ក្រៅពីវិនិយោគលើអចលនទ្រព្យ តើក្រុមហ៊ុនទាំងនេះធ្វើអីខ្លះទៀតទៅ?
ថ្ងៃនេះយើងនឹងមកស្វែងយល់ទាំងអស់គ្នាពីសកម្មភាពសេដ្ឋកិច្ចមួយចំនួនដែលក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យមាន។ ក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យ ឬគេហៅថា Real Estate Investment Trust (REITs) គឺជាក្រុមហ៊ុនទទួលបន្ទុកវិនិយោគលើអចលនទ្រព្យ ដោយកាន់កាប់អចលនវត្ថុជាម្ចាស់កម្មសិទ្ធិ មានសិទ្ធិប្រើប្រាស់ឬមានហិរញ្ញប្បទានលើអចលនវត្ថុដែលមានតម្លៃសេដ្ឋកិច្ច (អាចបង្កើតប្រាក់ចំណូល)នៅទូទាំងវិស័យអចលនទ្រព្យគ្រប់ប្រភេទ។ ក្រុមហ៊ុនវិនិយោគអចលនទ្រព្យអាចកាន់កាប់នូវអចលនទ្រព្យជាច្រើនប្រភេទ រាប់ចាប់ពីអគារការិយាល័យ ផ្ទះល្វែង រហូតដល់ឃ្លាំង មន្ទីរពេទ្យ មជ្ឈមណ្ឌលផ្សារទំនើប សណ្ឋាគារ និងអគារពាណិជ្ជកម្មធំៗសម្រាប់កិច្ចការផ្សេងៗ។ ដេាយសារការរីកចម្រើនខ្លាំងនៃវិស័យអចលនទ្រព្យ គេអាចបែងចែកក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យជា3ប្រភេទទៀតទៅតាមសកម្មភាពសេដ្ឋកិច្ចនៃអាជីវកម្មរបស់ពួកគេគឺ៖
១. ប្រភេទដែលមានឈ្មោះជាម្ចាស់កម្មសិទ្ធិនិងបង្កើតចំណូលពីអចលនទ្រព្យ
ក្រុមហ៊ុនវិនិយោគអចលនទ្រព្យប្រភេទនេះ រក្សាសិទ្ធិជាម្ចាស់ទ្រព្យ។ បានន័យថាពួកគេមានសិទ្ធិរក្សានិងគ្រប់គ្រងនូវរាល់ប្រាក់ចំណូលដែលរកបានពីការជួលឬប្រតិបត្តិការផ្សេងៗលើអចលនទ្រព្យពួកគេ។ ចំណុចដែលគួរឱ្យកត់សម្គាល់នោះគឺ រាល់អចលនទ្រព្យដែលស្ថិតនៅក្រោមប្រភេទក្រុមហ៊ុនជាម្ចាស់កម្មសិទ្ធិនេះ ពួកគេច្រើនតែទទួលបានប្រាក់ចំណូលពីការជួល មិនមែនដោយការលក់ចេញនោះទេ។
២. ប្រភេទទទួលបញ្ចាំ
ក្រុមហ៊ុនវិនិយោគអចលនទ្រព្យប្រភេទនេះផ្ដល់ហិរញ្ញប្បទានក្នុងរូបភាពជាកម្ចីដល់ម្ចាស់អចលនទ្រព្យ ឬប្រតិបត្តិករអចលនទ្រព្យណាដែលចង់លក់ ឬត្រូវការវិនិយោគពីអចលនទ្រព្យ ដោយទទួលយកអចលនទ្រព្យនោះមកជាទ្រព្យបញ្ចាំ។ ការរកប្រាក់ចំណូលរបស់ក្រុមហ៊ុនប្រភេទនេះគឺបានមកពីការប្រាក់នៃកម្ចីដែលពួកគេឱ្យទៅកូនបំណុលដោយឈរឈ្មោះជាម្ចាស់ទ្រព្យបញ្ចាំ ហើយពួកគេមានរក្សានូវឯកសារធានាច្បាស់លាស់ពីក្រុមហ៊ុនដើម្បីរក្សាទំនុកចិត្តអ្នកដែលខ្ចី។
៣. ប្រភេទកូនកាត់
ក្រុមហ៊ុនអចលនទ្រព្យប្រភេទនេះប្រើវិធី២ចូលគ្នាគឺ ជាម្ចាស់កម្មសិទ្ធិផងនិងទទួលបញ្ចាំផង។ វាបង្កភាពងាយស្រួលដល់ក្រុមហ៊ុននៅក្នុងការផ្ដល់សេវាកម្មដល់អតិថិជនទាំងអ្នកវិនិយោគទុននិងភ្ញៀវធម្មតា។ នៅពេលដែលមានអតិថិជនត្រូវការសេវាកម្មជួល ឬដាក់បញ្ចាំអចលនទ្រព្យ ពួកគេមានធនធានគ្រប់គ្រាន់នៅក្នុងផ្នែកអចលនទ្រព្យ។
ក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យ ឬ REITS មួយចំនួន គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីលក់ភាគហ៊ុននៅលើផ្សារហ៊ុន។ ដូចនេះ វិនិយោគិនដែលមានចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យអចលនទ្រព្យដោយមិនចាំបាច់បញ្ចេញសកម្មភាពសកម្មផ្ទាល់ខ្លួន អាចបណ្ដាក់ទុនវិនិយោគជាការទិញភាគហ៊ុនរបស់ក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យ ឬ REITS វិញ ហើយផលចំណេញដែលអាចទទួលបានគឺក្នុងទម្រង់ជាភាគលាភ។ ជាក់ស្ដែងនៅប្រទេសអាមេរិក REITs ធំៗមួយចំនួនមានដូចជា American Tower, Crown Castle, Prologis, Simon Property Group, Equinix។ល។ចំពោះវិនិយោគិនបុគ្គលវិនិយោគលើក្រុមហ៊ុន វិនិយោគអចលនទ្រព្យបែបនេះមានភាពងាយស្រួលជាងទៅវិនិយោគលើអចលនទ្រព្យដោយខ្លួនឯង ដ្បិតថាក្រុមហ៊ុនប្រភេទ REITs នេះមានជំនាញ និងឯកទេសលើវិស័យអចលនទ្រព្យស្រាប់និងមានដើមទុនច្រើន។ ទោះយ៉ាងណាវិនិយោគិនគួរកត់សម្គាល់ពីហានិភ័យផ្សេងៗដែលអាចកើតមានឡើងចំពោះការវិនិយោគលើវិស័យអចលនទ្រព្យផងដែរ និងកាតព្វកិច្ចបង់ពន្ធផ្សេងទាំងលើអចលនទ្រព្យ(បើវិនិយោគផ្ទាល់) និងលើប្រាក់ភាគលាភ (បើវិនិយោគលើ REITs)។
យ៉ាងណាមិញជៀសវាងការខាតបង់ធ្ងន់ធ្ងរដោយប្រការណាមួយអ្នកវិនិយោគគួរសិក្សាពីគោលដៅវិនិយោគឱ្យបានច្រើន និងដើម្បីជៀសវាងការបង្កហានិភ័យដល់ហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក៕
ចុចទីនេះដើម្បីស្វែងយល់ន្ថែម: ប្រភេទនៃអចលនទ្រព្យទាំង៤