កាលពីថ្ងៃទី 11.11 មានហាងជាច្រើនមានដាក់លក់ជាមួយការបញ្ចុះតម្លៃជាច្រើន។ អេដមីនទាយថាមានអ្នកខ្លះអនុវត្ត Impulse buying ។ តើអ្នកដឹងទេថា Impulse buying ជាអ្វី? ចាំអេដមីនប្រាប់។ Impulse Buying គឺជាការទិញទំនិញដោយមិនបានព្រៀងទុកជាមុន។ និយាយជារួម ទម្លាប់ទិញទំនិញមិនបានគ្រោងទុក ហេីយទំនិញភាគច្រេីនជាទំនិញមិនចាំបាច់។
១. ទិញទំនិញតាមអារម្មណ៍
រាល់ពេលអ្នកប្រទះឃើញទំនិញអ្វីមួយដែលទាក់ទាញចិត្ត គួបផ្សំនឹងថ្វីមាត់អ្នកលក់ផង អ្នកនឹងមានអារម្មណ៍ចង់បានមួយឆាវនោះ ហើយក៏មិនរុញរាក្នុងចិត្តដែរ។ ពេលខ្លះទៀត អ្នកបានរៀបចំផែនការក្នុងការចំណាយដែរ តែមិនបានអនុវត្តខ្ជាប់ខ្ជួន ដូចជាពេលបើកទូរស័ព្ទឃើញគេបញ្ចុះតម្លៃមានទិញ១ថែម១ មាន freeសេវាដឹកជញ្ជូន ឬដោយគិតថាទំនិញទាំងនោះមិនងាយបញ្ចុះតម្លៃបែបនេះផង ទើបសម្រេចចិត្តទិញ ទោះបីមិនមានផែនការថានឹងទិញសោះ ។
២.ទិញទំនិញមិនចាំបាច់
ករណីនេះអ្នកមិនបានបែងចែកដាច់រវាងទំនិញចាំបាច់និងមិនចាំបាច់ហើយអ្នកចំណាយច្រើនរួមទាំងខុសគោលដៅផង។ ឧទាហរណ៍ អ្នកកំពុងប្រើទូរស័ព្ទ Iphone 12 ឆ្នាំមុនហើយ វានៅដំណើរការបានធម្មតា។ ស្រាប់តែពេលអ្នកបានឃើញគេផ្សព្វផ្សាយ Iphone 13 កំពុងចេញម៉ូតថ្មី មានការរចនាទាក់ទាញផង អ្នកក៏ចង់ទិញម៉ូតថ្មី ដូរម៉ូតចាស់ចេញ ទាំងដែលវាមិនចាំបាច់ព្រោះទូរស័ព្ទចាស់នៅប្រើបានសោះ។
កាលណាអ្នកចាយលើសកម្រិត ឬក៏ចាយលើអ្វីដែលមិនបានព្រាងទុកមុន វាមានហេតុផលសំខាន់ៗពីរ ដែលលោកអ្នកគួរតែជៀសវាងពីវា៖
១. ប៉ះពាល់ហិរញ្ញវត្ថុ
ពិតណាស់ ទម្លាប់នៃការចាយវាយខ្ជះខ្ជាយធ្វេីអេាយប៉ះពាល់ហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក។ វាបណ្ដាលឱ្យប្រាក់ខំសន្សំ របស់អ្នកដែលទុកសម្រាប់ពេលចូលនិវត្តន៍ ប្រាក់សន្សំទុកឲកូន និងប្រាក់សន្សំសម្រាប់ផែនការផ្សេងទៀតត្រូវបានចាយទៅ តាមតែចំណង់របស់ខ្លួន។ ពេលអនាគត បើមានបញ្ហាហើយអ្នកមិនមានលុយដើម្បីដោះស្រាយបញ្ហាទេនោះ អ្នកអាចត្រូវបង្ខំចិត្តខ្ចីប្រាក់ពីអ្នកដទៃ ។ល។
២. របស់គ្មានប្រយោជន៍នៅពេញផ្ទះ
វាច្រើនតែកើតឡើងនៅពេលទិញទំនិញតាមអនឡាញព្រោះអ្នកមិនបានឃើញផ្ទាល់ពីរូបរាងពិតប្រាកដនិងមិនបានពិនិត្យមើលគុណភាពទំនិញបានម៉ត់ចត់ ឬបានត្រឹមតែឃើញតាមអេក្រង់ទូរស័ព្ទស្ដាប់ អ្នកលក់ផ្សព្វផ្សាយដើម្បីទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ។ បើយើងទិញរបស់ទុកដាក់ក្នុងផ្ទះ ជារបស់មិនចាំបាច់ហេីយគុណភាពទំនិញក៏មិនល្អ យូរៗទៅវានាំតែធ្វើឱ្យផ្ទះចង្អៀតណែន ឯការ រស់នៅក៏មានភាពធុញថប់។
បើសិនជាអ្នកអាចកាត់បន្ថយទម្លាប់ Impulse Buyingបន្តិចម្ដងៗរហូតដល់អាចជៀសផុតពីវាទាំងស្រុង នោះលុយរបស់អ្នកក៏នៅបានយូរជាងមុន ហើយអ្នកអាចមានប្រាក់សន្សំកាន់តែច្រើនដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុនៅថ្ងៃខាងមុខ៕
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។