សម្ភារនិយមសំដៅដល់ការទិញអីវ៉ាន់ ទំនិញថ្មីៗ ទំនើបៗ ស៊េរីចេញក្រោយគេ ហ៊ឺហា និងស៊ីវិល័យឱ្យទាន់តាមបច្ចុប្បន្នភាពនឹងគេ។ តែការរត់តាមសម្ភារនិយមនេះ រហូតដល់ត្រូវចំណាយលុយកាក់ច្រើន ឬលើសពីលទ្ធភាពដែលខ្លួនមាន ហើយអាចឈានដល់ធ្លាក់ខ្លួនជំពាក់បំណុលគេវ័ណ្ឌក តើជីវិតយើងនឹងទៅជាយ៉ាងណា? អ្នកខ្លះវិញ ដើម្បីតែភាពហ៊ឺហា ហ៊ានប្រព្រឹត្តអំពើល្មើស លួច ឆក់ ប្លន់ ហិង្សានានា និងបង្កជាអសន្ដិសុខសង្គមថែមទៀត។
ចុះបើយើងថយមួយជំហាន ឈប់ដេញតាមសម្ភារនិយម យើងនឹងទទួលបានអីមកវិញ?
ចៀសផុតពីអតិផរណានៃការរស់នៅ
បើយើងចូលចិត្តចាយលុយ ដេញតាមស៊េរី តាមសម្ភារនិយមនេះ វានឹងនាំឱ្យយើងជួបនូវអតិផរណានៃការរស់នៅ ឬ Lifestyle Inflation។
Lifestyle Inflation គឺនៅពេលប្រាក់ចំណូលរបស់យើងកើនជាងមុន ហើយយើងក៏ចាប់ផ្ដើមចង់បានសម្ភារទំនើបៗឱ្យទាន់សម័យកាល។ តែការចាយវាយបែបនេះនឹងនាំឱ្យយើងផុងខ្លួនធ្លាក់ក្នុងវិបត្តិបំណុលទៅវិញទេ ហើយថែមទាំងអាចរងសម្ពាធផ្លូវចិត្ត បើរកប្រាក់ចំណូលមកគឺដើម្បីតែដោះបំណុលប៉ុណ្ណោះ។
ផ្ទុយទៅវិញ បើយើងបោះបង់ចោលគំនិតរត់តាមសម្ភារនិយម យើងមិនត្រឹមតែចៀសផុតពី lifestyle inflation ទេ ហើយថែមទាំងអាចបង្វែរគោលដៅនៃការប្រើប្រាស់លុយកាក់ឱ្យបានល្អនិងត្រឹមត្រូវជាងមុន។
អាចគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនកាន់តែល្អប្រសើរ
ជំនួសឱ្យការចាយវាយលុយកាក់លើសម្ភារទំនើបៗទាន់សម័យដែលមិនប្រាកដថាយើងពិតជាត្រូវការចាំបាច់នោះ យើងអាចងាកមកគិតពីការប្រើប្រាស់លុយទៅលើការវិនិយោគ រួមមានដូចជាភាគហ៊ុន ប័ណ្ណបំណុល ឬសន្សំប្រាក់ទុករកស៊ី ដើម្បីទទួលបានប្រាក់ចំណេញមកវិញ។
ម្យ៉ាងទៀត យើងរាល់គ្នាក៏ចាំបាច់គួរតែមានប្រាក់សន្សំប្រចាំខ្លួនជាមុនសិន។ តួយ៉ាង emergency fund ឬ sinking fund និងការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគត -ល- ក្នុងគោលបំណងធានាស្ថិរភាពនិងសុខភាពហិរញ្ញវត្ថុល្អ។
គុណភាពជីវិត
តើអ្នកចង់ឱ្យគុណភាពនៃជីវិតរបស់ខ្លួនទៅជាបែបណា? ដឹងទេថា មិនចាំបាច់ទាល់តែមានសម្ភារៈទំនើបៗឡូយឆាយកប់ពពកជាកម្មសិទ្ធិរបស់ខ្លួន ទើបជីវិតរបស់យើងពោរពេញដោយសេចក្ដីសុខនិងប្រកបដោយគុណភាពល្អឥតខ្ចោះនោះទេ។ តើអ្នកយល់ស្របទេ?
