គូស្នេហ៍ថ្មីថ្មោង គួរធ្វើយ៉ាងណាទើបទិញគេហដ្ឋានក្នុងក្ដីស្រមៃបាន?
គេហដ្ឋានដែលស័ក្ដិសម គឺជាគេហដ្ឋានដែលសមស្របសម្រាប់ដៃគូទាំងសងខាង និងអាចបំពេញតម្រូវការសម្រាប់ពេលអនាគតបាន។ ផ្ទះដំបូងរបស់អ្នកគួរតែស្ថិតនៅក្នុងចន្លោះតម្លៃណាមួយដែលអ្នកអាចបង់រម្លស់បាន ដោយមិនប៉ះពាល់ខ្លាំងដល់តម្រូវការហិរញ្ញវត្ថុដទៃៗទៀត។ ម្យ៉ាងវិញទៀត អ្នកក៏គួរពិភាក្សាគ្នាថា អ្នកទិញផ្ទះនោះក្នុងគោលបំណងអ្វី (សម្រាប់តែស្នាក់នៅ ឬចង់បានផ្ទះដែលអាចប្រកបអាជីវកម្មបាន?)។ លើសពីនេះទៅទៀត ប្រសិនអ្នក និងដៃគូមានគម្រោងចង់បានកូន អ្នកក៏គួរមើលថា តើទីតាំងនោះមានសាលារៀន មន្ទីរពេទ្យ ផ្សារ ឬសួនកម្សាន្តនៅក្បែរដែរឬអត់។
ដើម្បីចៀសវាងភាពរកាំរកូសនៅថ្ងៃខាងមុខ ដៃគូទាំងសងខាងគួរយកប្រធានបទនេះមកដាក់លើតុ និងពិភាក្សាគ្នាឱ្យបានគ្រប់ជ្រុងជ្រោយ។ អ្នកគួរបែងចែកថាគួរចែកទំនួលខុសត្រូវហិរញ្ញវត្ថុបែបណា? គួរឱ្យភាគីម្ខាងជាអ្នករ៉ាប់រងថ្លៃបង់រម្លស់ គួរបែងចែកគ្នា៥០/៥០ គួរបែងចែកគ្នា៦០/៤០ ឬយ៉ាងណា? ក្នុងករណីដែលអាចធ្វើទៅបាន ដៃគូទាំងពីរគួរចូលរួមបង់រម្លស់ទៅតាមសមត្ថភាព ដើម្បីបង់អស់ក្នុងរយៈពេលខ្លី និងមិនចំណាយច្រើនលើការប្រាក់។ លើសពីនេះទៅទៀត ប្រសិនបើគ្រួសារអ្នកមានប្រភពចំណូលពីរ ធនាគារក៏អាចផ្ដល់ប្រាក់កម្ចីបានច្រើនជាងប្រភពចំណូលមួយដែរ។
អ្នកក៏គួរធ្វើផែនការចំណាយដែលអាចអនុវត្តជាក់ស្ដែងបាន ពោលគឺមើលថា ចំណូលក្នុងមួយខែបានប៉ុន្មាន ត្រូវចំណាយប៉ុន្មានទៅលើអ្វីខ្លះ (គិតតាំងពីការចំណាយលើអាហារ ទាំងទឹកភ្លើង ប្រាក់សម្រាប់ចំណាយលើការដើរលេង ជួបជុំ និងប្រាក់បម្រុងសម្រាប់ជួសជុស ឬសម្រាប់គ្រាអាសន្ន…)។
គួរចងចាំថា ការទិញផ្ទះជាការសម្រេចចិត្តដ៏ធំធេង និងជះឥទ្ធិពលខ្លាំងដល់ជីវិតរស់នៅរបស់អ្នក។ អ្នកមិនគួរសម្រេចចិត្តដោយប្រញ៉ាប់ប្រញ៉ាល់ ឬឆាប់ជឿពាក្យសម្ដីគេនោះឡើយ។ អ្នកអាចស្រាវជ្រាវខ្លះៗអំពីគេហដ្ឋានដែលអ្នកគ្រោងនឹងទិញ រួចពិភាក្សាជាមួយបុគ្គលដែលអ្នកអាចទុកចិត្តបាន មិនថាម្ដាយឪពុក ឬអ្នកស្គាល់គ្នាដែលមានចំណេះដឹងខាងផ្នែកនេះឡើយ។ ការពិភាក្សាជាមួយភាគីទីបី នឹងអាចជួយពង្រីកការគិត និងជួយអ្នកឱ្យមើលឃើញពីចំណុចខ្វះខាតក្នុងផែនការរបស់អ្នក និងជួយអ្នកឱ្យស្វែងរកគេហដ្ឋានក្នុងក្ដីស្រមៃឃើញ។
Click here to read about: 5 កត្តាគួរពិចារណា មុនទិញអចលនទ្រព្យលេីកដំបូង