណ្តាលដើម្បីជួយបើកគណនីឲ្យ និងលេងឲ្យយើងផងដែរ។ វាបើកឲ្យជួញដូរ 24ម៉ោង/ថ្ងៃ និង 5ថ្ងៃ/សប្តាហ៍៕
ដើម្បីចំណេញច្រើន អ្នកលេង Forex ត្រូវមានការរវាសក្នុងការសម្រេចចិត្ត ទិញលក់ភ្លាមៗ ក្នុងរយ:ពេលដ៏ខ្លី ត្រឹម 1ម៉ោង 10នាទី ឬ 1នាទីប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ Forex ក៏ត្រូវបានគេកំណត់ថាជាការជួញដូរដែលមានហានិភ័យខ្ពស់ បើប្រៀបធៀបទៅនឺងប្រភេទផ្សេងទៀតដូចជា ភាគហ៊ុន សញ្ញាបណ្ណ អចលនទ្រព្យ មាស ។ល។ អ្នកត្រូវការចំណេះដឹងពីវិស័យមួយនេះគួរសម ដើម្បីអាចឲ្យអ្នកជួញដូរអាចឈានជើងចូលលេងបាន ព្រោះវាបង្កនូវការខាតបង់លឿន បើយើងមិនយល់ច្បាស់ពីការប៉ាន់ស្មានការឡើងចុះរបស់វា។
រីឯនៅបញ្ចឹមប្រទេសវិញ គេឃើញថាការជួញដូរប្រភេទនេះ មានការពេញនិយមណាស់ ជាពិសេស ដោយសារតែបទពិសោធន៍ និងភាពវ័យឆ្លាត ឈ្មួញដែលជួញដូរForex មួយចំនួនបានទទួលផលចំណេញយ៉ាងច្រើន ប៉ុន្តែសម្រាប់ប្រទេសយើងសព្វថ្ងៃ ការយល់ដឹងពី Forex ហាក់មិនទាន់មានភាពទូលំទូលាយនៅឡើយទេ ដែលអាចមើលឃើញថាមានគ្រោះថ្នាក់ខ្ពស់។ ដូចនេះ គួរលេងឬអត់ វាអាស្រ័យទៅលើការទ្រាំទ្រនឹងហានិភ័យ និងមហិច្ចតាចង់ចំណេញរបស់អ្នកលេង។
យ៉ាងណាមិញ សម្រាប់អ្នកដែលចង់ប្រឡូកក្នុងការជួញដូរនេះ អ្នកអាចរៀនលេងក្នុងគណនីដែលមិនតម្រូវឲ្យដាក់ប្រាក់ពិត (Demo Account) បន្តិចៗសិនឬអ្នកអាចយកលុយទៅឲ្យក្រុមហ៊ុនឈ្មួញកណ្តាលជួញដូរជំនួស ដោយគ្រាន់តែរង់ចាំប្រាក់ចំណេញពីការលេងរបស់គេ រហូតដល់អ្នកយល់ដឹងពីនិន្នាការ និងស្ថានភាពរបស់វាសិន សឹមចាប់ផ្ដើមជួញដូរដោយខ្លួនឯងក៏បាន៕