សេចក្ដីសុខពិតប្រាកដ ជាក់ស្ដែងគឺអាស្រ័យទៅលើការចេះបង្កើតសុភមង្គលដោយខ្លួនឯង ចាប់ផ្ដើមពីការពេញចិត្ត រីករាយនឹងអ្វីដែលខ្លួនមានបច្ចុប្បន្ន យកចិត្តទុកដាក់នឹងមនុស្សដែលនៅជុំវិញខ្លួន ដោយមិនត្រូវការសម្ភារៈពីមជ្ឈដ្ឋានខាងក្រៅមកបំពេញក្ដីសុខ។ តួយ៉ាង ប្រសិនបើយើងខំប្រឹងរកលុយមួយថ្ងៃៗដើម្បីតែទិញសម្ភារៈចេញថ្មីរហូត ហើយមិនបានចំណាយពេលវេលាគ្រប់គ្រាន់ជាមួយគ្រួសារ សួរថា តើសុភមង្គលក្នុងគ្រួសារអាចកើតមានដោយរបៀបណា? ពឹងផ្អែកតែលើរបស់របរគ្មានជីវៈឬ?
រីករាយក្នុងចិត្ត រីករាយក្នុងជីវិត
សម័យកាលគ្មានទីបញ្ចប់ទេ។ យើងរត់តាមវាបានទាន់នៅមានកម្លាំង មានលទ្ធភាព។ ចុះពេលទៅលេងរួច? ដល់ដំណាក់កាលមួយ ការរត់ប្រណាំងនេះនឹងស្រូបយកថាមពលអ្នកអស់។ កាយក៏មិនសុខ ចិត្តក៏មិនសប្បាយ។ ទ្រព្យកាន់តែច្រើន ទុក្ខកង្វល់ក៏ច្រើនទៅតាមហ្នឹង ដ្បិតដេកភ័យព្រួយខ្លាចខូច ខ្លាចខាត បាយ់បង់ទ្រព្យសម្បត្តិដ៏មានតម្លៃ។ តែបើបង្វែរអារម្មណ៍ ការគិតពិចារណា ពេលវេលា ព្រមទាំងលុយកាក់ដែរនោះ មកផ្ដោតលើចំណុចសំខាន់ៗដទៃទៀតនៃជីវិត យើងនឹងអាចរកឃើញ ហើយជ្រើសផ្លូវដើរទៅរកជីវិតដែលរីករាយ ហើយសប្បាយចិត្ត និងមើលថែសុខភាពផ្លូវកាយបានល្អជាងមុនផង។
តិច តែច្រើន «Less is MORE»
មានន័យថា មានសម្ភារៈកាន់តែតិច សុភមង្គលក្នុងជីវិតក៏មានកាន់តែច្រើន។ គេចូលចិត្តនិយាយថា «លុយអាចទិញសុភមង្គលបាន» តែទិញបានរយៈពេលយូរប៉ុនណា? តើលុយដែលយកទៅទិញនោះ ជាលុយដែលសន្សំ ឬលុយខ្ចីគេទៅទិញ? ជីវិតសាមញ្ញ មិនដេញតាមសម្ភារនិយម ជួយឱ្យយើងទទួលបានអារម្មណ៍ថា «គ្រប់គ្រាន់» និងពេញចិត្តជាមួយអ្វីដែលខ្លួនមាន ដ្បិតថាសុភមង្គលពិតប្រាកដ ពុំមែនស្ថិតលើសម្ភារនិយមទាំងនោះឡើយ។
យើងឃើញថា បើយើងឈប់រត់តាមសម្ភារនិយម យើងនឹងចំណេញផលចំណេញច្រើន ទាំងលុយកាក់ ទាំងសុខភាពផ្លូវចិត្ត ព្រមទាំងជីវិតរបស់យើងដែរ។ សូមបញ្ជាក់ថា ការចាយលុយទៅលើសម្ភារៈទំនើបៗ មិនមែនសុទ្ធតែជាចំណាយមិនល្អគ្រប់ពេលនោះទេ ប៉ុន្ដែអ្នកគួរគោរពទៅតាមគោលការណ៍ចំបងមួយ នោះគឺការចេះបែងចែកឱ្យដាច់រវាង «តម្រូវការចាំបាច់ និង ចំណង់» ព្រោះវានឹងជួយឱ្យយើងងាយសម្រេចបានសេរីភាពហិរញ្ញវត្ថុនាពេលខាងមុខដ៏ឆាប់។
បន្ទាប់ពីអានអត្ថបទនេះរួច តើអ្នកអាចនឹងថយជើង «ឈប់រត់តាមសម្ភារនិយម» ដែរឬទេ?
អត្ថបទអានបន្ថែម៖
១. Lifestyle Inflation
២. គុណភាពនៃជីវិត | https://www.kakcent.com/quality-of-life/
ឯកសារស្រាវជ្រាវ និងដកស្រង់ចេញពី៖
១. 20 Things to Do to Improve Your Finances (thebalance.com)
២. Less (Stuff) Is More (Happiness): The Rise Of Minimalism Over Materialism - Japana Home
៣. What's behind the rise of minimalist living? - ABC News
៤. Where Materialism and Minimalism Intersect: Satisfying Our Ever-Changing Need for Stuff - Verily (verilymag.com)
៥. Materialism, Minimalism, and The Search for Happiness - Rich in What Matters
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។