NFTs? តើ Non-fungible Tokens ហ្នឹងជាអ្វីទៅ? មួយរយៈនេះឃើញគេលើកឡើងច្រើនទាំងក្នុងបណ្ដាញសង្គម និងយូធូប។ ជាពិសេស អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ គេអាចលក់រូបភាព ឬសិល្បៈផ្សេងៗ នៅក្នុងទីផ្សារ NFTs ក្នុងតម្លៃខ្ពស់ដែលមិនគួរឱ្យជឿ។ ឧទាហរណ៍រូបភាព Disaster girl ដែលលក់បានតម្លៃរហូតដល់៥សែនដុល្លារជាដើម។
NFTs សម្ដៅលើវត្ថុឌីជីថលដែលមានតែមួយគត់ ហើយមិនអាចជំនួសបានដោយវត្ថុផ្សេងទៀតឡើយ។ NFTs អាចជាសិល្បៈក្នុងទម្រង់ឌីជីថល រូបភាពឌីជីថល អាចជារូបភាពសារ Tweeter ដំបូងបំផុត មានតែមួយគត់ វីដេអូ GIF ឬរូបភាពបែបចំអកផ្សេងៗ (meme)។ Fungible token មានន័យថាជា token មានតម្លៃដូចគ្នានិងមិនមានតែមួយ។ ផ្ទុយទៅវិញ Non-fungible token អ្នកមិនអាចដោះដូរគ្នាបានទេ ព្រោះ token នីមួយៗមានលក្ខណៈសម្បត្តិដោយឡែករៀងខ្លួន (unique) ហើយ token នីមួយៗមានតម្លៃខុសៗគ្នា។ មូលហេតុដែលធ្វើឱ្យ NFTs មានតម្លៃថ្លៃ គឺដោយសារវាមានតែមួយ ទិញដូរពីម្ចាស់កម្មសិទ្ធិដោយផ្ទាល់ហើយវាត្រូវបានទិញដូរដោយការដេញថ្លៃ។ បើនិយាយឱ្យកាន់តែងាយយល់ វាប្រៀបបាននឹងការដេញថ្លៃផ្ទាំងគំនូរមួយផ្ទាំងដែលអ្នកហ៊ានឱ្យតម្លៃខ្ពស់ដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិ គ្រាន់តែ NFTs មានទម្រង់ជាឌីជីថលហើយប្រើ Cryptocurrency ដើម្បីទិញលក់ ជាជាងការប្រើរូបិយប័ណ្ណជាក់ស្ដែង។
ម្ចាស់កម្មសិទ្ធិរបស់ NFT នីមួយៗអាចដាក់ស្នាដៃរបស់ខ្លួនឱ្យគេដេញថ្លៃទិញរហូតឈានដល់ការព្រមព្រៀងតម្លៃមួយដែលគេសម្រេចចិត្តថាលក់។ កិច្ចសន្យាឌីជីថលមួយនឹងត្រូវបានធ្វើឡើងរវាងអ្នកលក់ និងអ្នកទិញ ដើម្បីផ្ទេរកម្មសិទ្ធិធ្វើជាម្ចាស់ NTFs។ ភាពជាម្ចាស់កម្មសិទ្ធិ NTFs ត្រូវបានកត់ត្រាទុកនៅក្នុងប្រព័ន្ធ Blockchain។ វាមានសុវត្ថិភាពខ្ពស់ហើយមិនអាចក្លែងបន្លំបានដោយងាយឡើយ។
ទីផ្សារ NFTs ដែលពេញនិយមក្នុងពេលបច្ចុប្បន្នរួមមាន OpenSea, Rarible, Grimes’ choice, Nifty Gateway, VeVe និងទីផ្សារឌីជីថលផ្សេងៗទៀតជាច្រើន។
អ្នកទិញ NFT នីមួយៗអាចមានមូលហេតុខុសៗគ្នា។ អ្នកខ្លះទិញដោយសារចូលចិត្តប្រមូលវត្ថុសិល្បៈ ទុក(Collection) ហើយអ្នកខ្លះទៀតទិញទុកឱ្យឡើងថ្លៃរួចលក់បន្តយកចំណេញ។ ប៉ុន្តែពេលខ្លះក៏ មានខាតបង់ ពេលដែលតម្លៃNFTនោះធ្លាក់ចុះដែរ។ ការជួយដូរ NFTs ត្រូវបានគេមើលឃើញថាជាឱកាស សម្រាប់ជួញដូររកប្រាក់ចំណេញសម្រាប់បុគ្គលមួយចំនួន។ ទន្ទឹមនឹងនេះ ការជួញដូរ NFTs ក៏មានហានិភ័យរបស់វាដែរ។ ដោយសារតម្លៃខ្ពស់ និងភាពពេញនិយមខ្លាំងរបស់ NFTs ជនខិលខូចមួយចំនួនបានឆ្លៀតឱកាសនេះក្លែងបន្លំលក់ NFTs ដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន ដោយក្លែងបន្លំជាគណនីរបស់សិល្បករល្បីៗ។ ម្យ៉ាងទៀត NFTs ដែលអ្នកទិញក្នុងគោលបំណងលក់យកចំណេញ អាចនឹងធ្លាក់តម្លៃ បណ្ដាលឱ្យអ្នកខាតបង់ផងដែរ។
អត្ថបទនេះមានគោលបំណងចែករំលែកការយល់ដឹងខ្លះៗអំពីទីផ្សារ NFTs ប៉ុណ្ណោះ។ ដូចគ្នានឹងការជួញដូរ Cryptocurrency ដែរ មុខនឹងចូលក្នុងការជួញដូរអ្នកមានការស្វែងយល់ច្បាស់លាស់ពីទីផ្សារជួញដូរ NFTs និងមានចំណេះដឹងពាក់ព័ន្ធនឹងហិរញ្ញវត្ថុផងដែរ បើមិនដូច្នោះទេ ការចូលរួមជួញដូរទាំងប្រថុយប្រថានអាចប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់អ្នក៕
ចុចទីនេះដើម្បីស្វែងយល់បន្ថែម: ៣យ៉ាងដែលអ្នកគួរដឹងពី NFTs
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។